ក្រុមហ៊ុន​ផលិត​ដែក​ថែប​ចិន​សម្លឹង​កម្ពុជា?

ក្រុមហ៊ុន​ផលិត​ដែកថែប​ដ៏​ធំ​បំផុត​របស់​ចិន សិក្សា​ផែនការ​រើ​ឡរំលាយដែក​មក​កាន់​កម្ពុជា


ក្រុមហ៊ុន​ផលិត​ដែក​ថែប​ដ៏ធំបំផុត​មួយ​របស់​ប្រទេស​ចិន គឺក្រុមហ៊ុន Baowu Group កំពុងសិក្សា​ផែនការ​ដើម្បី​រើទីតាំង​ឡ​រំលាយ​រ៉ែដែក (blast furnaces) ពី​តំបន់​ជន​បទ ស៊ិនជាំង (Xinjiang) ប្រទេស​ចិន មក​កាន់​ប្រទេស​កម្ពុជា។ នេះ​បើ​តាម​ការចុះ​ផ្សាយ​របស់​ទីភ្នាក់ងារ​ព័ត៌មាន Reuters កាលពីថ្ងៃទី២២ ឧសភា កន្លង​ទៅ។
ក្រុមហ៊ុន​ផលិត​ដែកថែប​ដ៏​ធំ​បំផុត​របស់​ចិន សិក្សា​ផែនការ​រើ​ឡរំលាយដែក​មក​កាន់​កម្ពុជា។
ដោយ

ប្រសិន​បើ​ផែនការនេះ​កើតឡើងមែន នេះ​ជា​គំរូ​ដ៏​មហិច្ឆតារបស់​ចិន​ ក្នុង​ការនាំ​ចេញ​សមត្ថភាព​ឧស្សាហកម្មធន់ធ្ងន់​ដែល​លើស​តម្រូវការ នៅក្នុង​ប្រទេស​របស់​ខ្លួន ទៅកាន់​ប្រទេស​ក្រៅនានា។ 

យោងតាម​ទីភ្នាក់ងារ​ព័ត៌មាន រ៉យទ័រ (Reuters) ដដែល ក្រុមហ៊ុន Baowu កំពុងសិក្សា​លទ្ធភាព​ដឹកជញ្ជូន​រោងចក្រ​រំលាយ​រ៉ែដែក​ចំនួន ២ ដែល​មាន​សមត្ថភាព​ផលិតរួមបញ្ចូលគ្នា​ ៣,១លាន​តោន រួមជាមួយ​នឹង​ម៉ាស៊ីន​បំលែង​ដែកទៅជាដែកថែបចំនួន ២ ផងដែរ មក​កាន់​ប្រទេស​កម្ពុជា នៅចុង​ឆ្នាំ​២០១៩​នេះ។ 

ប្រទេស​ចិន​បាន​បិទ​រោងចក្រ​ផលិតដែកថែប​ដែលសរុប​សមត្ថភាពផលិតដល់ទៅជាង ១៥០លាន​តោន ក្នុង​រយៈពេល ៣ឆ្នាំកន្លង​ទៅ នៅ​ក្នុង​យុទ្ធនាការ​មួយ​ដើម្បី​ធ្វើ​ទំនើប​កម្ម​សេដ្ឋកិច្ច​របស់​ខ្លួន ប៉ុន្តែ គិតជាទិន្នផល​ពិភព​លោក គឺ​ចិន​នៅតែផលិត​ប្រមាណ​ពាក់កណ្ដាល​នៃ​ទិន្នផលនេះ ដោយ​មាន​សមត្ថភាព​ផលិត​ ៩៨០​លាន​តោន ក្នុង​មួយឆ្នាំ។ 

រូបភាពតំណាង​ឡ​រំលាយ​រ៉ែដែក​ នៅ​ប្រទេស​អេស្ប៉ាញ។ រូបភាព Wikipedia

ឧបករណ៍​ដែល​កំពុងសិក្សា​ដឹក​មក​ដំឡើង​នៅ​កម្ពុជានេះ គឺ​កាលពី​មុន​ស្ថិត​នៅ​ក្នុង​រោងចក្រ​មួយ​ នៅតំបន់​ដាច់ស្រយាល​នៃភាគពាយ័ព្យ​ប្រទេសចិន ប៉ុន្តែ រោងចក្រ​នោះ​ត្រូវ​អាជ្ញាធរ​ចិន​បិទទ្វារ កាលពីឆ្នាំ​២០១៧។ 

