អ្នកដំណើរចិនចូលមកកម្ពុជាបន្ដធ្លាក់ចុះជិត៦០%នៅត្រីមាសទី១

អ្នកដំណើរចិនចូលមកកម្ពុជាបន្ដធ្លាក់ចុះជិត៦០%នៅត្រីមាសទី១ឆ្នាំនេះ ខណៈអ្នកដំណើរពីប្រទេសគោលដៅផ្សេងទៀតកើនឡើងវិញ


ក្រសួងទេសចរណ៍បានបង្ហាញឲ្យឃើញថា អ្នកដំណើរជនជាតិចិនប្រហែល១ម៉ឺននាក់បានធ្វើដំណើរចូលមកកម្ពុជានៅត្រីមាសទី១ឆ្នាំនេះ មានការថយចុះជិត៦០% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន ខណៈដែលអ្នកដំណើរពីប្រទេសគោលដៅផ្សេងៗទៀត មានសម្ទុះងើបឡើងគួរឲ្យកត់សម្គាល់។
អ្នកដំណើរបរទេស រូបភាព៖ Cambodia Airports
ដោយ

តើមានកត្តារាំងស្ទះអ្វីខ្លះ បានទាញទម្លាក់ចំនួនអ្នកដំណើរជនជាតិចិនចូលមកកម្ពុជាបែបនេះ? ជុំវិញបញ្ហានេះមន្ត្រីជាន់ខ្ពស់រដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិលបានគូសបញ្ជាក់ថា ការធ្លាក់ចុះនេះ គឺដោយសារវិធានការគ្មានកូវីដ-១៩ របស់ចិនតឹងរ៉ឹងពេក គួបផ្សំការកាត់បន្ថយការហោះហើរ និងតម្លៃសំបុត្រឡើងថ្លៃខ្ពស់។ ទោះយ៉ាងណាមន្ត្រីជាន់ខ្ពស់រូបនេះ វាយតម្លៃថា ចំនួនអ្នកដំណើរជនជាតិចិនចូលមកកម្ពុជា នឹងមានភាពល្អប្រសើរឡើងវិញ បន្ទាប់ពីចិនមានការបន្ធូរបន្ថយវិធានការទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩។​

ក្រោយរាជរដ្ឋាភិបាលប្រកាសបើកសកម្មភាពសង្គម និងសេដ្ឋកិច្ចលើគ្រប់វិស័យឡើងវិញ និងលើកលែងការធ្វើតេស្ត និងចត្តាឡីស័កសម្រាប់អ្នកដំណើរចូលកម្ពុជា ដែលបានចាក់វ៉ាក់សាំងកូវីដ-១៩ រួច យើងសង្កេតឃើញចរន្តអ្នកដំណើរបរទេសចូលមកកម្ពុជាមានការកើនឡើងគួរឲ្យកត់សម្គាល់នៅមួយរយៈចុងក្រោយនេះ។ ស្របពេលអ្នកដំណើរមកពីប្រទេសផ្សេងៗក្នុងទីផ្សារកំពូលទាំង១០របស់កម្ពុជាសុទ្ធតែបង្ហាញសញ្ញាវិជ្ជមាន អ្នកដំណើរជនជាតិចិនចូលមកកម្ពុជាបែរ ជានៅតែមានការធ្លាក់ចុះយ៉ាងគំហុកទៅវិញ។

ជាក់ស្តែង បើតាមស្ថិតិទីផ្សារអ្នកដំណើរកំពូលទាំង១០របស់ក្រសួងទេសចរណ៍ ដែលផ្តល់ដោយរដ្ឋាលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល នៅត្រីមាសទី១ឆ្នាំ២០២២ មានអ្នកដំណើរជនជាតិចិនជិត១ម៉ឺននាក់ប៉ុណ្ណោះ បានធ្វើដំណើរចូលមកកម្ពុជា មានការថយចុះជិត៦០% បើធៀបនឹងត្រីមាសទី១ កាលពីឆ្នាំមុន ដែលមានជិត២ម៉ឺន៤ពាន់នាក់។

ពាក់ព័ន្ធបញ្ហានេះ ឯកឧត្តម ស៊ីន ចាន់សិរីវុត្ថា អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យរដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិលបានគូសបញ្ជាក់ថា ការធ្លាក់ចុះចំនួនអ្នកដំណើរជនជាតិចិនចូលមកកម្ពុជានេះ គឺដោយសារចិនមានការរឹតបន្តឹងខ្លាំងលើវិញធានការកូវីដ-១៩ សម្រាប់អ្នកដំណើរចេញចូលប្រទេសរបស់ខ្លួន ដែលទាមទារឲ្យមានការធ្វើតេស្តរកមេរោគកូវីដ-១៩ និងការធ្វើចត្តាឡីស័ក។ កត្តានេះបានជំរុញឲ្យមានការកាត់បន្ថយការហោះហើរ និងតម្លៃដឹកជញ្ជូនឡើងថ្លៃខ្ពស់កប់ពពកដែលធ្វើឲ្យអ្នកដំណើរហាក់រារែកក្នុងការធ្វើដំណើរ។

