យោងតាមទិន្នន័យពីសភាពាណិជ្ជកម្មរបស់ប្រទេសចិនសម្រាប់ការនាំចូល និងនាំចេញឱសថ និងផលិតផលសុខភាពដែលជាក្រុមអាជីវកម្មគាំទ្រដោយរដ្ឋបានបង្ហាញថា នៅក្នុងឆមាសទីមួយនៃឆ្នាំ២០២៣ ប្រទេសចិនបាននាំចេញឱសថនិងឧបករណ៍វេជ្ជសាស្ត្រក្នុងទំហំទឹកប្រាក់ចំនួន៥២ពាន់លានដុល្លារ។
ទិន្នន័យនេះក៏បានបង្ហាញដែរថាការនាំចេញឱសថរបស់បស្ចិមលោកបានធ្លាក់ចុះ២៣.៤%នៅក្នុងឆមាសទីមួយនៃឆ្នាំ២០២៣បើធៀបនឹងពេលដូចគ្នាកាលពីឆ្នាំមុនខណៈពេលការនាំចេញឱសថបុរាណរបស់ចិនបានកើនឡើង៣.៦%បើទោះជាតម្លៃរបស់ឱសថបុរាណនេះមានចំនួនតិចជាង៦% នៃការនាំចេញឱសថសរុបក៏ដោយ។
ទិន្នន័យរបស់សភាពាណិជ្ជកម្មប្រទេសចិននេះក៏បានបង្ហាញដែរថា ការនាំចេញឧបករណ៍វេជ្ជសាស្ត្ររបស់ចិនដែលរួមបញ្ចូលទាំងឧបករណ៍វេជ្ជសាស្ត្រមួយចំនួនដូចជាឧបករណ៍វាស់ចង្វាក់បេះដូង និងម៉ាស់សម្រាប់ការវះកាត់ជាដើមបានធ្លាក់ចុះ៣១.៥%។
សភាពាណិជ្ជកម្មចិនបាននិយាយនៅក្នុងបទវិភាគមួយដែលសំដៅទៅរកការធ្លាក់ចុះនៃនាំចេញការផ្គត់ផ្គង់សម្រាប់ជំងឺកូវីដ១៩ដូចជាថ្នាំវ៉ាក់សាំង និងឧបករណ៍ធ្វើតេស្តជាដើមថា«ការធ្លាក់ចុះតម្រូវការពីខាងក្រៅនៅតែជះឥទ្ធិពលដោយផ្ទាល់ដល់ការនាំចេញផ្នែកវេជ្ជសាស្រ្តរបស់ប្រទេសចិន»។
សភាពាណិជ្ជកម្មនេះបានរំពឹងថាការនាំចេញឱសថរបស់ប្រទេសចិននឹងបន្តធ្លាក់ចុះនៅក្នុងឆមាសទី២ឆ្នាំនេះបើធៀបនឹងពេលដូចជាគ្នាកាលពីឆ្នាំមុនបើទោះជាអត្រានៃការធ្លាក់ចុះនេះនឹងមានកម្រិតបន្តិចបន្តួចក៏ដោយ។ សភានេះបានព្យាករថាតម្លៃសរុបនៃការនាំចេញវេជ្ជសាស្រ្តរបស់ចិនសម្រាប់ រយៈពេលពេញមួយឆ្នាំនឹងធ្លាក់ចុះ១៥%ចាប់ពីឆ្នាំ២០២២ដោយសារឧស្សាហកម្មនេះបានធ្លាក់ចុះពីកម្រិតខ្ពស់បណ្តាលមកពីជំងឺរាតត្បាតមួយនេះ។
នៅក្នុងលក្ខខណ្ឌនៃទិសដៅមួយចំនួន ការនាំចេញឱសថរបស់ប្រទេសចិនទៅកាន់ទីផ្សារសំខាន់ៗ រួមទាំងសហភាពអឺរ៉ុប និងសហរដ្ឋអាមេរិកផងដែរបានធ្លាក់ចុះគិតជាតម្លៃនៅក្នុងឆមាសទីមួយនៃឆ្នាំ២០២៣បើធៀបនឹងពេលដូចគ្នាកាលពីឆ្នាំមុនប៉ុន្តែការនាំចេញទៅប្រទេសរុស្ស៊ីបានកើនឡើង៨.៦%ដោយសារការកើនឡើងនៃការដឹកជញ្ជូនឧបករណ៍វេជ្ជសាស្រ្ត។
ទោះយ៉ាងណាក៏ដោយចុះ ប្រទេសជិតខាងដែលស្ថិតនៅភាគខាងជើងប្រទេសចិនមួយនេះមិនមែនជាអ្នកទិញដ៏ធំជាពិសេសនៃការនាំចេញផ្នែកវេជ្ជសាស្រ្តរបស់ចិននោះទេ ព្រោះថាបើគិតជាតម្លៃនៃការនាំចូលបរិក្ខារវេជ្ជសាស្ត្រសម្រាប់ឆមាសទីមួយឆ្នាំនេះគឺមានចំនួនតិចជាង៣%នៃចំនួនតម្លៃសរុបតែប៉ុណ្ណោះ៕