ចិន​នៅ​ខេត្ត​ព្រះសីហនុ

ចៅហ្វាយខេត្ត​ព្រះសីហនុ​រាយការណ៍​ពី​ភាព​អវិជ្ជមាន​របស់​ជនជាតិ​ចិន​ទៅ​ឧបនាយករដ្ឋមន្ត្រី!


កំណើន​នៃ​លំហូរ​វិនិយោគ​ចិន ទេសចរ​ចិន និង​អ្នក​រកស៊ី​ចិន​ ដែលមក​ទស្សនា​ ស្នាក់នៅ និង​ធ្វើ​អាជីវកម្ម​នៅ​ប្រទេស​កម្ពុជា ជាពិសេស នៅ​ខេត្ត​ឆ្នេរ​សមុទ្រ ព្រះសីហនុ បាន​បង្ក​ឲ្យ​មាន​ចំណាប់​អារម្មណ៍​យ៉ាង​ខ្លាំង ពីសំណាក់​មហា​ជន​ខ្មែរ ក៏​ដូច​ជា​បណ្ដាញ​សារព័ត៌មាន ទាំង​ក្នុងស្រុក​ និង​អន្តរជាតិ។
លោក យន្ត មីន (ឆ្វេង) ចៅហ្វាយ​ខេត្ត​ព្រះសីហនុ កាលពីថ្ងៃ​ទី​២៤ មករា ២០១៨ បាន​សរសេរ​លិខិត​ជូន​ឧបនាយករដ្ឋមន្ត្រី ស ខេង អំពី​ភាព​អវិជ្ជមាន​នៃ​ជនជាតិ​ចិន​ដែលរស់នៅ​ខេត្ត​ព្រះសីហនុ។
ដោយ

ថ្មីៗនេះ ​ចៅហ្វាយ​ខេត្ត​ព្រះ​សីហនុ លោក យន្ត មីន បាន​សរសេរ​លិខិតលម្អិត​មួយ​ច្បាប់ ជូនទៅ​ឧបនាយករដ្ឋមន្ត្រី និងជា​រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ សម្ដេច​ក្រឡាហោម ស ខេង ដោយ​រៀបរាប់​យ៉ាងក្បោះក្បាយ​ អំពី​ភាព​វិជ្ជមាន និងអវិជ្ជមាន​ពាក់ព័ន្ធ​នឹង​ជន​ជាតិ​ចិន ដែលស្នាក់នៅ​និងរកស៊ី​នៅ​ខេត្ត​ឆ្នេរ​ភាគ​និរតី​នៃ​ប្រទេស​មួយ​នេះ ព្រមទាំង​វិធានការ​ដែល​អាជ្ញាធរ​បាន​និងកំពុង​ដាក់​ចេញ​ដើម្បី​ដោះស្រាយ​បញ្ហា​នេះ។

បើតាម​លោក​ចៅហ្វាយ​ខេត្ត យន្ត មីន ​ភាព​វិជ្ជមាន​មួយចំនួន ដែល​ជា​ផល​នៃ​លំហូរ​វិនិយោគ​ចិន និង​ជនជាតិ​មក​កាន់​ខេត្ត​ព្រះសីហនុ​ រួមមាន​ដូចជា រោងចក្រ​មាន​​ចំនួន​កើន​ឡើង និង​បាន​ផ្ដល់​ការងារ​ដល់​ប្រជាពលរដ្ឋ កម្មករ-​កម្មការិនី​កាន់​តែ​ច្រើន​ឡើង។ វិស័យ​ដី​ធ្លី និង​អចលនទ្រព្យ​មាន​តម្លៃ​កើន​ឡើង សំណង់​អគារ​ពាណិជ្ជកម្ម​ខ្ពស់ៗ​មាន​ចំនួន​កាន់​តែ​ច្រើន មាន​សណ្ឋាគារ​ កាស៊ីណូ ភោជនីយដ្ឋាន​ធំៗ សម្រាប់​ទទួល​ភ្ញៀវ​ចិន កសិផល​និង​ផលិតផល​ក្នុង​ស្រុក​មាន​ទីផ្សារ​ល្អ ប្រាក់​ចំណូល​ពន្ធ​កើន​ឡើង ។ល។ 

