នេះប្រទេសកម្ពុជាយើងមានប្រជាជនតែ១៥លាននាក់ផង។ សាកគិតស្រមៃនៅប្រទេសចិនវិញ តើចរាចរណ៍នឹងកកស្ទះយ៉ាងណានៅពេលដែលប្រជាជនប្រមាណ១ពាន់៤រយលាននាក់ធ្វើដំណើរនៅពេលឈប់សម្រាកបុណ្យចូលឆ្នាំចិន ដែលមានរយៈពេលដល់ទៅកន្លះខែនោះ?
សារព័ត៌មាន The Telegraph សរសេរថា ក្នុងអំឡុងពេលបុណ្យចូលឆ្នាំថ្មីប្រពៃណីចិន ដែលចាប់ផ្ដើមពីថ្ងៃទី២៨ មករាទៅ អាជ្ញាធរចិនរំពឹងថា ប្រជាជាតិចិនទាំងមូលនឹងធ្វើដំណើរ ២ពាន់ ៥រយលានជើង តាមផ្លូវគោក ៣៥៦លានជើងតាមផ្លូវរថភ្លើង ៥៨លានជើងតាមយន្តហោះ និង ៤៣លានជើង តាមផ្លូវសមុទ្រ។ នេះជារដូវកាលធ្វើដំណើរប្រចាំឆ្នាំរបស់មនុស្សដែលធំជាងគេបំផុតនៅលើពិភពលោក។
តួលេខខាងលើនេះ បង្ហាញថា ប្រជាជនចិនម្នាក់ក្នុងចំណោមជិត ១ពាន់ ៤រយលាននាក់ ធ្វើដំណើរជិតពីរជើង។
រោងចក្រនិងក្រុមហ៊ុនជាច្រើននៅចិនបិទទ្វារយ៉ាងតិចពីរសប្ដាហ៍
ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ប្រជាជនចិនភាគច្រើនបំផុតធ្វើដំណើរវិលត្រលប់ទៅស្រុកកំណើតដើម្បីជួបជុំក្រុមគ្រួសាររបស់ខ្លួន ដូច្នេះ ក្រុមហ៊ុននិងរោងចក្ររាប់សែនកន្លែង ត្រូវបិទទ្វារក្នុងរយៈពេលតិចបំផុត ១៥ថ្ងៃជាប់គ្នា។
មូលហេតុគឺថា សម្រាប់ប្រជាជនចិន ជាពិសេស កម្មករចំណាកស្រុក បុណ្យចូលឆ្នាំថ្មី គឺជាឱកាសតែមួយគត់ក្នុងមួយឆ្នាំ ដែលពួកគេអាចចំណាយពេលសម្រាកជាមួយក្រុមគ្រួសារសាច់ញាតិ។
រឿងគួរឲ្យចាប់អារម្មណ៍មួយទៀត គឺថា រោងចក្រនានាមិនដែលដឹងមុនថា កម្មកររបស់ពួកគេនឹងវិលត្រលប់ចូលធ្វើការងារវិញនៅពេលណាទេ ដែលនាំឲ្យមានការពន្យារពេលសង្វាក់ផលិតកម្មជារឿយៗ។ នេះក៏ដោយសារតែនៅស្រុកចិន ខ្វះកម្លាំងកម្មករច្រើន ដូច្នេះ កម្មករងាយស្រួលរកការងារថ្មីបានណាស់ ប្រសិនបើគេត្រូវបានបណ្ដេញចេញដោយសារឈប់សម្រាកបុណ្យចូលឆ្នាំលើសពេលកំណត់៕