ដំណើរទស្សនកិច្ចរបស់ប្រមុខការទូតចិនរូបនេះ ត្រូវបានអ្នកតាមដានព្រឹត្តិការណ៍នយោបាយអន្តរជាតិមើលឃើញថា គឺធ្វើឡើង ដើម្បីបង្ហាញពីគោលជំហខំប្រឹងប្រែងចុងក្រោយបង្អស់មួយរបស់ទីក្រុងប៉េកាំង ក្នុងការចែចូវប្រទេសអាស៊ីអាគ្នេយ៍ទាំងនេះ សម្រាប់ការប្រឆាំងនឹងការផ្សព្វផ្សាយផ្នែកការទូត និងសេដ្ឋកិច្ចរបស់ទីក្រុងវ៉ាស៊ីនតោននៅក្នុងតំបន់។
ដំណើរទស្សនកិច្ចរបស់លោក វ៉ាង យី រដ្ឋមន្ត្រីការបរទេសចិន បានចាប់ផ្តើមនៅក្នុងប្រទេសមីយ៉ាន់ម៉ា នៅថ្ងៃទី៣ខែកក្កដា ដោយលោកបានចូលរួមធ្វើជាសហប្រធាននៃកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសនៃយន្តការសហប្រតិបត្តិការទន្លេឡានឆាង-មេគង្គ (Lancang-Mekong) ។ វត្តមានរបស់លោក វ៉ាង យីនេះ ក៏ជាវត្តមានរបស់មន្ត្រីជាន់ខ្ពស់ចិន ដែលបានបំពេញទស្សនកិច្ចនៅប្រទេសមីយ៉ាន់ម៉ាលើកដំបូង ចាប់តាំងពីមានរដ្ឋប្រហារយោធាកាលពីឆ្នាំមុនមក។
រដ្ឋមន្ត្រីការបរទេសមកពីបណ្ដាប្រទេសជាប់ដងមេគង្គក្រោមចំនួន៥រួមមានវៀតណាម ថៃ មីយ៉ាន់ម៉ា ឡាវ និងកម្ពុជាផងដែរ ក៏នឹងត្រូវចូលរួមកិច្ចប្រជុំនេះដែរ នៅចំពេលមានភាពតានតឹងដែលកំពុងបន្តមានដោយសារការគ្រប់គ្រងធនធានទឹក និងការសាងសង់ទំនប់ទឹក។
ក្រោយពីបញ្ចប់ទស្សនកិច្ចនៅមីយ៉ាន់ម៉ា លោក វ៉ាង យី នឹងបន្តដំណើររបស់លោកទៅប្រទេសថៃ ដែលទីក្រុងបាងកកនឹងត្រូវធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំ APEC នៅក្នុងខែវិច្ឆិកាខាងមុខ រួចនឹងបន្តដំណើរទៅប្រទេសហ្វីលីពីន បន្ទាប់មកទៀតនឹងទៅប្រទេសម៉ាឡេស៊ី មុនពេលចូលរួមកិច្ចប្រជុំគណៈរដ្ឋមន្ត្រីការបរទេសសម្រាប់កិច្ចប្រជុំជី២០នៅប្រទេសឥណ្ឌូនេស៊ី។ នេះបើតាមការឱ្យដឹងរបស់ក្រសួងការបរទេសចិន។
លោក ចូវ លីជាំង (Zhao Lijian) អ្នកនាំពាក្យក្រសួងការបរទេសចិនបានរៀបរាប់ប្រទេសមីយ៉ាន់ម៉ាថាជា«ដៃគូសំខាន់ដែលចែករំលែកផលប្រយោជន៍រួមគ្នាដ៏ច្រើន និងស្វែងរកការអភិវឌ្ឍរួមគ្នា»ជាមួយប្រទេសចិនដោយបន្ថែមថា ដំណើររបស់លោក វ៉ាង យី នេះបានធ្វើឡើងចំពេលដែលពិភពលោក «ពោរពេញទៅដោយភាពចលាចល និងការផ្លាស់ប្តូរ»។
មន្ត្រីនាំពាក្យរូបនេះបាននិយាយថា រដ្ឋាភិបាលក្រុងប៉េកាំងសង្ឃឹមថា នឹងបង្កើនទំនាក់ទំនងជាយុទ្ធសាស្ត្រ ធ្វើការសម្រាប់កិច្ចសហប្រតិបត្តិការខ្សែក្រវ៉ាត់និងផ្លូវដែលមានគុណភាពខ្ពស់ ជំរុញការងើបឡើងវិញនៃសេដ្ឋកិច្ច និងលើកកម្ពស់សន្តិភាពនិងភាពស្ងប់ស្ងាត់។
ក្នុងរយៈពេលពីរបីសប្តាហ៍មកនេះលោក Wang មមាញឹកក្នុងការធ្វើដំណើរទៅកាន់តំបន់ប៉ាស៊ីហ្វិកខាងត្បូង និងអាស៊ីកណ្តាលដើម្បីកៀងគរការគាំទ្រសម្រាប់ទីក្រុងប៉េកាំងចំពេលមានការព្រួយបារម្ភកាន់តែខ្លាំងឡើងថា គោលនយោបាយវាយលុកដ៏ទាក់ទាញរបស់រដ្ឋការលោក ចូ បៃដិន ប្រធានាធិបតីអាមេរិក នៅក្នុងតំបន់នេះ កំពុងនាំឲ្យឥទ្ធិពលចិនក្នុងតំបន់ថមថយចុះ។
លោក ចាង មីងលាំង (Zhang Mingliang) អ្នកឯកទេសកិច្ចការអាស៊ីអាគ្នេយ៍មកពីសកលវិទ្យាល័យ Jinan ក្នុងទីក្រុងហ្ក័ងស៊ូ (Guangzhou) បាននិយាយថា ដំណើររបស់លោកវ៉ាង យី គឺជា«ចលនាដែលគេបានគិតគូរយ៉ាងទូលំទូលាយ»ដើម្បីព្យាយាមសុំការគាំទ្រពីប្រទេសទាំងអស់នៅក្នុងតំបន់៕
អត្ថបទ៖ សុខ ជា