តើអ្វីដែលនៅពីក្រោយភាពជោគជ័យ បន្ទាប់ពីក្លាយជាសមាជិករបស់WTO ក្នុងពេល២០ឆ្នាំមកនេះ?
ជាមួយនឹងតម្លៃកម្លាំងពលកម្មទាប បានន័យថា សម្បូរទៅដោយកម្លាំងពលកម្ម ដែលផលិតបានទំនិញមានតម្លៃថោក ចិនបានបង្កើនការផលិត នាំចេញជាបន្តបន្ទាប់លឿនរហ័ស ចាប់តាំងពីបានចូលរួមជាមួយ WTO ក្នុងខែធ្នូ ឆ្នាំ ២០០១។ ជាមួយគ្នានេះ ស្ថិតក្រោមឈ្មោះជាប្រទេសកំពុងអភិវឌ្ឍនៅអង្គការពាណិជ្ជកម្មពិភពលោក ចិន បានបង្កើនការនាំចូល ដោយទទួលបានការកាត់បន្ថយពន្ធជាបណ្តើរៗផងដែរ។
ជាក់ស្តែង រាប់ចាប់តាំងពីឆ្នាំ ២០០១ ដល់ឆ្នាំ ២០២០ ការនាំចេញពីចិនទៅពិភពលោក មានអត្រា ៨៧០% ខណៈការនាំចូលមកវិញ មានចំនួន ៧៤០%។ នេះបើតាមសន្និសីទអង្គការសហប្រជាជាតិស្តីពីពាណិជ្ជកម្ម និងការអភិវឌ្ឍ។
គេនៅចាំបានថា ភ្លាមៗក្រោយចូលជាសមាជិក WTO ផលិតផលដែលពឹងផ្អែកលើកម្លាំងពលកម្ម ដូចជាសម្លៀកបំពាក់ តំណាងឲ្យការនាំចេញច្រើនបំផុតរបស់ចិនគ្រានោះ។ ប៉ុន្តែបច្ចុប្បន្ន ការនាំចេញសម្លៀកបំពាក់ មិនបានដើរតួសំខាន់តែម្នាក់ឯង ដែលធ្វើឲ្យចិនជោគជ័យដូចថ្ងៃនេះនោះទេ។ នៅប៉ុន្មានឆ្នាំចុងក្រោយ ចិនបានបង្កើនការផលិត និងនាំចេញឧបករណ៍បច្ចេកវិទ្យាខ្ពស់ ដូចជាបន្ទះឈីប គ្រឿងបង្គុំនានា កុំព្យូទ័រយួរដៃ និងស្មាតហ្វូនជាដើម។
បច្ចុប្បន្ន ប្រទេសចិនមានចំណែក ១៣% នៃពាណិជ្ជកម្មផ្នែកបច្ចេកវិទ្យារបស់ពិភពលោក ចំនួននេះ បានកើនឡើង ៤% ពីឆ្នាំ ២០០១ ហើយធ្លាប់បានកើនលើស សហរដ្ឋអាមេរិកកាលពីឆ្នាំ ២០១៣ផងដែរ។ សព្វថ្ងៃប្រទេសចិន គឺជាដៃគូពាណិជ្ជកម្មធំបំផុត សម្រាប់ប្រទេសជាច្រើនទៀតក្នុងលោក រួមទាំងប្រទេសកម្ពុជាផងដែរ។
សូមជម្រាបថា ទោះបីជោគជ័យដល់កម្រិតនេះ ប៉ុន្តែបើតាមការគូសបញ្ជាក់នៅក្នុងសារព័ត៌មាន Nikkei របស់ជប៉ុន រដ្ឋាភិបាលចិននៅមានអសមត្ថភាពត្រង់ចំណុចម្យ៉ាង ដែលធ្វើឲ្យក្រុងប៉េកាំងពិបាកចូលរួមជាមួយកិច្ចព្រមព្រៀងពាណិជ្ជកម្មធំៗ ដែលមានស្តង់ខ្ពស់ ពិសេសកិច្ចព្រមព្រៀងនៅមួយរយៈកាលចុងក្រោយនេះ។
អសមត្ថភាពនៅត្រង់ថា រដ្ឋអំណាចក្រុងប៉េកាំងអស់ពេលជាច្រើនឆ្នាំមកហើយ មិនអាចធ្វើឲ្យសហគ្រាសក្នុងស្រុក និងក្រុមហ៊ុនដែលគាំទ្រដោយរដ្ឋរឹងមាំ អាចឈរជើងដោយខ្លួនឯងបាន ដោយមិនបាច់ចាំទទួលបានការឧបត្ថម្ភធនពីរដ្ឋនោះឡើយ។ បញ្ហានេះ កំពុងធ្វើឲ្យបុរសខ្លាំងចិន លោកស៊ី ជីនពីងឈឺក្បាលវិលមុខ ខណៈលោកព្យាយាមរកវិធីសាស្ត្រធ្វើកំណែទម្រង់ ដើម្បីអាចចូលរួមជាមួយកិច្ចព្រមព្រៀងតំបន់ធំៗដូចជាកិច្ចព្រមព្រៀង CP TPP ដែលទាមទារនូវស្តង់ដារខ្ពស់មួយ៕