ប៉ុន្តែ ទន្ទឹម​នឹង​នេះ លោកចៅហ្វាយ​ខេត្តដែល​ជាអតីត​មេទ័ព​ ក៏​លើក​ឡើង​យ៉ាង​លម្អិត​ផងដែរ អំពី​បាតុភូត​មិន​ល្អ​ដែល​បង្ក​ដោយ​ជនជាតិ​ចិន ដែល​ជះ​ឥទ្ធិពល​អវិជ្ជមាន​នៅ​ក្នុង​ខេត្ត​​មួយ​នេះ ដូចជា៖ 

  1. ជនជាតិ​ចិន​ជា​ពួក​ម៉ាហ្វ៊ីយ៉ា​មួយចំនួន បន្លំ​ខ្លួន​ចូល​មក​ប្រព្រឹត្ត​បទ​ល្មើសផ្សេងៗ និង​ចាប់​ជម្រិត​អ្នក​វិនិយោគ​ជនជាតិ​ចិន បង្ក​អសន្តិសុខ។
  2. កម្មករ​បរទេស​តាមការដ្ឋាន​សំណង់​មាន​ចំនួន​ច្រើន​លើស​ពី​ច្បាប់​កំណត់
  3. ជនបរទេស​បើក​ហាង​រកស៊ី​តូច​តាច នាំ​ឲ្យ​ប៉ះពាល់​ និង​បង្ក​ការថ្នាំងថ្នាក់​ពី​ប្រជាពលរដ្ឋ​
  4. ជនបរទេស​បើក​រថយន្ត​ដោយ​គ្មាន​ច្បាប់​អនុញ្ញាត រថយន្ត​ជនបរទេស​មួយ​ចំនួន មាន​ស្លាក​លេខ ខ.ម ឬ ន.ប ស្លាក​សញ្ញា​ក្បាលតោ ហើយ​មិន​សូវ​គោរព​ច្បាប់​ចរាចរណ៍
  5. ជនបរទេស​ខ្លះ​ផឹក​ស៊ី​ស្រវឹង​ ស្រែក​ឡូឡា ឈ្លោះ​ប្រកែក​គ្នា វាយ​តប់​គ្នា​នៅ​តាម​ភោជនីយដ្ឋាន និងតាម​ទីសាធារណៈ
  6. ជនជាតិចិន​បាន​ជួល​ផ្ដាច់​សណ្ឋាគារ ផ្ទះ​សំណាក់​មួយ​ចំនួន​ធំ ដែលធ្វើ​ឲ្យ​ការផ្ដល់​សេវា​ស្នាក់នៅ​សម្រាប់​ភ្ញៀវ​ទេសចរ​ជាតិ អន្តរជាតិ មិន​បាន​បំពេញ​បាន​តាម​តម្រូវការ​ក្នុង​ពេល​មាន​ពិធី​បុណ្យ​ទាន និង​ថ្ងៃ​ឈប់​សម្រាក។
  7. បន្ទប់​ស្នាក់​នៅ​ជួល​ប្រចាំ​ខែ មានតម្លៃ​កើន​ឡើង នាំ​ឲ្យ​ប៉ះពាល់​ដល់​ជីវភាព​រស់នៅ​របស់​មន្ត្រី​រាជការ កម្មករ និង​អ្នក​ស្នាក់នៅដទៃទៀត ។ល។

ចំពោះ​មុខ​ភាព​អវិជ្ជមានទាំង​នេះ អាជ្ញាធរ​ខេត្ត​ក៏​ហាក់​មិន​បាន​នៅ​ស្ងៀមដែរ ដោយ​បើ​តាម​លិខិត​លោក យន្ត មីន លោ​ក​បាន​អះអាងថា អាជ្ញាធរ​ខេត្ត​បាន​ដាក់​ចេញ​នូវ​វិធានការ​ជាច្រើន ដូចជា៖

