ក្រោយមើលឃើញពីបញ្ហានេះបុរសខ្លាំងរដ្ឋចិន លោក ស៊ី ជីនពីង បានប្រាប់ឱ្យមេដឹកនាំជាន់ខ្ពស់ក្រុងប៉េកាំង បន្តផ្តល់អាទិភាពលើវិស័យសេដ្ឋកិច្ច និងបានដាក់ចេញផែនការ៥ឆ្នាំ ដើម្បីដោះស្រាយការអភិវឌ្ឍជាតិចិន ដែលលោកហៅថា មិនបានគ្រប់គ្រាន់ និងមិនមានតុល្យភាព។
ប្រព័ន្ធផ្សព្វផ្សាយរដ្ឋចិន CCTV កាលពីថ្ងៃពុធសប្តាហ៍នេះ បានរាយការណ៍ថា លោក Xi បានធ្វើការអត្ថាធិប្បាយនៅក្នុងកិច្ចប្រជុំពិសេសមួយ ធ្វើឡើងរយៈពេលពីរថ្ងៃនៅទីក្រុងប៉េកាំង ដែលក្នុងនោះលោកបានដាក់ចេញនូវចក្ខុវិស័យប្រាំឆ្នាំខាងមុខ រាប់ពីក្រោយពេលដែលបក្សកុម្មុយនិស្តចិនធ្វើសមាជនៅចុងឆ្នាំនេះ។
សមាជបក្សកុម្មុយនិស្តចិននៅចុងឆ្នាំនេះ នឹងត្រូវរុះរើមេដឹកនាំមួយចំនួនសម្រាប់រយៈពេលប្រាំឆ្នាំខាងមុខ ហើយដែលជាទូទៅប្រធានាធិបតីក៏ត្រូវបានផ្លាស់ប្តូរនៅពេលនោះផងដែរ។ ជាក់ស្តែងអ្នកកាន់តំណែងជាប្រធានាធិបតីចិនមុនៗចំនួនពីររូប សុទ្ធតែបានលាលែងបន្ទាប់ពីកាន់តំណែងអស់ពេលពីរអាណត្តិពេញ។ ប៉ុន្តែលោក ស៊ី ជីនពីង ត្រូវបានគេរំពឹងយ៉ាងមុតមាំថា នឹងបន្តក្តាប់អំណាចសម្រាប់អាណត្តិទីបីរបស់លោកថែមទៀត ដែលវាជារឿងមិនធ្លាប់មានពីមុនមកទេ ក្នុងឋានៈជាមេដឹកនាំកំពូលរបស់ប្រទេសចិន នៅប្រវត្តិសាស្ត្រនៃសមាជបក្ស។
គួរជម្រាបថា នេះមិនមែនជាលើកទីមួយឡើយ ដែលលោក ស៊ី ប្រកាសឱ្យដោះស្រាយការអភិវឌ្ឍដែលមិនស្មើភាព និងមិនទាន់គ្រប់គ្រាន់នេះ។ ៥ឆ្នាំមុន កាលពីសមាជបក្សចុងឆ្នាំ២០១៧ ប្រធានាធិបតីចិនរូបនេះ ក៏បានគូសបញ្ជាក់ពីតម្រូវការ ដើម្បីដោះស្រាយបញ្ហានៃការអភិវឌ្ឍមិនមានភាពសមតុល្យ និងមិនគ្រប់គ្រាន់ ហើយបានចាត់ទុកជាគោលនយោបាយអាទិភាពថែមទៀត។
លោកបាននិយាយនៅក្នុងសមាជកាលពីឆ្នាំ២០១៧ ថា បញ្ហារបស់ចិនរួមមាន កំណើនសេដ្ឋកិច្ចដែលមានគុណភាពគឺមានកំរិតទាប ការច្នៃប្រឌិតខ្សោយ គម្លាតដ៏ធំក្នុងការអភិវឌ្ឍន៍និងសេវាសង្គម រវាងទីក្រុង និងតាមមូលដ្ឋាន និងចុងក្រោយ ការពឹងផ្អែកខ្លាំងលើឥន្ធនៈហ្វូស៊ីល។
ទោះយ៉ាងណានៅ៥ឆ្នាំចុងក្រោយនេះ លោកស៊ី ជីនពីង បានកត់សម្គាល់ពីសកម្មភាពមួយចំនួនដែលលោកកំណត់ថា ជាសមិទ្ធិផលរបស់គាត់លោកគឺ ការធ្វើទំនើបកម្មយោធាចិន និងសន្តិភាពនៅច្រកសមុទ្រតៃវ៉ាន់។
សូមជម្រាបថា បុរសខ្លាំង ស៊ី ជីនពីង សព្វថ្ងៃ កាន់តួនាទីច្រើនអស្ចារ្យ ពោលគឺជាប្រធានបក្សផង ជាប្រធានាធិបតីចិនផង និងជាអគ្គមេបញ្ជាការកងទ័ពផង ហើយលោកក៏ទទួលនាមជាស្នូលរបស់បក្សផងដែរ។ វាជាឋាន្តរសក្តិ ដែលចិនធ្លាប់ផ្តល់ឱ្យតែលោកម៉ៅសេងទុង និង ដេង ស៊ាវពីង ពីររូបនេះប៉ុណ្ណោះពីមុនមក៕