ក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យចិន គ័ងចូវ អ & អេហ្វ ប្រូភើធី (Guangzhou R&F Properties) បានទម្លាយឱ្យដឹងកាលពីថ្ងៃអង្គារ ទី៩ ខែកក្កដា ថា ក្រុមហ៊ុន ទ្រីលាន ក្លូរី (Trillion Glory) ដែលជាបុត្រសម្ព័ន្ធរបស់ខ្លួនបានទទួលរងពាក្យបណ្ដឹងពីម្ចាស់បំណុល គឺមូលនិធិវិនិយោគឯកជនមានមូលដ្ឋាននៅប្រទេសសិង្ហបុរី ដោយស្នើសុំឱ្យតុលាការក្រុងហុងកុង រំលាយក្រុមហ៊ុននេះចោល ដោយសារក្រុមហ៊ុននេះខកខានទូទាត់បំណុល។
ពាក្យបណ្ដឹងនេះត្រូវបានដាក់នៅតុលាការក្រុងហុងកុង កាលពីថ្ងៃចន្ទ ទី៨ ខែកក្កដា ដោយមូលនិធិវិនិយោគឯកជន Seatown Private Credit Master Fund ដែលមានផលប្រយោជន៍១៨% លើប្រាក់កម្ចីមិនទាន់ទូទាត់សរុបជាង៦០០លានដុល្លារ។ ក្រុមហ៊ុនគ័ងចូវ អ & អេហ្វ ប្រូភើធី ដែលកំពុងជួបវិបត្តិសាច់ប្រាក់នេះ គឺជាក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យចិន ចុងក្រោយគេដែលបានរងពាក្យបណ្ដឹងពីម្ចាស់បំណុលដែលស្នើសុំឱ្យតុលាការរំលាយចោល។
សូមបញ្ជាក់ថា កាលពីខែមុនក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យចិនមួយ ដែលទទួលបានការគាំទ្រពីរដ្ឋចិន ស៊ីណូ-អូសិន គ្រុប (Sino-Ocean Group) បាននិយាយថា ខ្លួនកំពុងរងពាក្យបណ្ដឹងពីធនាគារអាម៉េរិក The Bank of New York Mellon ដែលស្នើសុំឱ្យតុលាការរំលាយក្រុមហ៊ុននេះចោលដោយសារបញ្ហាបំណុល ហើយក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យខ្នាតយក្សរបស់ចិន China Evergrande Group ក៏ត្រូវបានតុលាការក្រុងហុងកុងបញ្ជាឱ្យរំលាយចោលកាលពីដើមឆ្នាំនេះដោយសារបញ្ហាបំណុលផងដែរ។
ទាក់ទិននឹងបញ្ហានេះ ក្រុមហ៊ុន គ័ងចូវ អ & អេហ្វ ប្រូភើធី បានអះអាងតាមរយៈឯកសារមួយថា ពាក្យបណ្ដឹងនេះមិនបង្កផលប៉ះពាល់ដល់អាជីវកម្មរបស់ខ្លួនធ្ងន់ធ្ងរនោះទេ។ សូមបញ្ជាក់ថា ពាក្យបណ្ដឹងនេះនឹងត្រូវតុលាការកំពូលក្រុងហុងកុង បើកសវនាការជំនុំជម្រះនៅថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២៤ ខាងមុខនេះ៕
ដោយ: តែម សុខុម