វិនិយោគិន

តើកម្ពុជា មានចំណុចពិសេសអ្វីទាក់ទាញឱ្យវិនិយោគិនចិន បោះទុនវិនិយោគច្រើនជាងគេនៅឆ្នាំ២០២៤?


នៅពេញមួយឆ្នាំ២០២៤ កន្លងទៅ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានអនុម័តលើគម្រោងវិនិយោគថ្មី និងគម្រោងពង្រីកផលិតកម្មបានចំនួន៤១៤គម្រោង ជាមួយទុនវិនិយោគជិត៧ពាន់លានដុល្លារអាម៉េរិក ដែលជាប្រវត្តិសាស្ត្រខ្ពស់បំផុតមិនធ្លាប់កន្លងមក។ វិនិយោគិនចិន បានឈរកំពូលតារាងជាអ្នកបោះទុនវិនិយោគច្រើនជាងគេ ដែលមានចំណែករហូតដល់ជិត៥០% នៃទំហំទុនវិនិយោគសរុបរបស់កម្ពុជា នៅឆ្នាំ២០២៤។ តើកម្ពុជា មានចំណុចពិសេសអ្វីទាក់ទាញឱ្យវិនិយោគិនចិន បោះទុនវិនិយោគច្រើនជាងគេនៅឆ្នាំ២០២៤?
វិនិយោគិន
ដោយ

វិនិយោគិនចិន បានឈរកំពូលតារាងជាអ្នកបោះទុនវិនិយោគច្រើនជាងគេនៅកម្ពុជា ក្នុងឆ្នាំ២០២៤ កន្លងមក ហើយនេះមិនមែនជាលើកទី១នោះទេ ដែលវិនិយោគិនចិន បានបោះទុនវិនិយោគច្រើនជាងគេនៅកម្ពុជា ពោលគឺចិនបានក្លាយជាប្រភពវិនិយោគដ៏ធំរបស់កម្ពុជា ជាច្រើនឆ្នាំមកហើយ។ សំណួរសួរថា តើកម្ពុជា មានចំណុចពិសេសអ្វីខ្លះទើបទាក់ទាញឱ្យវិនិយោគិនចិន ហ៊ានបោះទុនវិនិយោគច្រើនជាងគេយ៉ាងដូច្នេះ?

ឆ្លើយតបនឹងសំណួរនេះ លោកបណ្ឌិត យង់ ពៅ អគ្គលេខាធិការ នៃរាជបណ្ឌិត្យសភាកម្ពុជា បានបង្ហាញការយល់ឃើញរបស់ខ្លួនថា កត្តាដែលធ្វើឱ្យវិនិយោគិនចិន បោះទុនវិនិយោគច្រើនជាងគេនៅកម្ពុជា គឺដោយសាររដ្ឋាភិបាលកម្ពុជា មានទំនាក់ទំនងល្អជាមួយចិន ហើយកិច្ចសហប្រតិបត្តិការទ្វេភាគីល្អនេះបានជួយសម្រួលនិងផ្តល់ទំនុកចិត្តដល់អ្នកវិនិយោគិនចិន ក្នុងការបោះទុនវិនិយោគនៅកម្ពុជា។

សម្រាប់អ្នកជំនាញរូបនេះ មិនថាការវិនិយោគរបស់វិនិយោគិនចិន ឬវិនិយោគិនមកពីប្រទេសផ្សេងៗនោះទេ តែងរួមចំណែកជួយអភិវឌ្ឍន៍សង្គម និងសេដ្ឋកិច្ច ជាពិសេសផ្ដល់ការងារដល់ប្រជាជនកម្ពុជាតែម្តង។

