ទិន្នន័យផ្លូវការបង្ហាញថា ធនាគារកណ្តាលចិន បានផ្អាកទិញចូលមាសសម្រាប់ទុនបម្រុងអន្តរជាតិរបស់ខ្លួនរយៈពេល៤ខែជាប់ៗគ្នាគិតត្រឹមខែសីហា ឆ្នាំនេះ ដោយប្រទេសនេះមានមាសបម្រុងសរុបប្រមាណជាង២.២៦៤តោន គិតត្រឹមដំណាច់ខែកក្កដា។ ទោះជាយ៉ាងណា ដោយសារហាងឆេងមាសនៅលើទីផ្សារអន្តជាតិ ហក់ឡើងខ្ពស់ បានធ្វើឱ្យតម្លៃមាសបម្រុងរបស់ចិន ហក់ឡើងពីជិត១៧៧ពាន់លានដុល្លារអាម៉េរិក គិតត្រឹមដំណាច់ខែកក្កដា ឈានដល់ប្រមាណ១៨៣ពាន់លានដុល្លារអាម៉េរិក។
តម្លៃមាសកំពុងហក់ឡើងខ្ពស់នៅឆ្នាំនេះ ស្របពេលដែលពិភពលោកទាំងមូលកំពុងទន្ទឹងយ៉ាងអន្ទះសារង់ចាំឱ្យធនាគារកណ្ដាលអាម៉េរិក ចាត់វិធានការបញ្ចុះអត្រាការប្រាក់ក្នុងពេលដ៏ខ្លីខាងមុខ និងស្របពេលធនាគារកណ្ដាលនានាសម្រុកទិញចូលមាសទុកជាទុនបម្រុងអន្តរជាតិរបស់ខ្លួនដោយសារបារម្ភពីបញ្ហាភូមិសាស្ត្រនយោបាយ និងស្ថានភាពសេដ្ឋកិច្ចពិភពលោកបន្តស្ថិតក្នុងភាពមិនច្បាស់លាស់។
តម្លៃមាសបានហក់ឡើងរហូតដល់ទៅ២១% នៅឆ្នាំនេះ ហើយតម្លៃនៅពេលនេះបានធ្លាក់ចុះតែបន្តិចបន្តួចប៉ុណ្ណោះពីតម្លៃកំណត់ត្រា២.៥៣២ដុល្លារ ក្នុង១អោន ឬ៣.០៩០ដុល្លារក្នុង១តម្លឹង គិតត្រឹមថ្ងៃទី២០ ខែសីហា។
សូមបញ្ជាក់ថា នៅមុនពេលផ្អាកការទិញចូលមាសរបស់ខ្លួន ធនាគារកណ្ដាលចិន បានសម្រុកទិញចូលមាសយ៉ាងសម្បើមរយៈពេល១៨ខែជាប់ៗគ្នា។ ធនាគារកណ្តាលចិន គឺជាអ្នកទិញចូលមាសច្រើនជាងគេបំផុតក្នុងចំណោមធនាគារកណ្ដាលទូទាំងពិភពលោកក្នុងឆ្នាំ២០២៣ ហើយការសម្រេចចិត្តរបស់ខ្លួនក្នុងការផ្អាកទិញចូលមាស ក៏បានធ្វើឱ្យតម្រូវការមាសពីបណ្ដាវិនិយោគិនចិន ធ្លាក់ចុះដែរ ក្នុងរយៈពេលប៉ុន្មានខែចុងក្រោយនេះ។
ទោះជាយ៉ាងណា លោក ខាស្ទេន ម៉េង (Carsten Menke) អ្នកវិភាគមកពីធនាគារស្វីស ជូលៀស ប៊ែរ (Julius Baer ) បានលើកឡើងថា ធនាគារកណ្ដាលចិន ទំនងជានឹងចាប់ផ្តើមសម្រុកទិញចូលមាសឡើងវិញនៅពេលខាងមុខ បើទោះបីជាតម្លៃខ្ពស់យ៉ាងណាក៏ដោយ ហើយមូលហេតុចម្បងនៃការចាប់ផ្ដើមទិញចូលមាសឡើងវិញនេះ គឺដោយសារហេតុផលនយោបាយ ដូចជា ការកាត់បន្ថយការពឹងផ្អែកលើប្រាក់ដុល្លារអាម៉េរិក ជាដើម៕
ដោយ: តែម សុខុម