  1. កងកម្លាំង​ប្រដាប់​អាវុធ​ទាំងបី សហការការពារសន្តិសុខ សណ្ដាប់​ធ្នាប់ របៀបរៀបរយ​ក្នុង​ខេត្ត ក្នុង​នោះ​ កម្លាំង​តំបន់​ប្រតិបត្តិការសឹករង​ខេត្ត និង​កង​រាជ​អាវុធហត្ថ​ខេត្ត ត្រូវ​ត្រៀម​សហការ​ជាមួយ​កម្លាំង​ស្នងការនគរបាល​ខេត្ត​ ដើម្បី​អន្តរាគមន៍​ក្នុង​ករណី​ចាំបាច់។ 
  2. មន្ទីរ​ការងារ​ខេត្ត​ត្រូវជំរុញ​ម្ចាស់​សហគ្រាស ក្រុមហ៊ុន​នានា ឲ្យណែនាំ​ដល់​ជនបរទេស​ដែល​កំពុង​បម្រើ​ការងារ​នៅក្នុងអាជីវកម្ម​របស់​ខ្លួន មក​បំពេញ​បែប​បទ​សុំ​សៀវភៅ​ការងារ​ឲ្យ​បាន​គ្រប់ៗ​គ្នា។
  3. មន្ទីរ​ពាណិជ្ជកម្ម​ត្រូវ​ចុះ​ត្រួតពិនិត្យ​ និង​ស្រង់​ស្ថិតិ​បណ្ដា​អាជីវកម្ម​ជនបរទេស ហើយ​ត្រូវ​ធ្វើ​របាយការណ៍​មក​រដ្ឋបាល​ខេត្ត និង​ស្នើសុំ​គោលការណ៍​ពី​ក្រសួង​ពាណិជ្ជកម្ម។
  4. មន្ទីរវប្បធម៌​និងវិចិត្រ​សិល្បៈ​ខេត្ត ត្រូវ​ចុះ​ពិនិត្យ​បណ្ដា​ស្លាក​យីហោ តាមហាង សណ្ឋាគារ ភោជនីយដ្ឋាន ការដ្ឋានសំណង់ ជនបរទេស ដោយ​ណែនាំ​ឲ្យ​គោរព​តាម​ច្បាប់​កំណត់។
  5. អង្គភាព​ពន្ធដារ ត្រូវ​ចុះ​ពិនិត្យ​តាម​ក្រុមហ៊ុន រោងចក្រ សហគ្រាស និង​អាជីវកម្ម​បរទេស ដើម្បីពង្រឹង​ការប្រមូលពន្ធ ជូនរដ្ឋ​ឲ្យ​បាន​ត្រឹមត្រូវ។

គួរ​បញ្ជាក់ថា បើតាម​របាយការណ៍​របស់​ចៅហ្វាយ​ខេត្ត​ព្រះសីហនុ​ដដែល ជនជាតិ​ចិន​ប្រកប​​អាជីវកម្ម​​​នៅ​ខេត្ត​ព្រះសីហនុ ពោល​គឺ​មាន​រហូត​ដល់​ជាង ៤​ពាន់ ៥០០​នាក់ ឬ​ស្មើ​នឹង ៧០% នៃ​ជន​បរទេស​សរុប​ជាង ៦​ពាន់​នាក់ ដែល​មាន ៦១​សញ្ជាតិ៕




អត្ថបទបន្ទាប់


ដឹងទេ​ថា ចិន​មក​ខេត្ត​ព្រះសីហនុ កំពុង​រកស៊ី​អ្វី​ខ្លះ?

តម្លៃ​ដី​ផ្ទះ​ជួល​ស្នាក់​នៅ និង​ប្រកប​អាជីវកម្ម នៅក្នុង​ក្រុង​នៃ​ខេត្ត​ព្រះសីហនុ កំពុង​មាន​ការ​កើន​ឡើង​ខ្ពស់​មិន​ធ្លាប់​មាន​ពីមុន​នោះ​ទ…

កម្ពុជាមានក្រុមហ៊ុនធានារ៉ាប់រង ៥៧ និង​មានទឹកប្រាក់សរុប ១១២​លាន​ដុល្លារអាមេរិក

លោក ងី តាយី រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ បានថ្លែងថា វិស័យធានារ៉ាប់ ដែលបានចាប់ផ្តើមបង្កើតឡើងនៅកម្ពុជាតាំងពីនៅឆ្នាំ១៩៩៩ …
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