មានកប៉ាល់កុងតឺន័រចំនួន៥ គ្រឿងនៅប៉ុន្មានថ្ងៃមុននេះ បានចូលចតទម្លាក់ទំនិញនៅកំពង់ផែ នីងបូ ហ្ស៊ូសាន។ ប៉ុន្តែបើតាម មន្ត្រីប្រចាំការនៅកំពង់ផែចិនធំបំផុតលំដាប់ទី៣ក្នុងពិភពលោក នេះ បានគូសបញ្ជាក់ថា កំពង់ផែ នៅបន្តបិទទ្វារដដែលគិតត្រឹមដើមសប្តាហ៍ ពោលគឺមិនទាន់អនុញ្ញាតឲ្យមានរថយន្តចូលដឹកទំនិញចេញពីកំពង់ផែនោះទេ គឺអនុញ្ញាតត្រឹមតែឲ្យកប៉ាល់ទម្លាក់ទំនិញចុះតែប៉ុណ្ណោះ។នេះបើយោងតាមទីភ្នាក់ងារព័ត៌មាន Bloomberg។
យ៉ាងណាមិញ សកម្មភាពនេះជាសញ្ញាដ៏ល្អមួយ និងជាការបន្ថែមភាពជឿជាក់កាន់តែខ្ពស់ដល់ការចាប់ផ្តើមប្រតិបត្តិការពេញលេញនៅក្នុងកំពង់ផែដ៏មមាញឹករបស់ពិភពលោកមួយនេះ ។ សកម្មភាពនេះដែរ នឹងត្រូវស្តារឡើងវិញក្នុងពេលឆាប់ៗនេះ បន្ទាប់ពីបានបិទទ្វារអស់រយៈពេលពីរសប្តាហ៍ ដើម្បីឲ្យបុគ្គលិកធ្វើការនៅទីនោះធ្វើចត្តាឡីស័ក។
គួររំឭកថា ស្ថានីយចំណតម៉ៃសាន ដែលជាស្ថានីយមានការចរាចរណ៍ទំនិញ ២៥% នៅក្នុងកំពង់ផែ នីងបូ ហ្សូសានទាំងមូល បានរកឃើញបុគ្គលិកបម្រើការម្នាក់មានផ្ទុកកូវីដ១៩ ជាហេតុធ្វើឲ្យអ្នកគ្រប់គ្រងកំពង់ផែសម្រេចបិទទ្វារបណ្ដោះអាសន្ន ដោយក្នុងនោះ កម្មករជាង ២ពាន់នាក់ដែលធ្វើការនៅទីនោះ ត្រូវបានដាក់ឲ្យនៅដាច់ដោយឡែកតាមដានសុខភាពនៅក្នុងកំពង់ផែតែម្តង មិនអនុញ្ញាតឲ្យចេញមកក្រៅនោះទេ។
គួរជម្រាបថា ការផ្អាកដំណើរការបណ្តោះអាសន្ន នៃកំពង់ផែកុងតឺន័រដ៏មមាញឹកបំផុតទីបីនៅលើពិភពលោកមួយនេះ បានធ្វើឱ្យកកស្ទះកប៉ាល់នៅតាមផ្លូវទឹកច្រកចេញចូលធំៗផ្សេងទៀតរបស់ប្រទេសចិន ដូចជានៅសៀងហៃ ស៊ាមិន និងហុងហុងជាដើម ខណៈកប៉ាល់មួយចំនួនបានបង្ខំចិត្តបង្វែរទិសដៅចរាចរណ៍ចេញ ឯខ្លះទៀតត្រូវជាប់គាំងតែម្តង។
សូមបញ្ជាក់ថា នៅ៦ខែដំបូងនៃឆ្នាំ២០២១នេះ កំពង់ផែនីងបូ-ហ្សូសានតែឯងប៉ុណ្ណោះ មានការដឹកជញ្ជូនទំនិញច្រើនជាងគេបំផុត ក្នុងចំណោមកំពង់ផែចិនដទៃទៀត ក្នុងនោះ ការដឹកជញ្ជូនមានចំនួនដល់ទៅជាង ៦២០លានតោន។ នេះបើយោងតាមទិន្នន័យពីក្រសួងសាធារណៈការនិងដឹកជញ្ជូនរបស់ចិន៕