ឆ្លើយតបទៅនឹងសំណួររបស់អ្នកសារព័ត៌មាន ថាតើរដ្ឋាភិបាលចិនអាចពិចារណាបន្ធូរបន្ថយវិធានការសម្រាប់អ្នកដែលបានចាក់វ៉ាក់សាំងរួចដែរឬទេ លោក លាំង វ៉ាននៀន អតីតមន្ត្រីគណៈកម្មការសុខភាពជាតិ និងជាប្រធានក្រុមអ្នកជំនាញផ្តល់យោបល់ដល់រដ្ឋាភិបាលចិនអំពីយុទ្ធសាស្ត្រនៃមេរោគឆ្លង បានឆ្លើយតបថា ប្រសិនបើយើងក្រឡេកមើលជំងឺរាតត្បាតកូវីដ១៩ជាលក្ខណសកល វានៅតែស្ថិតក្នុងដំណាក់កាលធ្ងន់ធ្ងរនៅឡើយ និងមានភាពមិនច្បាស់លាស់ជាច្រើននៅក្នុងការវិវត្តរបស់ជំងឺនេះ។
លោក លាំង វ៉ាននៀន ព្រមានថា អ្នកចូលសម្រាកព្យាបាលនៅមន្ទីរពេទ្យ និងករណីស្លាប់ដោយសារកូវីដ១៩អូមីក្រុង បានកើនឡើងនៅក្នុងប្រទេសជាច្រើន បន្ទាប់ពីបានដកការគ្រប់គ្រងតឹងរ៉ឹងចេញវិញ។ ការនិយាយដូច្នេះរបស់មន្ត្រីក្រុងប៉េកាំង ធ្វើឡើងបន្ទាប់ពីប្រទេសជាច្រើនបានចាប់ផ្តើមបន្ធូរបន្ថយការរឹតបន្តឹងវិធានការឆ្លើយតបទៅនឹងកូវីដ១៩អូមីក្រុង ដែលមានកម្រិតឆ្លងខ្ពស់ ប៉ុន្តែមិនសូវបង្កជំងឺធ្ងន់ធ្ងរ។
មន្ត្រីជំនាញរបស់រដ្ឋាភិបាលចិនរូបនេះ បន្តព្រមានទៀតថា អូមីក្រុងនឹងក្លាយជាមេរោគបំប្លែងខ្លួនចម្បង ដែលនឹងត្រួតត្រាទូទាំងពិភពលោកជាមួយនឹងល្បឿន និងឥទ្ធិពលនៃការរីករាលដាលលឿន។ លោកបាននិយាយថា វិធានការដែលកំពុងមានស្រាប់នៅប្រទេសចិនបានកាត់បន្ថយការរីករាលដាលកូវីដ១៩ យ៉ាងមានប្រសិទ្ធភាព និងអាចធ្វើឲ្យគេគ្រប់គ្រងស្ថានការណ៍បានទាន់ពេលវេលា។
យ៉ាងណាមិញអ្នកវិភាគបានចោទសួរថា ជាមួយនឹងពលរដ្ឋដល់ទៅជាង ១ពាន់២រយលាននាក់រួចទៅហើយដែលបានចាក់វ៉ាក់សាំងរួច តើចិនចង់បន្តវិធានការដ៏តឹងរ៉ឹងនេះដល់ពេលណាទៀត ស្របពេលដែលវិធានការខាងលើ ត្រូវចំណាយប្រាក់យ៉ាងសន្ធឹកសន្ធាប់ ខណៈផលប៉ះពាល់សេដ្ឋកិច្ចក៏មានកាន់តែធំឡើងៗដែរនោះ។
ឆ្លើយតបនឹងនឹងការចោទសួរខាងលើ លោក លាំង វ៉ាននៀន អតីតមន្ត្រីគណៈកម្មការសុខភាពជាតិចិន បានអះអាងថា គោលនយោបាយនេះ គឺជាជម្រើសដែលមានប្រសិទ្ធភាពបំផុតសម្រាប់ប្រទេសចិន ជាពិសេសវាមិនបានធ្វើឲ្យប៉ះពាល់សេដ្ឋកិច្ចដូចគេនិយាយទេ ដោយសារជាក់ស្តែង កាលពីឆ្នាំ២០២១ ចិនសម្រេចបានកំណើនផលិតផលក្នុងស្រុកសរុប ឬ GDP ដល់ទៅ ៨,១%។
សូមជម្រាបថា ជាបណ្តើរៗមានប្រទេសមួយចំនួន បានចាប់ផ្តើមបន្ធូរដៃនឹងកូវីដ១៩អូមីក្រុង ក្រោយមើលឃើញពីភាពមិនសូវជាកាចសាហាវរបស់វា។ ជាក់ស្តែង ប្រទេសដូចជា អង់គ្លេស ថៃ និងដាណឺម៉ាក បានប្រកាសបន្ធូរបន្ថយការរឹតបន្តឹងរួចហើយកាលពីសប្តាហ៍មុន។ ក្នុងនោះ ប្រទេសថៃ ក្បែរខាងកម្ពុជា ក៏បានប្រកាសឲ្យអ្នកធ្វើដំណើរមកពីរបរទេសដែលបានចាក់វ៉ាក់សាំងរចួច មិនចាំបាច់ត្រូវធ្វើចត្តាលីស័កទៀតទេ ពេលចូលមកដល់ទឹកដីថៃ ដែលវិធានការនេះ នឹងផ្តើមអនុវត្តពីខែកុម្ភៈតទៅ៕