ទីផ្សារអចលនទ្រព្យដែលជាសសរស្តម្ភនៃសេដ្ឋកិច្ចដ៏ធំមួយរបស់ប្រទេសចិន ត្រូវបានចុះខ្សោយដោយសារការរឹតបន្តឹងរបស់រដ្ឋាភិបាលទីក្រុងប៉េកាំងលើការខ្ចីប្រាក់ច្រើនលើសលុប ពីសំណាក់អ្នកអភិវឌ្ឍន៍ធំៗកាលពីឆ្នាំមុន។ ប៉ុន្ដែ ចាប់តាំងពីដើមឆ្នាំនេះមក រដ្ឋាភិបាលចិនបានបន្ធូបន្ថយវិធានការរឹតបន្តឹងការទិញអចលនទ្រព្យលើទីក្រុងជាង ១០០ ដើម្បីជំរុញតម្រូវការទីផ្សារអចលនទ្រព្យឡើងវិញ ដោយក្នុងនោះ រដ្ឋាភិបាលចិនបានកាត់បន្ថយអត្រាប្រាក់កម្ចីទិញផ្ទះ ការទូទាត់ និង ប្រាក់ឧបត្ថម្ភធនជាដើម។
ទោះយ៉ាងណា ទស្សនវិស័យសម្រាប់ទីផ្សារអចលនទ្រព្យត្រូវបានគេរំពឹងថា នឹងនៅតែអាក្រក់នៅក្នុងពាក់កណ្ដាលឆ្នាំ ឬអាចអាក្រក់ពេញមួយឆ្នាំ ២០២២ ទាំងមូលតែម្ដង។
ជាក់ស្ដែង តម្លៃផ្ទះជាមធ្យមនៅក្នុងប្រទេសចិន ត្រូវបាន់គេប៉ាន់ប្រមាណថា នឹងធ្លាក់ចុះ១,៣% នៅពាក់កណ្ដាលឆ្នាំ២០២២ ហើយនៅពេញមួយឆ្នាំតម្លៃផ្ទះអាចនឹងធ្លាក់ចុះដល់ ២%។ នេះបើតាមការស្ទង់មតិមួយរបស់សារព័ត៌មានរ៉យទ័រ។
ជាមួយគ្នានេះ សម្រាប់ការលក់អចលនទ្រព្យត្រូវបានគេប៉ាន់ប្រមាណថា នឹងធ្លាក់ចុះ ២៥% នៅក្នុងឆមាសទីមួយក្នុងឆ្នាំនេះ ខណៈការព្យាករណ៍ក្នុងខែកុម្ភៈរំពឹងថា មានការធ្លាក់ចុះត្រឹម ១៤% ប៉ុណ្ណោះ។ ក្នុងនោះ ការលក់ត្រូវបានគេរំពឹងថានឹងធ្លាក់ចុះ ១០% សម្រាប់ពេញ១ឆ្នាំ ២០២២។
ដោយឡែក ចំពោះការវិនិយោគដោយក្រុមហ៊ុនអចលនទ្រព្យវិញ ត្រូវបានរំពឹងថា នឹងធ្លាក់ចុះ ៥% នៅឆមាសទី១ឆ្នាំនេះ និងអាចធ្លាក់ចុះ ២,៥% បើគិតពេញមួយឆ្នាំ២០២២។
ទស្សនវិស័យអាប់អួរសម្រាប់តម្លៃអចលនទ្រព្យ ការលក់ និង ការវិនិយោគ ត្រូវបានអ្នកជំនាញអះអាងថា ភាគច្រើនបណ្តាលមកពីការផ្ទុះឡើងម្តងហើយម្តងទៀតនៃមេរោគកូវីត១៩ ក្នុងប្រទេសចិនតែម្តង។
អ្នកវិភាគលោក វ៉ាង សៅឈាង (Wang Xiaoqiang) នៅឯក្រុមហ៊ុនផ្តល់ទិន្នន័យអចលនទ្រព្យ Zhuge House Hunter បាននិយាយថា ជំងឺរាតត្បាតកូវីត ១៩ បានជះឥទ្ធិពលលើទីផ្សារអចលនទ្រព្យរបស់ទីក្រុងសៀងហៃ ដែលជាមជ្ឈមណ្ឌលសេដ្ឋកិច្ចដ៏ធំរបស់ចិន ដោយសារអ្នកអភិវឌ្ឍន៍ និង ភ្នាក់ងារបានផ្អាកប្រតិបត្តិការ ហើយអ្នកស្រុកជាច្រើនស្ថិតនៅក្រោមបំរាមបិទខ្ទប់ ដែលបង្កឱ្យមានការធ្លាក់ចុះយ៉ាងខ្លាំងនៃការលក់ផ្ទះ។
គួរជម្រាបថា បើតាមអ្នកវិភាគលោក Liu Yuan ប្រធានផ្នែកស្រាវជ្រាវនៅក្រុមហ៊ុនឈ្មួញកណ្តាលអចលនទ្រព្យដ៏ធំបំផុតរបស់ចិនបានអះអាងថា មានតែការបន្ធូរបន្ថយវិធានការរឹតបន្តឹងលើការផ្តល់ហិរញ្ញប្បទានសម្រាប់សហគ្រាសអចលនទ្រព្យ និង ម្ចាស់គម្រោងអភិវឌ្ឍន៍ប៉ុណ្ណោះ ទើបអាចរក្សាស្ថិរភាពទីផ្សារអចលនទ្រព្យក្នុងប្រទសចិនបាន៕