លោក វ៉ាង យី រដ្ឋមន្រ្តីការបរទេសចិន បានប្រាប់សមភាគីសហរដ្ឋអាម៉េរិកថា ទំនាក់ទំនងរវាងសហរដ្ឋអាម៉េរិក និងចិន មានស្ថិរភាព ប៉ុន្តែកត្តាអវិជ្ជមានកំពុងតែត្រូវបានគេបង្កើតឡើងជាបន្តបន្ទាប់។ លោកបានអះអាងនៅមុនជំនួបបិទទ្វារចាប់ផ្តើមថា ភាពតានតឹងអាចនឹងឈានដល់បង្កជាជម្លោះដែលអាចផ្តល់លទ្ធផលតែពាក្យពីរម៉ាត់ប៉ុណ្ណោះគឺចាញ់-ចាញ់ សម្រាប់មហាអំណាចទាំងពីរ។
ជំនួបរវាងប្រមុខការទូតកំពូលរបស់ចិន និងសហរដ្ឋអាម៉េរិក នៅទីក្រុងប៉េកាំងនេះ បានកើតឡើងក្រោយកម្តៅនយោបាយរវាងមហាអំណាចទាំងពីរបានកើនឡើង ក្រោយអាម៉េរិកអនុម័តច្បាប់ប្រឆាំងលើ TikTok ក៏ដូចជាការព្រមានចាត់វិធានការលើប្រព័ន្ធធនាគារចិន ទាក់ទងនឹងការធ្វើពាណិជ្ជកម្មជាមួយនឹងរុស្ស៊ី ក្រោយប្រទេសនេះចូលលុកលុយអ៊ុយក្រែន ជាពិសេសគឺកញ្ចប់ជំនួយយោធាតម្លៃ៨ពាន់លានដុល្លាររបស់អាម៉េរិកផ្តល់ដល់កោះតៃវ៉ាន់។
រដ្ឋមន្ត្រីការបរទេសចិន លោក វ៉ាង យី ទទូចឱ្យសហរដ្ឋអាម៉េរិក កុំជ្រៀតជ្រែកកិច្ចការផ្ទៃក្នុង និងដាក់ការគាបសង្កត់លើការអភិវឌ្ឍន៍នានារបស់ចិន ក៏ដូចជាមិនត្រូវដើរលើបន្ទាត់ក្រហមរបស់ប្រទេសចិន នៅពេលនិយាយអំពីអធិបតេយ្យភាព សន្តិសុខ និងផលប្រយោជន៍របស់ចិន។ ប្រមុខការទូតរូបនេះបានអះអាងថា សិទ្ធិស្របច្បាប់របស់ប្រទេសចិន ក្នុងការអភិវឌ្ឍ កំពុងត្រូវបានគាបសង្កត់ដោយមិនមានហេតុផល ហើយផលប្រយោជន៍ស្នូលរបស់ចិន កំពុងត្រូវបានរារាំងឥតឈប់ឈរ។
ដោយឡែក លោក អេនថូនី ប្លិនខេន រដ្ឋមន្ត្រីការបរទេសអាម៉េរិក រំពឹងថា ភាគីទាំងពីរអាចរីកចម្រើនលើការប្រឆាំងគ្រឿងញៀន ទំនាក់ទំនងយោធា និងយោធា និងការគ្រប់គ្រងហានិភ័យនៃបញ្ញាសិប្បនិម្មិត៕
ដោយៈ សរ សុជាតិ