ជាមួយគ្នានេះ អ្នកឧកញ៉ា លឹម ហេង អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា បានចាត់ទុកការមានស្ថិរភាពនយោបាយ មិត្តភាពល្អរវាងប្រទេសទាំងពីរ និងកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទ្វេភាគី គួបផ្សំច្បាប់វិនិយោគថ្មីមានភាពអំណោចផល ជាកត្តាដែលទាក់ទាញឱ្យវិនិយោគិនចិន បោះទុនវិនិយោគច្រើនជាងគេនៅកម្ពុជា។ អ្នកជំនាញរូបនេះជឿជាក់ថា ការដំឡើងពន្ធរបស់សហរដ្ឋអាម៉េរិក ក្រោមរដ្ឋបាលដឹកនាំរបស់លោក ដូណាល់ ត្រាំ នឹងជំរុញឱ្យវិនិយោគិនចិន មកបោះទុនវិនិយោគនៅកម្ពុជា កាន់តែច្រើនថែមទៀត។

​ជុំវិញការវិនិយោគរបស់វិនិយោគិនចិន នៅកម្ពុជា នេះដែរ លោក សន ជ័យ នាយកប្រតិបត្តិនៃសម្ព័ន្ធគណនេយ្យភាពសង្គមកម្ពុជា កត់សម្គាល់ឃើញថា ការវិនិយោគរបស់ចិន នៅកម្ពុជា បានរួមចំណែកជាច្រើនក្នុងការជួយអភិវឌ្ឍន៍សង្គម និងសេដ្ឋកិច្ចកម្ពុជា។ ទន្ទឹមនឹងនេះ ការវិនិយោគរបស់វិនិយោគិនចិនមួយចំនួន ក៏បានជះឥទ្ធិពលអវិជ្ជមាន និងផ្តល់រូបភាពមិនសូវល្អដល់កម្ពុជា ផងដែរ។

​បើយោងតាមរបាយការណ៍របស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា នៅពេញមួយឆ្នាំ២០២៤ កន្លងទៅ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានអនុម័តគម្រោងវិនិយោគរហូតដល់៤១៤គម្រោង ក្នុងនោះគម្រោងវិនិយោគថ្មីចំនួន៣៨៧គម្រោង និងគម្រោងពង្រីកផលិតកម្មចំនួន២៧គម្រោង ដែលមានទុនវិនិយោគសរុបប្រមាណ៦,៩ពាន់លានដុល្លារអាមេរិក និងបានបង្កើតការងារជិត៣២ម៉ឺនកន្លែង។ ក្នុងចំណោមវិនិយោគិនដែលបានបោះទុនវិនិយោគនៅកម្ពុជា វិនិយោគិនចិន ជាអ្នកបោះទុនវិនិយោគច្រើនជាងគេ ដែលបានរួមចំណែករហូតដល់ប្រមាណ៥០% នៃទំហំវិនិយោគសរុបរបស់កម្ពុជា នៅឆ្នាំ២០២៤ ដែលតាមពីក្រោយដោយវិនិយោគិនកម្ពុជា មានចំណែក៣៤% និងវិនិយោគិនវៀតណាម មាន៨%៕

អត្ថបទដោយ៖ ជា ម៉ារ៉ា




អត្ថបទបន្ទាប់


តើមានកត្តាអ្វីជំរុញឱ្យការនាំចេញ និងតម្លៃជ័រកៅស៊ូរបស់កម្ពុជា មានការកើនឡើងខ្ពស់នៅឆ្នាំមុន?

ទីផ្សារនាំចេញ និងតម្លៃជ័រកៅស៊ូរបស់កម្ពុជា មានការកើនឡើងគួរឱ្យកត់សម្គាល់នៅមួយរយៈចុងក្រោយនេះ។ ជាក់ស្តែងនៅពេញមួយឆ្នាំ២០២៤ កន្លងទៅនេះ កម្ពុ…

តើការអូសបន្លាយភ្លៀងកក់ខែនៅរដូវប្រាំងនេះអាចធ្វើឱ្យប៉ះពាល់ដល់ផែនការផលិតអំបិលនៅឆ្នាំនេះដែរឬទេ?

ការផលិតអំបិលរបស់កម្ពុជា នៅខេត្តកែប និងខេត្តកំពត នឹងចាប់ផ្ដើមពីខែមករា ដល់ខែកក្កដា។ ជារៀងរាល់ឆ្នាំ ខែដែលទទួលបានទិន្នផលអំបិលច្រើនជាងគេ …
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