ក្រសួងហិរញ្ញវត្ថុចិន បានអះអាងក្នុងសេចក្តីថ្លែងការណ៍ពីបន្ទាប់ពីកិច្ចប្រជុំផ្ទៃក្នុងមួយកាលពីដើមសប្តាហ៍នេះថា «រដ្ឋាភិបាលចិននឹងចាប់ផ្តើមកាត់បន្ថយប្រាក់ពន្ធ និង ការយកថ្លៃសេវាមួយចំនួនទៀត ដើម្បីគាំទ្រដល់អាជីវកម្ម សហគ្រាស និងជួយជ្រោមជ្រែងពួកគេ ឲ្យវិនិយោគលើហេដ្ឋារចនាសម្ព័ន្ធអាជីវកម្មបានលឿនជាងមុន»។
ជាក់ស្តែង ប្រទេសចិនបានបញ្ចេញទឹកប្រាក់មុនពេលកំណត់ប្រមាណ ២២៩ ពាន់លានដុល្លារអាមេរិក នៅក្នុងកូតាឆ្នាំ ២០២២ សម្រាប់រដ្ឋបាលតាមតំបន់នៅទូទាំងប្រទេសចិនតែម្តង ធ្វើដូច្នេះគឺដើម្បីជួយជំរុញការវិនិយោគ គាំទ្រដល់អាជីវកម្ម និងគាំទ្រដល់សេដ្ឋកិច្ចរបស់ខ្លួនដែលបានដើរយឺតខុសពីការរំពឹងទុក។
ក្រសួងហរិញ្ញវត្ថុចិន បញ្ជាក់អះអាងបន្ថែមទៀតថា ប្រាក់ចំណាយសារពើពន្ធ នឹងត្រូវចំណាយសម្រាប់ដើម្បីជំរុញកំណើនសេដ្ឋកិច្ច ហើយរដ្ឋាភិបាលក្រុងប៉េកាំង នឹងបង្កើនការផ្ទេរថវិកាទៅកាន់រដ្ឋបាលតាមតំបន់ ដើម្បីឲ្យពួកគេអាចប្រើប្រាស់លើចំណាយដែលចំាបាច់ដើម្បីជំរុញសេដ្ឋកិច្ចចិន។
ចិនក៏នឹងចាត់វិធានការទប់ស្កាត់ការកើនឡើងនៃបំណុល របស់រដ្ឋបាលតាមតំបន់នៅឆ្នាំ ២០២២ ក៏ដូចជា ដើម្បីរក្សា ស្ថិរភាពសង្គមទាំងមូលផងដែរ។ ការប្តេជ្ញាចិត្តទាំងអស់នេះ ធ្វើឡើងនៅមុនសមាជលើកទី២០ នៃបក្សកុម្មុយនិស្តចិន ដែលនឹងប្រារព្ធធ្វើឡើងនៅឆ្នាំក្រោយនេះ។
សូមជម្រាបថា មហាយក្សចិនដែលជាប្រទេសមហាអំណាចសេដ្ឋកិច្ចទីពីររបស់ពិភពលោកមួយនេះ បានកត់ត្រាពីការដាំក្បាលចុះនៃកំណើនសេដ្ឋកិច្ចរបស់ខ្លួន ខុសពីរំពឹងទុកនៅឆមាសទី២ឆ្នាំនេះ បន្ទាប់ពីការងើបឡើងវិញ យ៉ាងរឹងមាំពីជំងឺរាតត្បាតកូវីដ១៩កាលពីឆ្នាំមុនុ។នៅពេលបច្ចុប្បន្ននេះចិនកំពុងប្រឈមមុខនឹងបញ្ហាជាច្រើន ដោយសារការធ្លាក់ចុះនៃវិស័យអចលនទ្រព្យ ការរាំងស្ទះការផ្គត់ផ្គង់ ខ្សែចង្វាក់ផលិតកម្ម ដោយសារវិបត្តិថាមពល ការទប់ស្កាត់ដ៏តឹងរ៉ឹងនៃជំងឺកូវីដ-១៩ ដែលកំពុងរីករាលដាលឡើងវិញ និងផលប៉ះពាល់ដល់ការចំណាយរបស់អ្នកប្រើប្រាស់ជាដើម។
ទន្ទឹមនឹងការដាក់ចេញគោលនយោបាយដើម្បីរក្សាស្ថិរភាពសេដ្ឋកិច្ច ប្រទេសចិនក្រោមការដឹកនាំដោយបុរសរដ្ឋខ្លាំង លោកស៊ី ជីនពីង កំពុងពិចារណាបន្ទាបគោលដៅកំណើនសេដ្ឋកិច្ចឆ្នាំ ២០២២ របស់ប្រទេសចិនមកត្រឹម ៥,៥%វិញ ខុសពីគោលដៅដែលបានដាក់ចេញកាលពីឆ្នាំ ២០២១ ដែលថា សេដ្ឋកិច្ចចិននឹងសម្រេចបានឲ្យរង្វង់៦% ឬច្រើនជាងនេះ៕