ការបិទអាជីវកម្មចិននៅវៀតណាម

ក្រុមហ៊ុនចិនបង្ខំចិត្តបញ្ឈប់ចង្វាក់ផលិតកម្មនៅវៀតណាម ចំពេលមានវិធានការបិទខ្ទប់


ក្រុមហ៊ុនផលិតរបស់ចិន ដែលមានរោងចក្រផលិតនៅភាគខាងត្បូងប្រទេសវៀតណាមកំពុងប្រឈមមុខនឹងការបិទអាជីវកម្ម ចំពេលប្រទេសវៀតណាមមានវិធានការបិទខ្ទប់ ដើម្បីប្រយុទ្ធប្រឆាំងនឹងកូវីដ-១៩។ ក្រុមហ៊ុនចិនទាំងនោះ ក៏ហាក់មិនសូវមានជំនឿទុកចិត្តថា វិធានការបិទខ្ទប់របស់ប្រទេសវៀតណាម នឹងត្រូវបន្ថូរបន្ថយមកវិញឆាប់ៗនោះដែរ ដ្បិតថាចំនួនអ្នកឆ្លងកូវីដ-១៩ប្រចាំថ្ងៃក្នុងប្រទេសវៀតណាមកើនឡើងកាន់តែខ្លាំង គឺមានដល់រាប់ពាន់នាក់ក្នុងមួយថ្ងៃ។
ក្រុមហ៊ុនចិនបង្ខំចិត្តបញ្ឈប់ចង្វាក់ផលិតកម្មនៅវៀតណាម ចំពេលមានវិធានការបិទខ្ទប់

តាម​ការ​រាយការណ៍​មួយ​ដោយសារ​ព័ត៌មាន South China Morning Post បាន​ឲ្យ​ដឹង​ថា ក្រុមហ៊ុន​ចិន​នៅ​វៀតណាម​កំពុង​រង​ផល​ប៉ះពាល់​យ៉ាង​ខ្លាំង ជាមួយនឹង​ស្ថាន​ការ​ដ៏​លំបាក​នៃ​វិបត្តិ កូ​វី​ដ​-១៩ ដែល​កំពុង​តែ​វិ​វត្ត​កាន់តែ​អាក្រក់​ទៅ​ៗ​នៅ​ក្នុង​ប្រទេស​វៀតណាម ខណៈ​ដែល​អាជីវកម្ម​ដែល​ខ្លះ បាន​រង​ការ​ខាតបង់​ប្រាក់​ចំណូល​រាប់​សែន​ដុល្លារ​អា​មេ​រិ​ក​ក្នុង​មួយ​ថ្ងៃ​ៗ​។

ការ​រាលដាល​នូវ​មេរោគ​កូ​វីត​បំ​លែង​ថ្មី Delta  បាន​ធ្វើ​ឲ្យ​ចំនួន​អ្នក​ឆ្លង​ថ្មី​បាន​កើនឡើង​យ៉ាង​រហ័ស​ក្នុង​ប្រទេស​វៀតណាម​។ ក្នុង​នោះ​ដែរ អាជ្ញាធរ​នៅ​ក្នុង​ទីក្រុង Ho Chi Minh ដែល​ជា​បណ្តុំសេដ្ឋកិច្ច​និង ហិរញ្ញវត្ថុ ព្រមទាំង​ខេត្ត​ឧស្សាហកម្ម ដូច​ជា​ខេត្ត Dong Nai និង Binh Duog​ជាដើម បាន​សម្រេច​បិទទ្វារ​បណ្ដោះអាសន្ន នូវ​រាល់​អាជីវកម្ម​ដែល​មិន​មាន​ភាព​ចាំបាច់ និង​ដាក់​ការ​រឹត​បន្តឹង​ការ​ប្រមូលផ្តុំ និង​រក្សា​គម្លាត​សង្គម​ផង​ដែរ​។

លោក ស៊ូ ឈួ​ន​លូ (Xu Chuanlu) អ្នកគ្រប់គ្រង​រោងចក្រ​ផលិត​ផ្លា​ស្ទិ​ក​Dinh Thinh នៅ​ទីក្រុង​ហូ​ជី​មិ​ញ  បាន​និយាយ​ថា រោងចក្រ​របស់​លោក​ត្រូវ​បាន​បិទទ្វារ​រយៈពេល ១២ ថ្ងៃ និង​បាន​នាំ​មក​នូវ​ការ​ចំណាយ​ដ៏​សម្បើម​។

អ្នកគ្រប់គ្រង​រោងចក្រ​រូប​នេះ ធ្លាប់​រំពឹង​ថា​នឹង​អាច​ចាប់ផ្តើម​ផលិតកម្ម​បាន​ឆាប់​ៗ ប៉ុន្ដែ ករណី​ឆ្លង​ថ្មី​នៅ​វៀតណាម​បាន​កើនឡើង រាប់​ពាន់​ករណី​ក្នុង​មួយ​ថ្ងៃ​មិន​ស្រាកស្រាន្ដ បាន​ធ្វើ​ឲ្យ​ចង្វាក់​ផលិតកម្ម​ត្រូវ​បាន​ពន្យារពេល​កាន់តែ​វែង​ជាង​មុន ហើយ​គេ​ក៏​មិន​ទាន់​ដឹង​នៅឡើយ​ថា ស្ថានភាព​នេះ​នឹង​ធូរស្រាល​មក​វិញ​នៅ​ពេល​ណា​នោះ​ទេ​។

