ក៏ប៉ុន្ដែ បើមើលលើ សកម្មភាពផលិតកម្មនៅអាស៊ីជារួមវិញ ឃើញថា នៅក្នុងខែមិថុនាកន្លងទៅនេះ គឺនៅតែស្ថិតក្នុងភាពជាប់គាំងនៅឡើយ ខណៈដែលក្រុមហ៊ុនជាច្រើនបានរងការវាយប្រហារដោយការរំខានការផ្គត់ផ្គង់ ដែលបណ្តាលមកពីការបិទខ្ទប់យ៉ាងតឹងរ៉ឹងរបស់ប្រទេសចិននាពេលកន្លងមក។ស្របពេលដែលហានិភ័យនៃដំណើរយឺតខ្លាំងនៃសេដ្ឋកិច្ចនៅអឺរ៉ុប និងសហរដ្ឋអាមេរិក ក៏បានបង្កើនការភ័យខ្លាចចំពោះការដាំក្បាលចុះនៃសេដ្ឋកិច្ចសកលផងដែរ។ ប៉ុន្តែ នេះបើតាមការចុះផ្សាយសារព័ត៌មាន Reuters។
ការស្ទង់មតិមួយកាលពីថ្ងៃសុក្របានបង្ហាញពីសកម្មភាពរោងចក្ររបស់ប្រទេសចិនកើនឡើងយ៉ាងខ្លាំងនៅក្នុងខែមិថុនា ទោះបីជាសកម្មភាពនេះមានការធ្លាក់ចុះនៅក្នុងប្រទេសជប៉ុន និងកូរ៉េខាងត្បូង ក៏ដូចជាការធ្លាក់ចុះនៅក្នុងតៃវ៉ាន់ បានបង្ហាញពីភាពតានតឹងពីការរំខានការផ្គត់ផ្គង់ ការកើនឡើងថ្លៃដើម និង កង្វះខាតវត្ថុធាតុដើមក៏ដោយ។ ទន្ទឹមនឹងនោះ ការបន្ធូបន្ថយនៃការរឹតបន្តឹងរបស់ប្រទេសចិនបានសម្រួលដល់ខ្សែចង្វាក់ផ្គត់ផ្គង់ និង អនុញ្ញាតឱ្យក្រុមហ៊ុនផលិតរថយន្ត និង ក្រុមហ៊ុនផលិតផ្សេងទៀតអាចបន្តប្រតិបត្តិការឡើងវិញបានបន្ទាប់ពីទទួលរងការរំខានយ៉ាងធ្ងន់ធ្ងរអស់ប៉ុន្មានខែកន្លងមកនេះ។
ទោះយ៉ាងណា អ្នកវិភាគមួយចំនួនបានព្រមានអំពីបញ្ហាប្រឈមថ្មីៗ ដូចជាការភ័យខ្លាចទីផ្សារដែលកំពុងកើនឡើង ពាក់ព័ន្ធនឹងការដំឡើងអត្រាការប្រាក់របស់សហរដ្ឋអាមេរិកដ៏ខ្លាំងក្លា ដើម្បីកាត់បន្ថយអតិផរណា ដើម្បីជៀសវាងការធ្លាក់ចូលក្នុងវិបត្តិសេដ្ឋកិច្ច។ ក្នុងនោះ ការរឹតបន្តឹងគោលនយោបាយនៅសេដ្ឋកិច្ចទូទាំងពិភពលោក ចំពេលមានសម្ពាធតម្លៃបានបង្កឱ្យមានការភ័យខ្លាចនៃការធ្លាក់ចុះសេដ្ឋកិច្ចពិភពលោកយ៉ាងខ្លាំង និងធ្វើឱ្យទីផ្សារហិរញ្ញវត្ថុរង្គោះរង្គើក្នុងប៉ុន្មានខែថ្មីៗនេះផងដែរ។
លោក Yoshiki Shinke ប្រធានសេដ្ឋវិទូរបស់ប្រទេសជប៉ុនបាននិយាយថា លោកមានការរំពឹងថា សេដ្ឋកិច្ចរបស់ប្រទេសចិននឹងកើនឡើងឆាប់រហ័សបន្ទាប់ពីធ្លាក់ចុះខ្សោយក្នុងកំឡុងពេលបិទខ្ទប់ប៉ុន្មានខែកន្លងមកនេះ។ ប៉ុន្តែ បច្ចុប្បន្ន មានហានិភ័យនៃការធ្លាក់ចុះនៅក្នុងសេដ្ឋកិច្ចរបស់សហរដ្ឋអាមេរិក និង អឺរ៉ុបកំពុងកើនឡើង ខណៈវានឹងក្លាយជាការប៉ះទង្គិចគ្នា រវាងមហាអំណាចទាំងពីរ ទោះបីជាមានភាពមិនច្បាស់លាស់ជាច្រើនលើទស្សនវិស័យសេដ្ឋកិច្ចពិភពលោកក៏ដោយ។
គួរជម្រាប់ថា ការចាក់សោរនៅក្នុងប្រទេសចិនបានធ្វើឱ្យមានភាពតានតឹងផ្នែកដឹកជញ្ជូន និង ចង្វាក់ផ្គត់ផ្គង់ក្នុងតំបន់ និងសកល ដោយទាំងប្រទេសជប៉ុន និង កូរ៉េខាងត្បូងបានរាយការណ៍ពីការធ្លាក់ចុះយ៉ាងខ្លាំងនៃទិន្នផលនាំចូល។ សេដ្ឋកិច្ចរបស់ប្រទេសចិនបានចាប់ផ្តើមនៃការងើបឡើងវិញចេញពីការប៉ះទង្គិចនៃការផ្គត់ផ្គង់ ដែលបណ្តាលមកពីការបិទខ្ទប់យ៉ាងតឹងរ៉ឹង ទោះបីជាហានិភ័យនៅតែមានដូចជាការកើនឡើងនៃអតិផរណា និង ការភ័យខ្លាចនៃរលកថ្មីនៃការឆ្លងកូវីត ១៩ ក៏ដោយ៕