កាលពីថ្ងៃសៅរ៍ទី ១៤ ខែមករា គឺជាថ្ងៃទី ៨ហើយនៃការធ្វើដំណើររយៈ៤០ថ្ងៃ នៅអំឡុងពេលឈប់សម្រាកបុណ្យចូលឆ្នាំប្រពៃណីចិន ដែលភាសាចិនគេហៅថា ជុន យុន ហើយវាត្រូវបានគេស្គាល់ថា គឺជាការធ្វើដំណើរចំណាកស្រុកប្រចាំឆ្នាំដ៏ធំបំផុតក្នុងពិភពលោក ពោលគឺមានពលរដ្ឋចិនរាប់លាននាក់បានធ្វើដំណើរទៅលេងស្រុកកំណើតជួបជុំក្រុមគ្រួសាររបស់ពួកគេ នៅអំឡុងថ្ងៃឈប់សម្រាករយៈពេលវែងនេះ។ ការធ្វើដំណើរជាង ៤២លានជើង ដែលត្រូវបានធ្វើឡើងកាលពីថ្ងៃទី ១៤ ខែមករានោះ គឺមានដូចជាការធ្វើដំណើរតាមរថភ្លើង ផ្លូវថ្នល់ សមុទ្រ និងផ្លូវអាកាសនៅទូទាំងប្រទេសចិន ហើយវាមានកំណើនប្រមាណ ៥៧% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ២០២២ ប៉ុន្ដែ វានៅតែមានទាបជាង ៤៦% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ២០១៩ ដែលមិនទាន់មានកូវីដ១៩ចូលរាតត្បាត។ នេះបើតាមការទិន្នន័យពីក្រសួងដឹកជញ្ជូនរបស់ចិន ដែលក្រសួងនេះបានរំពឹងថា ការធ្វើដំណើរនឹងមានដល់ទៅជាង ២ពាន់លានជើងនៅរដូវធ្វើដំណើរនាថ្ងៃឈប់សម្រាកបុណ្យចូលឆ្នាំចិនឆ្នាំនេះ ឬស្មើនឹងប្រមាណ ៧០% នៃចំនួនដែលធ្លាប់មានកាលពីឆ្នាំ២០១៩។
បុណ្យចូលឆ្នាំចិន ឆ្នាំនេះ នឹងប្រារព្ធធ្វើឡើងផ្លូវការចាប់ពីថ្ងៃទី ២១ ដល់ថ្ងៃទី ២៧ខែមករា ហើយក៏មានការបើករៀបចំដូចធម្មតាឡើងវិញជាលើកដំបូង ដោយគ្មានការរឹតត្បិតការធ្វើដំណើរ បើគិតចាប់តាំងពីឆ្នាំ២០២០មក ក្រោយពីប្រទេសចិនមានជួបនូវការឆ្លងរាតត្បាតកូវីដ១៩។
ប្រទេសចិន បានចាប់ផ្ដើមបើកទូលាយការធ្វើដំណើរឡើងវិញ ដោយដកការរឹតត្បិតលើការធ្វើដំណើរនានា ចាប់តាំងពីថ្ងៃទី ៨ខែមករាមកម្ល៉េះ បើទោះបីជា បច្ចុប្បន្ន ការឆ្លងរាតត្បាតកូវីដ១៩ កំពុងបង្កឡើងខ្លាំងក្លា និងមានអ្នកស្លាប់កើនឡើងច្រើនយ៉ាងណាក្ដី។
ទន្ទឹមនឹងមានការធ្វើដំណើរទូលំទូលាយឡើងវិញនេះដែរ ក៏មានការលើកឡើងពីក្ដីបារម្ភ នៃការឆ្លងរាតត្បាតកូវីដ១៩កាន់តែខ្លាំងក្លានៅក្នុងប្រទេសចិនផងដែរ ខណៈដែលករណីឆ្លងបច្ចុប្បន្នកំពុងមានល្បឿនលឿនស្រាប់ទៅហើយនោះ។ ជាក់ស្ដែង តាមតួលេខពីអាជ្ញាធរចិន ដែលបានបើកទម្លាយកាលពីចុងសប្ដាហ៍មុននេះ បានបង្ហាញថា ចំនួនអ្នកស្លាប់ដែលមានពាក់ព័ន្ធនឹងជំងឺកូវីដ១៩នៅទូទាំងប្រទេសចិនមានដល់ទៅជាង ៦ម៉ឺននាក់ បើគិតចាប់ពីថ្ងៃទី ៨ខែធ្នូ ដល់ថ្ងៃទី ១២ ខែមករាកន្លងទៅនេះ។
យ៉ាងណាក៏ដោយចុះ ការធ្វើដំណើរនៅអំឡុងថ្ងៃឈប់សម្រាកបុណ្យចូលឆ្នាំប្រពៃណីចិននៅឆ្នាំនេះ វាក៏ត្រូវបានគត់សម្គាល់ឃើញថា នឹងជួយជំរុញបន្ថែមដល់ល្បឿននៃកំណើនសេដ្ឋកិច្ចឲ្យមានសម្ទុះងើបឡើងវិញបន្ថែមទៀតដែរ តាមរយៈការចំណាយដ៏ច្រើនសម្រាប់ចរន្ដសេដ្ឋកិច្ច នៅគ្រាដែលប្រទេសសេដ្ឋកិច្ចធំជាងគេបំផុតទី២ក្នុងពិភពលោកមួយនេះ កំពុងមានកំណើនយឺតនាពេលបច្ចុប្បន្ន៕
ការធ្វើដំណើរក្នុងស្រុកនៅក្នុងប្រទេសចិនស្ទុះងើបឡើងវិញនេះទៀតសោត ក៏ជាការផ្ដល់ក្ដីសង្ឃឹមឡើងវិញសម្រាប់វិស័យសេដ្ឋកិច្ចពិភពលោក ពិសេសប្រទេសដែលពឹងផ្អែកលើភ្ញៀវទេសចរជនជាតិចិន ដ្បិតថា វាអាចនឹងជំរុញឲ្យមានការធ្វើដំណើរជាអន្តរជាតិរបស់ជនជាតិចិនកើនឡើងវិញនៅក្នុងពេលឆាប់ៗខាងមុខនេះ៕