បើតាមការគូសបញ្ជាក់ឯកឧត្តម ស៊ីន ចាន់សិរីវុត្ថា បច្ចុប្បន្នមានក្រុមហ៊ុនអាកាសចរណ៍ចំនួន៧ដែលធ្វើប្រតិបត្តិការហោះហើរទៅមកកម្ពុជា-ចិន។ ប៉ុន្តែក្នុង១សប្តាហ៍មានតែក្រុមហ៊ុនពីរប៉ុណ្ណោះ ដែលបានហោះហើរទៅមកកម្ពុជា-ចិន។

តែយ៉ាងណាឯកឧត្តម ស៊ីន ចាន់សិរីវុត្ថា រំពឹងថា ចំនួនអ្នកដំណើរជនជាតិចិនចូលមកកម្ពុជានឹងមានកំណើនល្អប្រសើរឡើងវិញ ក្រោយចិនមានការបន្ធូរបន្ថយលើវិធានការទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩។ បើតាមការគូសបញ្ជាក់របស់មន្ត្រីជាន់ខ្ពស់រូបនេះ ចិននឹងមានការបន្ធូរបន្ថយលើវិធានការទប់ស្កាត់កូវីដ-១៩ នៅក្នុងទីក្រុងមួយចំនួនរបស់ខ្លួននៅចុងខែឧសភា ឬដើមខែមិថុនា ខាងមុខនេះ។ អ្នកជំនាញរូបនេះវាយតម្លៃថា វិស័យអាកាសចរណ៍កម្ពុជានឹងអាចវិលមកភាពល្អប្រសើរដូចមិនទាន់មានកូវីដ-១៩ វិញនៅចុងឆ្នាំ២០២៤ ឬដើមឆ្នាំ២០២៥។

បើតាមស្ថិតិទីផ្សារអ្នកដំណើរអន្តរជាតិកំពូលទាំង១០របស់កម្ពុជានៅក្នុងត្រីមាសទី១ឆ្នាំ២០២២ អ្នកដំណើរមកពីប្រទេសវៀតណាម បានគ្រងកំពូងតារាងមានអ្នកដំណើរចូលមកកម្ពុជាច្រើនជាងគេ ដែលមានចំនួនជាង៤ម៉ឺន៦ពាន់នាក់ ខណៈថៃឈរលំដាប់ទីពីរមានជិត៤ម៉ឺននាក់ និងចិនឈរលំដាប់លេខ៣មានជិត១ម៉ឺននាក់។ បើតាមរបាយការណ៍ ដែលផ្តល់ដោយរដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល នៅពេញ១ខែមេសា កន្លងទៅមានអ្នកដំណើរជាង១២ម៉ឺននាក់បានធ្វើដំណើរចូលមកកម្ពុជាតាមអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ អាកាសយានដ្ឋានអន្តរជាតិខេត្តព្រះសីហនុ និងអាកាសយានដ្ឋានអន្តរជាតិខេត្តសៀមរាប។ ចំនួននេះ មានការកើនឡើងជាង៥០០% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


អាមេរិកចង់ឲ្យអឺរ៉ុបរួមសម្ព័ន្ធជាមួយគ្នា ដើម្បីទប់ទល់ឥទ្ធិពលចិន

ព័ត៌មាន
រដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុសហរដ្ឋអាមេរិកលោកស្រី Janet Yellen នៅថ្ងៃទី១៧ ឧសភា បានចេញមុខរិះគន់ខ្លាំងៗទៅលើការអនុវត្តគោលនយោបាយសេដ្ឋកិច្ច និង…

តោះៗ ស្អែកមកមកទទួលរង្វាន់ពី បុរី មេគង្គ លែន ពីការដាក់ស្តង់បង្ហាញគម្រាងទាំង២ រួមជាមួយនឹងប្រូម៉ូសិនបញ្ចុះតម្លៃយ៉ាងច្រើនសន្ធឹកសន្ធាប់ នៅផ្សារអូឡាំពិក

ព័ត៌មាន
ដោយមានការគាំទ្រនិងចាប់អារម្មណ៍ ពីណាក់អតិថិជនរបស់ បុរី មេគង្គ លែន យ៉ាងច្រើនច្រើនសន្ធឹកសន្ធាប់ ពេលនេះបុរី មេគង្គ លែន នឹងមានការរៀបចំតាំ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