សេដ្ឋកិច្ចចិន

ការនាំចេញក្នុងខែឧសភារបស់ចិនកើនឡើង ខណៈសកម្មភាពពាណិជ្ជកម្មងើបឡើងវិញ ក្រោយបន្ធូរបន្ថយវិធានការកូវីដ១៩


ការនាំចេញរបស់ប្រទេសចិនបានស្ទុះងើបឡើងដល់ទៅតួលេខ ២ ខ្ទង់ឯណោះ នៅក្នុងខែឧសភាកន្លងមកនេះ ខណៈដែលអាជ្ញាធរមូលដ្ឋានបានបន្ធូរបន្ថយវិធានការមួយចំនួនក្នុងការទប់ស្កាត់ជំងឺកូវីដ១៩នៅទីក្រុងស៊ាងហៃ ដែលបានជួយឱ្យសកម្មភាពពាណិជ្ជកម្មរបស់មហាយក្សចិនបានងើបក្បាលឡើងវិញជាបណ្ដើរៗ។ ប៉ុន្ដែ ស្ថាប័នអន្តរជាតិធំៗ នៅតែមានព្រមានពីការព្យាករអំពីការងើបឡើងវិញយឺតនៃកំណើនសេដ្ឋកិច្ចចិននៅឆ្នាំនេះ។ នេះបើតាមការចេញផ្សាយរបស់ទីភ្នាក់ងារព័ត៌មានរ៉យទ័រ។
ការនាំចេញក្នុងខែឧសភារបស់ចិនកើនឡើង ខណៈសកម្មភាពពាណិជ្ជកម្មងើបឡើងវិញ ក្រោយបន្ធូរបន្ថយវិធានការកូវីដ១៩
ដោយ

ការនាំចេញរបស់ចិន​បានកើនឡើងក្នុងល្បឿនពីរ​ខ្ទង់​​ក្នុងខែឧសភាកន្លង​មក​នេះ​​ ដែលជាសញ្ញាវិជ្ជមាន​​មួយ ​​សម្រាប់​ប្រទេស​ដែល​មាន​​សេដ្ឋ​កិច្ច​ធំបំផុត​ទីពីរ​ក្នុង​ពិភពលោក​មួយ​នេះ​​ក្រោយ​ជួបព្យុះភ្លៀងកូវីដ១៩ខ្លាំងក្លា​នៅរយៈពេល​២ ទៅ៣ខែចុងក្រោយនេះ។ រោង​ចក្រ​ជាច្រើន​បាន​ចាប់​ផ្ដើមដំណើរការ​ឡើង​វិញ​ ហើយ​ការ​ដឹក​ជញ្ជូន​ក៏​បាន​ធូរ​ស្រាល​​ផង​ដែរ ​​បន្ទាប់ពីអាជ្ញាធរ​បាន​ដកការបិទខ្ទប់ និងបន្ធូរបន្ថយ​វិធាន​ការទប់ស្កាត់​ជំងឺ​កូវីដ១៩​​មួយ​ចំនួន​នៅទីក្រុងស៊ាងហៃ ដែលទីក្រុងដ៏សំខាន់មួយនេះ​ បានបិទខ្ទប់មកអស់រយៈពេល​ប្រហែល​២ខែ ដោយសារកូវីដ១៩រាតត្បាតខ្លាំង​​។

ការនាំចេញរបស់ចិន​ក្នុងខែឧសភាបានកើនឡើងប្រមាណ១៧% ​បើ​ធៀបនឹងរយៈពេលដូចគ្នា​កាលពីឆ្នាំមុន ​ហើយវា​ជាកំណើនខ្ពស់​បំផុត បើគិតចាប់តាំងពីខែមករាឆ្នាំនេះមក ​ពោល​គឺ​វា​​បាន​កើន​លើស​ទ្វេ​ដង​ពីការរំពឹងទុករបស់ក្រុមអ្នកវិភាគដែល​ថា ​នឹង​មាន​កំណើន​​នាំចេញត្រឹមតែ​៨%។

ទន្ទឹមនឹងនេះ ​​ការនាំចូលរបស់ចិន​ក៏បានកើនឡើងជាង ៤% ដែរ​នៅក្នុងខែឧសភា ​បើ​ធៀបនឹងរយៈ​ពេល​ដូច​គ្នា​កាល​ពី​ឆ្នាំមុន ​ដែលជាការកើនឡើងលើកដំបូងក្នុងរយៈពេល ៣ ខែ​មក​នេះ​។

ការនាំចូលក៏បាន​កើន​ឡើង​នេះ ​​បានផ្តល់នូវ​ការ​ធូរ​ស្បើយ​​ក្នុង​ចិត្ត​​​ដល់​ក្រុម​​អ្នក​បង្កើត​​គោលនយោបាយរបស់ចិន ​ខណៈ​ដែល​ពួកគេបាន​ព្យា​យាម​បង្កើត​នូវមាគ៌ា​សេដ្ឋកិច្ច ដើម្បី​ចាកចេញពីផលប៉ះពាល់​ខ្សែចង្វាក់ផ្គត់ផ្គង់ ​ដែលបានធ្វើ​ឱ្យ​រង្គោះ​រង្គើដល់​​ទីផ្សារពាណិជ្ជកម្ម និងហិរញ្ញវត្ថុពិភពលោកក្នុងប៉ុន្មានខែកន្លងមកនេះ។

ទោះជាយ៉ាងណាក៏ដោយ​ ទស្សនវិស័យពាណិជ្ជកម្មរបស់ប្រទេសចិន​​នៅតែជាកត្តាប្រឈម សម្រាប់​ហានិភ័យ​សកល​ដដែល ​​រួមទាំង​ហានិភ័យ​តម្លៃវត្ថុធាតុដើមឡើង​ថ្លៃ​ខ្ពស់​ ភាពមិនប្រាកដប្រជា​​ពីសង្គ្រាមអ៊ុយក្រែន និងការធ្លាក់ចុះនៃតម្រូវការនៅ​ក្រៅប្រទេស​ផង​ដែរ​។

សូមបញ្ជាក់ថា ការព្យាករថ្មីចុងក្រោយ​របស់​ធនាគារពិភពលោក​ចំពោះកំណើនសេដ្ឋកិច្ច​ចិន នៅឆ្នាំ២០២២នេះ គឺបានបង្ហាញពីក្ដីរំពឹង​កាន់តែទាបជាងការព្យាករកាលពីលើកមុនទៅទៀត។ ពោលគឺ ធនាគារពិភពលោក​បានព្យាករថា សេដ្ឋកិច្ចចិន​នឹងអាចកើនឡើង​៤,៣% ប៉ុណ្ណោះ ខណៈការព្យាករ​កាលពីមុន​ថា​នឹងមាន​កំណើន​៥,១%៕

អត្ថបទ៖ សុខ ជា​

None



អត្ថបទបន្ទាប់


វៀតណាមវិនិយោគគម្រោងវារីអគ្គិសនីនិងរ៉ែក្នុងប្រទេសឡាវជាមួយតម្លៃ៨០០លានដុល្លារ

ប្រទេសវៀតណាម និងឡាវ គឺជាប្រទេសជិតខាងគ្នា ដែលមានទំនាក់ទំនងយ៉ាងជិតស្និទ្ធ ហើយក្នុងនោះ ប្រទេសទាំងពីរក៏ជាដៃគូវិនិយោគ និងពាណិជ្ជកម្មរវាងគ្ន…

រុស្សីបញ្ជាក់ជាថ្មីថា ត្រូវដកទណ្ឌកម្មលោកខាងលិចសិន ទើបនាំចេញគ្រាប់ធញ្ញជាតិទៅទីផ្សារអន្តរជាតិ

វិមានក្រឹមឡាំង នៅថ្ងៃទី៨មិថុនាបានចេញមកបញ្ជាក់ជាថ្មីទៀតថា ទណ្ឌកម្មរបស់លោកខាងលិច ដែលដាក់ប្រឆាំងនឹងទីក្រុងម៉ូស្គូត្រូវតែដកចេញភ្លាមៗ ទើបរុស្…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