ធនាគារពាណិជ្ជធំៗបំផុតរបស់មហាយក្សចិន កំពុងត្រៀមខ្លួនពង្រីកបន្ថែមពីលើការផ្ដល់កម្ចី១៨ពាន់លានដុល្លារអាម៉េរិក ដើម្បីស្រោចស្រង់គម្រោងអចលនទ្រព្យនានា ដែលកំពុងជាប់គាំង ហើយតួយ៉ាង ធនាគារកសិកម្មចិន (Agricultural Bank of China) បានចេញសេចក្តីថ្លែងការណ៍កាលពីសប្តាហ៍មុនថា ខ្លួនបានអនុម័តហិរញ្ញប្បទានជិត៦ពាន់លានដុល្លារ សម្រាប់គម្រោងអចលនទ្រព្យ ដែលបានបង្ហាញពីទំនូលខុសត្រូវរបស់ខ្លួនក្នុងនាមជាធនាគារដែលគ្រប់គ្រងដោយរដ្ឋ។
ធនាគារកសិកម្មចិន ដែលស្ថិតក្នុងចំណោមធនាគាររដ្ឋធំៗទាំង៤របស់ប្រទេសចិន បាននិយាយថា ខ្លួនបានប្រើពេលត្រឹមតែមួយថ្ងៃប៉ុណ្ណោះ ដើម្បីអនុម័តកម្ចីប្រមាណ១៦៧លានដុល្លារ សម្រាប់គម្រោងអចលនទ្រព្យវិស័យឯកជនមួយនៅទីក្រុងហាងចូវ (Hangzhou)។
ធនាគារនានាទម្លាយឱ្យដឹងថា ការផ្ដល់ហិរញ្ញប្បទានបែបនេះមានទំហំជាង១៨ពាន់លានដុល្លារអាម៉េរិក ហើយគិតត្រឹមថ្ងៃសុក្រ សប្ដាហ៍មុនរួមទាំងកម្រិតឥណទាន (Credit Line) ផងដែរ។
កាលពីថ្ងៃទី១២ ខែមករា ក្រសួងលំនៅឋាន និងអភិវឌ្ឍន៍ទីក្រុង-ជនបទ និងរដ្ឋបាលនិយ័តកម្មហិរញ្ញវត្ថុជាតិ បានណែនាំឱ្យបណ្ដារដ្ឋបាលមូលដ្ឋានព្រាងបញ្ជីឈ្មោះគម្រោងដែលត្រូវបានណែនាំសម្រាប់កម្មវិធីផ្តល់ប្រាក់កម្ចីថ្មី។ ពេលនេះធនាគារទាំងនេះកំពុងប្រើប្រាស់បញ្ជីឈ្មោះនោះ ដើម្បីតម្រង់ទិសការសម្រេចចិត្តផ្តល់ប្រាក់កម្ចី។
ទន្ទឹមនេះធនាគារសំណង់ចិន បាននិយាយថា ខ្លួនបានផ្ដល់កម្ចី៤១៧លានដុល្លារអាម៉េរិក ដល់គម្រោងស្ថិតក្នុងបញ្ជីឈ្មោះចំនួន៥ ក្នុងចំណោមសំណើជាង២ពាន់សំណើដែលខ្លួនទទួលបាន។ ធនាគារនេះបាននិយាយថា ខ្លួនបានបញ្ចប់ការពិនិត្យផ្ទៀងផ្ទាត់លើគម្រោងជិត១០០គម្រោងផ្សេងទៀតសម្រាប់ការផ្ដល់ហិរញ្ញប្បទានសរុបជាទឹកប្រាក់២ពាន់៨រយលានដុល្លារ។
ចំណែកឯធនាគារ China Everbright Bank ដែលស្ថិតក្នុងចំណោមធនាគារតូចៗជាងធនាគារខាងលើបានបង្ហាញថា ខ្លួនបានផ្តល់ហិរញ្ញប្បទានប្រមាណ២ពាន់២រយលានដុល្លារអាម៉េរិក សម្រាប់គម្រោងចំនួន២០។ ជាការកត់សម្គាល់ ក្រុមហ៊ុនអភិវឌ្ឍន៍ខ្នាតយក្សជំពាក់បំណុលរុំកោះ Country Garden Holdings ដែលជាអ្នកឈានមុខគេក្នុងឧស្សាហកម្មអចលនទ្រព្យនៅប្រទេសចិន បាននិយាយថា គម្រោងមិនទាន់បញ្ចប់ចំនួនជាង៣០គម្រោងរបស់ខ្លួនបានស្ថិតក្នុងបញ្ជីឈ្មោះនៃកម្មវិធីផ្ដល់កម្ចីថ្មីនេះ។
កម្មវិធីផ្តល់ប្រាក់កម្ចីថ្មីនេះត្រូវបានដាក់ចេញ ក្រោយពីកិច្ចប្រឹងប្រែងមុននេះរបស់រដ្ឋាភិបាលចិន ដើម្បីជំរុញ និងសម្រួលការផ្ដល់ហិរញ្ញប្បទានសម្រាប់វិស័យអចលនទ្រព្យ។ នៅឆ្នាំ២០២២ បន្ទាប់ពីរដ្ឋាភិបាលចិន បានអំពាវនាវឱ្យមានការគាំទ្រផ្នែកហិរញ្ញវត្ថុយ៉ាងទូលំទូលាយសម្រាប់ឧស្សាហកម្មអចលនទ្រព្យ បណ្ដាធនាគាររបស់រដ្ឋបានបើកកម្រិតឥណទាន (Credit Line) ដែលគិតសរុបជាទឹកប្រាក់រហូតដល់ទៅជាង៤៤៣ពាន់លានដុល្លារ៕
ដោយ: តែម សុខុម