ផ្អែកតាមរបាយការណ៍ ដែលអ្នកជំនាញការសេដ្ឋកិច្ចរបស់ធនាគារពិភពលោក បានប្រកាសកាលពីថ្ងៃអង្គារ ក្រោយពេលពួកគេបានធ្វើបច្ចុប្បន្នភាពឡើងវិញ បានឲ្យដឹងថា អត្រាកំណើនសេដ្ឋកិច្ចរបស់ចិននឹងធ្លាក់ចុះពីអត្រា៤,៨% នៅក្នុងឆ្នាំ២០២៤ មកនៅត្រឹម៤,៣% នៅឆ្នាំ២០២៥ បើទោះបីជាចិន បានដាក់ចេញនូវយន្តការសេដ្ឋកិច្ចជាច្រើនមកហើយក៏ដោយចុះ។
តួលេខកំណើនសេដ្ឋកិច្ចចិន ដែលគេព្យាករណ៍ថ្មី សម្រាប់ឆ្នាំ២០២៤នេះ មានភាពប្រសើរឡើងបន្តិច ពោលគឺកើនឡើង0,៣% លើសពីអ្វីដែលធនាគារនេះបានព្យាករកាលពីអំឡុងខែមេសា កន្លងទៅ បន្ទាប់ពីទីក្រុងប៉េកាំង បានដាក់ចេញនូវវិធានការជំរុញសេដ្ឋកិច្ចថ្មីៗ ដែលអាចជួយបង្កើនទំនុកចិត្តក្នុងចំណោមវិនិយោគិន និងជំរុញឱ្យមានការប្រមូលផ្តុំឥណទាននៅទីផ្សារភាគហ៊ុន។
លោក អេឌីដ្យា ម៉ាតថូ ( Aaditya Mattoo ) អ្នកសេដ្ឋវិទូធនាគារពិភពលោកប្រចាំអាស៊ីបូព៌ា និងប៉ាស៊ីហ្វិក បាននិយាយថា គោលនយោបាយសារពើពន្ធ នៃវិធានការជំរុញសេដ្ឋកិច្ចចិននៅមិនទាន់កំណត់ច្បាស់លាស់នៅឡើយទេ ដែលធ្វើឱ្យមានការព្យាករមានភាពស្មុគស្មាញ។ សម្រាប់អ្នកជំនាញរូបនេះ ចិន ហាក់ដូចជានៅមិនទាន់អាចឆ្លើយតបនឹងសំណួរ ថាតើការជំរុញរបស់ចិនពិតជាអាចទូទាត់នឹងក្តីកង្វល់របស់អ្នកប្រើប្រាស់អំពីការធ្លាក់ចុះប្រាក់ខែ ការព្រួយបារម្ភពីការធ្លាក់ចុះនៃប្រាក់ចំណូលអចលនទ្រព្យ និងការភ័យខ្លាចនៃការអត់ការងារធ្វើបាននាឆ្នាំ២០២៥ បានដែរ ឬទេ។
ដោយឡែក លោក ហ៊ុយ សាន ( Hui Shan ) អ្នកសេដ្ឋវិទូចិននៅក្រុមហ៊ុន Goldman Sachs បានលើកឡើងថា អត្រាកំណើនសេដ្ឋកិច្ចរបស់ប្រទេសចិននៅឆ្នាំក្រោយ នឹងពឹងផ្អែកខ្លាំងលើទំហំនៃកញ្ចប់មូលនិធិជំរុញបន្ថែម និងលទ្ធផលនៃការបោះឆ្នោតប្រធានាធិបតីសហរដ្ឋអាម៉េរិក នៅខែវិច្ឆិកា ខាងមុខ៕
ដោយៈ សរ សុជាតិ