ប្រទេស​វៀតណាម​បាន​ទទួល​ជោគជ័យ​ក្នុង​ការ​ទប់ស្កាត់​មេរោគ​កូ​វីត ១៩ នេះ​កាលពី​បី​ខែ​មុន​។ ប៉ុន្តែ​បាន​កើនឡើង​អ្នក​ឆ្លង​សរុប​រហូត​ដល់​ជិត​១០​ម៉ឺន​ករណី​ហើយ គិត​ត្រឹម​ថ្ងៃ​ចន្ទ ដើម​ស​ប្ដា​ហ៍​នេះ​។

លោក ស៊ូ ឈួ​ន​លូ (Xu Chuanlu) អ្នកគ្រប់គ្រង​រោងចក្រ​ផលិត​ផ្លា​ស្ទិ​ក Dinh Thinh បាន​បន្ថែម​ទៀត​ថា កម្មករ​ក្នុង​រោងចក្រ​របស់​លោក​ទាំងអស់​ត្រូវ​បាន​រំសាយ​ការងារ ឲ្យ​ត្រឡប់​ទៅ​ផ្ទះ​អស់ហើយ​។ នៅ​សល់​តែ​សហការី​ជនជាតិ​ចិន​ពីរ ទៅ​បី​នាក់​ប៉ុណ្ណោះ​ស្នាក់​នៅ​ក្នុង​រោងចក្រ ដោយ​មិន​ត្រូវ​បាន​អនុញ្ញាត​ឲ្យ​ចេញ​ក្រៅ​នោះ​ទេ​។ លោក​បន្ថែម​ថា រោងចក្រ​របស់​លោក​បាន​បាត់បង់​ចំណូល​រាប់​សែន​ដុល្លារ​រៀងរាល់ថ្ងៃ ខណៈ​ការ​ដឹក​ជញ្ជូន​ទំនិញ​មិន​អាច​បែងចែក​ទៅ​តាម​ការ​បញ្ជា​ទិញ​បាន​ទាន់​ពេលវេលា​កំណត់​នោះ​ឡើយ​។

អ្នកគ្រប់គ្រង​រោងចក្រ​រូប​នេះ អះអាង​ទៀត​ថា មាន​កម្មករ​ជាង​១​ពាន់​នាក់ ធ្វើការ​ក្នុង​រោងចក្រ​ផ្លា​ស្ទិ​ក​នេះ គឺ​ពួក​គេ​ត្រូវ​បាន​ផ្ដល់​ប្រាក់ខែ​គោល បើ​ទោះបីជា​រោងចក្រ​ផ្អាក​ផលិតកម្ម​ក៏​ដោយ ហើយ​គ្មាន​រដ្ឋាភិបាល​ជួយ​ឧបត្ថម្ភ​ធន​នោះ​ទេ​។

សូម​បញ្ជាក់​ថា ចំនួន​រោងចក្រ​រើ​ពី​ប្រទេស​ចិន​ចូល​មក​វៀតណាម​បាន​កើនឡើង​គួរ​ឲ្យ​កត់សម្គាល់ ចាប់តាំងពី​មាន​សង្គ្រាម​ពាណិជ្ជកម្ម​រវាង​អា​មេ​រិ​ក និង​ចិន​ផ្ទុះ​ឡើង​មក​ម្ល៉េះ ដោយ​រោងចក្រ​ពី​ប្រទេស​ចិន​ទាំងនោះ ចូល​មក​តាំង​មូលដ្ឋាន​នៅ​វៀតណាម ដើម្បី​អាច​ផលិត​នាំ​ចេញ​ទៅ​អា​មេ​រិ​កដោយ​មិន​ជាប់​ការ​ដាក់បន្ទុក​ពន្ធគយ​ពី​រដ្ឋាភិបាល​អា​មេ​រិ​ក​៕

អត្ថបទ៖ សុខ សិទ្ធិការ្យ

None



អត្ថបទបន្ទាប់


ក្រុមហ៊ុនម៉ាកម៉ូដលំដាប់ពិភពលោក H&M នឹងបើកហាង Franchise នៅកម្ពុជាក្នុងឆ្នាំ២០២២

ធ្លាប់តែមានផលិតសម្លៀកបំពាក់នៅកម្ពុជា និងធ្វើការនាំចេញទៅលក់នៅក្រៅប្រទេស ឥឡូវនេះ ក្រុមហ៊ុនម៉ាកម៉ូដសម្លៀកបំពាក់ដ៏ល្បីលំដាប់ពិភពលោក H&M ន…

អ្នកចាក់វ៉ាក់សាំងរួចមួយចំនួននៅសិង្ហបុរីនៅតែឆ្លងកូវីដ-១៩ ប៉ុន្ដែមិនធ្លាក់ខ្លួនឈឺធ្ងន់ធ្ងរទេ

រដ្ឋាភិបាលសិង្ហបុរីថ្មីៗនេះ បានបង្ហាញរបាយករណ៍ស្តីពីចំនួនអ្នកឆ្លងកូវីដ១៩ក្នុងប្រទេសរបស់ខ្លួនគិតត្រឹមរយៈពេល៤សប្តាហ៍ចុងក្រោយ ដោយបានកត់ត្រាឃើញ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