លោក យ៉ាង ជីឈី (Yang Jiechi) សមាជិកការិយាល័យនយោបាយនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តចិន និងជាប្រធានការិយាល័យនៃគណៈកម្មាធិការកិច្ចការបរទេសនៃមជ្ឈិមបក្សកុម្មុយនិស្តចិន បានប្រាប់ឯកអគ្គរដ្ឋទូតរុស្ស៊ីប្រចាំប្រទេសចិន លោក អានឌ្រី ដេនីសូវ (Andrey Denisov) នៅក្នុងកិច្ចប្រជុំមួយក្នុងទីក្រុងប៉េកាំងកាលពីថ្ងៃចន្ទ ទី ១២ កញ្ញា ថា ក្រោមការដឹកនាំរបស់ប្រធានាធិបតី លោក Xi Jinping និងប្រធានាធិបតីរុស្សី លោក Vladimir Putin «ទំនាក់ទំនងរវាងប្រទេសទាំងពីរតែងតែដើរលើផ្លូវដ៏ត្រឹមត្រូវ ហើយភាគីទាំងពីរគាំទ្រយ៉ាងមុតមាំរវាងគ្នានឹងគ្នាលើបញ្ហាដែលទាក់ទងនឹងផលប្រយោជន៍ស្នូលរបស់ខ្លួន»។
បើតាមសេចក្តីថ្លែងការណ៍របស់ក្រសួងការបរទេសចិនបានឲ្យដឹងថា លោក Yang បានសង្កត់ធ្ងន់ថា «ភាគីចិនមានឆន្ទៈធ្វើការជាមួយភាគីរុស្ស៊ី ដើម្បីបន្តអនុវត្តកិច្ចសហប្រតិបត្តិការយុទ្ធសាស្ត្រកម្រិតខ្ពស់រវាងប្រទេសទាំងពីរ រួមទាំងការពារផលប្រយោជន៍រួម និងជំរុញការអភិវឌ្ឍសណ្តាប់ធ្នាប់អន្តរជាតិក្នុងទិសដៅមួយដ៏ត្រឹមត្រូវ និងសមហេតុផល»។
គួរជម្រាបថា បុរសខ្លាំងលោក ស៊ី ជីនពីង គ្រោងនឹងធ្វើដំណើរទៅកាន់ប្រទេសកាហ្សាក់ស្ថាន និងអ៊ូសមេគីស្ថានក្នុងសប្តាហ៍នេះ ដែលជាដំណើរទស្សនកិច្ចក្រៅប្រទេសលើកដំបូងរបស់លោក ចាប់តាំងពីការរាតត្បាតជំងឺកូវីត១៩ ជាងពីរឆ្នាំមកនេះក្នុងប្រទេសចិន។
ដំណើរនេះត្រូវបានគេរំពឹងថា លោកស៊ី ជីនពីង នឹងជួបជាមួយលោក ពូទីន នៅក្នុងកិច្ចប្រជុំអង្គការសហប្រតិបត្តិការសៀងហៃផ្ទាល់ផងដែរ ដែលសបង្ហាញយ៉ាងច្បាស់ពី«ទំនាក់ទំនងគ្មានដែនកំណត់» រវាងមហាយក្សទាំងពីរកាន់តែរឹងមាំឡើងទ្វេដង ចាប់តាំងពីសង្គ្រាមនៅអ៊ុយក្រែនបានផ្ទុះឡើង និងការប្រឈមមុខនឹងទណ្ឌកម្មពីសំណាក់បស្ចិមលោកនោះ។
ត្បិតតែ ទីក្រុងប៉េកាំងមិនដែលបានចេញមុខរិះគន់ចំៗអំពីទង្វើឈ្លានពានរបស់ទីក្រុងម៉ស្គូមែន ក៏ប៉ុន្តែទីក្រុងប៉េកាំងក៏មិនដែលបានផ្តល់ជំនួយ និងសម្ភារយោធាណាមួយដល់វិមានក្រឹមឡាំអក្នុងការធ្វើសង្គ្រាមជាមួយអ៊ុយក្រែនឡើយ។ ហេតុអ្វី? ព្រោះប្រទេសចិនតែងប្រកាសក្ដែងៗថា ខ្លួនប្រកាន់«ជំហរអព្យាក្រឹត»ចំពោះសង្គ្រាមរុស្សី-អ៊ុយក្រែន។ ទោះជាបែបនេះក្តី ស្របពេលដែលក្រុមហ៊ុនធំៗរបស់ប្រទេសលោកខាងលិចបានសម្រុកចាកចេញពីប្រទេសរុស្សីនោះ ចិនបានចេញលក់រថយន្ត ទូរទស្សន៍ និងទូរស័ព្ទម៉ាកយីហោចិន ទៅបំពេញតម្រូវការទីផ្សាររុស្សីយ៉ាងច្រើន ហើយបើគិតក្នុងត្រីមាសទីពីរនៅឆ្នាំនេះ ការនាំចូលរថយន្តក្នុងទីផ្សាររុស្សី៨១% ត្រូវបាននាំចូលពីប្រទេសចិន។
ទន្ទឹមនឹងនេះ មន្ត្រីអាមេរិកបានឲ្យដឹងដែរថា ការទិញគ្រាប់រ៉ុក្កែត និងកាំភ្លើងធំរាប់លានគ្រាប់ពីកូរ៉េខាងជើងដោយរុស្សីសម្រាប់ធ្វើសង្គ្រាម ជាសញ្ញាមួយបង្ហាញថា ទណ្ឌកម្មអន្តរជាតិកំពុងបង្ខំទីក្រុងម៉ូស្គូឱ្យស្វែងរកជំនួយពីប្រទេសជិតខាងដែលក្រីក្រ ដូចជាកូរ៉េខាងជើង ដើម្បីបំពេញសមត្ថភាពផ្នែកយោធារបស់ខ្លួនដែលកំពុងខ្វះខាត៕