លោក ឱក សេរីសោភក្តិ៍ ទីប្រឹក្សាឯករាជ្យ និងជាអ្នកជំនាញអភិបាលកិច្ចល្អ បានកត់សម្គាល់ឃើញថា ប្រទេសចិន ហាក់កំពុងសម្រេចចិត្តប្រកបដោយភាពហ្មត់ចត់តាមរយៈការគិតគូរសន្តិសុខក្នុងតំបន់ ជាពិសេសសកម្មភាពយោធាថៃ ចូលឈ្លានពានកម្ពុជា។ សម្រាប់អ្នកជំនាញរូបនេះ វត្តមានចិន ប្រៀបដូចជាដុំថ្មដ៏ធំ ដែលសង្កត់លើមហិច្ឆតារបស់យោធាថៃ ក្នុងការឈ្លានពានកម្ពុជា។ អ្នកជំនាញរូបនេះបានសង្កត់ធ្ងន់ថា ការរួមផ្សំគ្នារវាងការគាំទ្រផ្នែកការពារជាតិពីចិន និងការទទួលបានឯកសារប្រវត្តិសាស្ត្រពីបារាំង នឹងក្លាយជាសម្ពាធបង្ខំឱ្យថៃ ត្រូវពិចារណាពីដកទ័ពចេញពីទឹកដីកម្ពុជា។
ជាមួយគ្នានេះ លោកបណ្ឌិត គិន ភា អ្នកជំនាញវិទ្យាសាស្ត្រនយោបាយ ក៏បានសង្កេតឃើញថា ទំនាក់ទំនងកម្ពុជា-ចិន ក្នុងវិស័យការពារជាតិ នាពេលនេះ បានឈានដល់កម្រិតកំពូល ដែលវានឹងក្លាយខែលការពារដ៏រឹងមាំ ស្របពេលកម្ពុជា កំពុងរងការឈ្លានពានពីថៃ គួបផ្សំបញ្ហាភូមិសាស្ត្រនយោបាយសកលកំពុងរង្គោះរង្គើ។ អ្នកជំនាញរូបនេះជឿជាក់ថា ដំណើរទស្សនកិច្ចកម្រិតខ្ពស់របស់ប្រមុខការទូត និងការពារជាតិរបស់ចិន មកកាន់ប្រទេសកម្ពុជា នាពេលនេះ វានឹងផ្ដល់ផលវិជ្ជមានដោយផ្ទាល់ដល់ការដោះស្រាយជម្លោះព្រំដែនកម្ពុជា-ថៃ។
ចំណែកឯ លោកបណ្ឌិត ញិល រដ្ឋា អ្នកជំនាញភូមិសាស្រ្តនយោបាយ និងសេដ្ឋកិច្ចអន្តរជាតិ ក៏បានលើកឡើងនៅលើបណ្ដាញសង្គមថា ចិន កំពុងប្រើប្រាស់យន្តការសម្របសម្រួលដ៏មានអំណាចបំផុតមួយ ដើម្បីរៀបចំសណ្តាប់ធ្នាប់តំបន់ឡើងវិញ ពោលគឺតាមរយៈជំនួបកម្រិតខ្ពស់រវាងថ្នាក់ដឹកនាំចិនជាមួយកម្ពុជា រួមទាំងបន្តដំណើរទៅថៃ និងមីយ៉ាន់ម៉ា ដែលបង្ហាញថា សន្តិភាពតាមរយៈការអភិវឌ្ឍ។ អ្នកជំនាញរូបនេះបានចាត់ទុកការចូលមកបន្ធូរបន្ថយភាពតានតឹងក្នុងតំបន់ពីសំណាក់ភាគីចិននេះ កំពុងកាត់បន្ថយតួនាទីរបស់អាម៉េរិកក្នុងតំបន់ និងបង្កើនការពឹងផ្អែកលើបច្ចេកវិទ្យាសន្តិសុខពីចិន ជាពិសេសការប៉ះទង្គិចដោយអាវុធរវាងកម្ពុជា-ថៃ។ អ្នកជំនាញរូបនេះបានសង្កត់ធ្ងន់ថា ប្រសិនបើកម្ពុជា និងថៃ អាចឈានដល់ការព្រមព្រៀងលើតំបន់អភិវឌ្ឍន៍រួមតាមលំនាំចិន វានឹងក្លាយជាជ័យជម្នះដ៏ធំសម្រាប់ឥទ្ធិពលចិនក្នុងតំបន់អាស៊ីអាគ្នេយ៍ ព្រោះវាបង្ហាញថា រូបមន្តសន្តិភាពបែបចិន មានប្រសិទ្ធភាពជាងការជ្រៀតជ្រែកពីលោកខាងលិច។
សរុបមកកិច្ចសហប្រតិបត្តិការយោធាកម្ពុជា-ចិន មិនមែនជាការត្រៀមលក្ខណៈសម្រាប់សង្គ្រាមនោះទេ ប៉ុន្តែវាជាការសាងសង់របងការពារ ដើម្បីធានាថា សន្តិភាព និងការអភិវឌ្ឍតាមព្រំដែននឹងមិនត្រូវបានរំខាន។ សន្លឹកបៀរសន្តិភាពបែបចិន កំពុងបង្ហាញឱ្យឃើញថា ការចរចាដោយផ្អែកលើផលប្រយោជន៍សេដ្ឋកិច្ច និងខ្នងបង្អែកយោធាដ៏រឹងមាំ គឺជាមធ្យោបាយដ៏ល្អបំផុតក្នុងការរំលត់ភ្លើងគប់វិវាទព្រំដែនដែលអូសបន្លាយជាច្រើនទសវត្សរ៍មកនេះ៕
អត្ថបទ៖ ជា ម៉ារ៉ា