ទីភ្នាក់ងារ​ព័ត៌មាន រ៉យទ័រ បាន​ដកស្រង​សម្ដី​មេការ​ម្នាក់​របស់​ក្រុមហ៊ុនចិន ដែលនិយាយថា «ឧបករណ៍​នេះ​អាច​នឹង​ត្រូវគេ​មើល​ឃើញថា ហួសសម័យ​នៅក្នុង​ប្រទេសចិន ប៉ុន្តែ វា​នៅតែ​ទំនើប​ខ្លាំង​នៅ​ឡើយ សម្រាប់​ប្រទេស​កម្ពុជា»។ 

គម្រោង​រើ​ឧបករណ៍​ផលិត​ដែក​ថែប​ពី​ប្រទេស​ចិន​មក​កម្ពុជានេះ ត្រូវគេ​មើលឃើញថា ជារឿង​ធម្មតា ពីព្រោះ​ថា ដោយសារ​កម្ពុជា​កំពុង​មាន​វិនិយោគិន​ចិន​ជាច្រើន​ដែល​វិនិយោគ​លើ​វិស័យ​សំណង់​យ៉ាង​គគ្រឹកគគ្រេង ដូច្នេះ អ្នក​វិនិយោគិន​ចិន​ក៏​យល់ឃើញថា វានឹង​មាន​ប្រយោជន៍ចំពោះពួកគេ ក្នុងការ​ដំឡើងរោងចក្រ​ផលិត​ដែកថែប​ដើម្បី​បំពេញ​តម្រូវការ​ផ្នែក​សាងសង់​ពីសំណាក់​ក្រុមហ៊ុន​សាងសង់ចិន។ 

យោងតាម​ រ៉យទ័រ ប្រទេស​កម្ពុជា​បាន​សម្ដែង​ការ​ស្វាគមន៍​ចំពោះ​វិនិយោគទុន​នៅក្នុងគ្រប់​វិស័យ។ មន្ត្រី​អ្នកនាំពាក្យ​ក្រសួង​ពាណិជ្ជកម្ម លោក សេង ថៃ ថ្លែង​ប្រាប់ រ៉យទ័រ ថា «ប្រសិន​បើ​មាន​រោងចក្រ​ផលិត​ដែក​ថែប​នៅ​ប្រទេស​របស់​យើង វា​នឹង​ជួយ​ច្រើន​ដល់​វិស័យ​សំណង់។ យើង​មាន​រោងចក្រ​ស៊ីម៉ងត៍ស្រាប់ហើយ ដូច្នេះបើ​មាន​រោងចក្រ​ដែក​ថែប​ទៀត វា​នឹង​តែ​ប្រសើរ»។ 

សារព័ត៌មានដដែល សរសេរថា វា​ជាការកម្រណាស់​ ដែល​រោងចក្រ​ចិន​ត្រូវរើទីតាំង​ឧបករណ៍​ផលិត​ដែកថែប​ទៅកាន់​ប្រទេស​ផ្សេង ក្រៅតែពី​ក្រុមហ៊ុន​ទាំងឡាយ​ដែល​ព្យាយាម​លួច​នាំ​ចេញ​នូវ​ឡ​រំលាយរ៉ែដែក​ខ្នាតតូចៗ​ដែល​ត្រូវ​អាជ្ញាធរ​ចិន​ហាមឃាត់​ បន្ទាប់​ពី​ទីក្រុង​ប៉េកាំង​បើក​យុទ្ធនាការ​បង្ក្រាបទៅលើ​រោងចក្រដែល​ផលិត​ដែកថែប​គុណភាព​ទាប កាលពីឆ្នាំ​២០១៧ តែប៉ុណ្ណោះ៕




អត្ថបទបន្ទាប់


គោឧសភរាជព្យាករថា «នឹងមានការប្រមូលផលស្រូវ ពោត និងសណ្តែកបានខ្ពស់ឆ្នាំនេះ»

គោឧសភរាជបានទស្សន៍ទាយនាពិធីបុណ្យច្រត់ព្រះនង្គ័លនៅថ្ងៃពុធនេះថា ការប្រមូលផលស្រូវ ពោត និងសណ្តែក និងទទួលបានលទ្ធផលខ្ពស់ឆ្នាំនេះ ដែលនេះជាការទស្…

កម្ពុជានៅតែខ្លាំងក្នុងការនាំចេញទំនិញទៅជប៉ុនក្នុងត្រីមាសទី១ ឆ្នាំនេះ

នៅក្នុងរយៈពេល៣ខែដំបូងឆ្នាំ ២០១៩នេះ កម្ពុជានៅតែស្ថិតក្នុងលំដាប់ថ្នាក់នៃការនាំចេញទំនិញទៅកាន់ទីផ្សារប្រទេសជប៉ុនជាច្រើន ក្នុងចំណោមប្រទេសទាំ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