ថ្លែងសារចេញពីទីក្រុងប៉េកាំងប្រទេសចិន ហើយត្រូវបានចុះផ្សាយលើគេហទំព័រក្រសួងការបរទេសចិន លោកវ៉ាង យី បានឲ្យដឹងថា ភាពរកាំរកូសនៅក្នុងទំនាក់ទំនងចិន-អាមេរិក បានឈានចូលដល់ដំណាក់កាលមួយ ដែលកំពុងមានការវិនិច្ឆ័យខុសលើផ្នែកយុទ្ធសាស្ត្រ ពីភាគីអាមេរិក។
លោក វ៉ាង យីបាននិយាយយ៉ាងដូច្នេះថា៖ ប្រសិនបើមានការប្រឈមមុខដាក់គ្នាមែន នោះចិនមិនខ្លាចឡើយ ហើយចិននិងប្រយុទ្ធរហូតដល់ទីបញ្ចប់។ លោកបន្តថា ការប្រកួតប្រជែងគ្នា គួរតែធ្វើឡើងដោយគ្មានការគំរាមកំហែង ហើយភាគីគួរតែស្វែងរកអ្វីដែលជាភាពវិជ្ជមាន។
គួរជម្រាបថា ទំនាក់ទំនងរវាងចិននិងអាមេរិក កំពុងស្ថិតក្នុងកម្រិតមួយទាប និងអាក្រក់បំផុត ក្រោយមានភាពរកាំរកូសគ្នា ក្នុងបញ្ហាជាច្រើន រាប់ចាប់តាំង ករណីប្រភពដើម កូវីដ១៩ ពាណិជ្ជកម្ម សិទ្ធិមនុស្ស និងចុងក្រោយនេះ គឺបញ្ហាចិនបង្កើនការដាក់សម្ពាធលើកោះតៃវ៉ាន់ជាដើម។
ដោយឡែក សម្រាប់ជំនួបដ៏កម្រតាមទូរស័ព្ទអស់ពេល៣ម៉ោង រវាងបុរសខ្លាំងរដ្ឋចិន លោក ស៊ី ជីនពីង និង ប្រធានាធិបតីអាមេរិក លោកចូ បៃឌិន កាលពីខែមុន ក៏មិនបានសម្រេចជាដុំកំភូន ផ្លែផ្កាអ្វីដែរ ក្រៅតែពីការព្រមាន និងប្រើប្រាស់ពាក្យសម្តីធ្ងន់ៗដាក់គ្នាទៅវិញទៅមក។
សូមបញ្ជាក់ថា វិធានការ ដែលជាការដាក់សម្ពាធមួយចុងក្រោយបំផុតមួយរបស់អាមេរិកលើរដ្ឋអំណាចក្រុងប៉េកាំង គឺនៅពេលដែលរដ្ឋសភា អាមេរិក សម្រេចអនុម័តច្បាប់ហាមឃាត់ការនាំចូលទំនិញជាច្រើនប្រភេទ ដែលមានប្រភពពីតំបន់ស៊ីនជាំងប្រទេសចិន ជាទីដែលអាមេរិកចោទប្រកាន់ក្រុងប៉េកាំងថា បានរំលោភសិទ្ធិមនុស្ស លើជនជាតិភាគតិចម៉ូស្លីមអ៊ុយហ្គ័រ និងបានបង្ខិតបង្ខំលើកម្លាំងពលកម្មផងដែរ៕