អំឡុងពេលជំនួបពិភាក្សាទ្វេភាគីដាច់ដោយឡែកមួយ រវាង លោក វ៉ាងយី ទីប្រឹក្សារដ្ឋនិងរដ្ឋមន្ត្រីការបរទេសចិន ជាមួយនឹង លោក អេនតូនី ប្លីងខេន រដ្ឋមន្ត្រីការបរទេសអាមេរិក ក្នុងឱកាសដែលប្រមុខការទូតទាំងពីរមកចូលរួមជំនួបកំពូល G20 ភាគីអាមេរិក បានបញ្ជាក់ច្បាស់ៗថា ក្រុងវ៉ាស៊ីនតោន ជំទាស់ដាច់ខាតទៅនឹងសកម្មភាពលក្ខណៈឯកតោភាគីនិយម ទាំងឡាយពីក្រុងប៉េកាំង ពិសេសនៅក្នុងសំណុំរឿងកោះតៃវ៉ាន់។ នេះបើតាមការអះអាងពីមន្ត្រីការទូតអាមេរិកមួយរូបដែលបានចូលរួមប្រជុំ ប្រាប់អ្នកសារព័ត៌មានដោយសុំមិនបញ្ចេញឈ្មោះ។
ដោយឡែក បើតាមមន្ត្រីក្រសួងការបរទេសអាមេរិកបានអោយដឹងថា សហរដ្ឋអាមេរិកចង់មានការប្រកួតប្រជែងមួយដោយការទទួលខុសត្រូវ រវាងប្រទេសមហាអំណាចសេដ្ឋកិច្ចធំជាងគេទាំងពីរនេះ។ ដើម្បីឲ្យមានការប្រកួតប្រជែងដោយតម្លាភាព និងទទួលខុសត្រូវខ្ពស់ ភាគីទាំងពីរបានទទួលស្គាល់ថា ការបើកចំហអោយមានការទំនាក់ទំនងគ្នា ជារឿងសំខាន់បំផុត។
យ៉ាងណាមិញ ភាគីចិនដែលតំណាងដោយ ទីប្រឹក្សារដ្ឋចិន លោក វ៉ាង យី បានហៅការលើកឡើងរបស់អាមេរិក ថាជារឿងមិនពិត និងបានចោទប្រកាន់អាមេរិកថា បានធ្វើឲ្យមានការភាន់ច្រលំដល់សហគមន៍អន្តរជាតិ។ ភាន់ច្រឡំក៏ដោយសារតែកោះតៃវ៉ាន់ ជាអាណាខេត្តស្ថិតក្រោមការគ្រប់គ្រងរបស់ខ្លួន។ លោក វ៉ាង យីបានស្នើឲ្យអាមេរិក គោរពដល់គោលការណ៍ចិនតែមួយ អោយបានពិតប្រាកដ កុំនិយាយផ្សេង តែអនុវត្តផ្សេង។ នេះបើតាមការចុះផ្សាយ ដោយការសែតចិនជាភាសាអង់គ្លេស Global Times។
គួរជម្រាបថា ជំនួបដោយផ្ទាល់រវាងសមភាគីចិន និង អាមេរិកកាលពីថ្ងៃអាទិត្យ ជាជំនួបដំបូងហើយរវាងអ្នកទាំងពីរ ចាប់តាំងពីការជួបពិភាក្សាគ្នាដ៏តានតឹង និង ដោយកម្រ នៅរដ្ឋអាឡាសស្កា ទឹកដីសហរដ្ឋអាមេរិក កាលពីខែមីនាឆ្នាំនេះ។
សូមបញ្ជាក់ដែរថា ជំនួបប្រមាណ ៥០នាទីរវាងមន្ត្រីជាន់ខ្ពស់ នៃប្រទេសមហាអំណាចសេដ្ឋកិច្ចទាំងពីរ បានធ្វើឡើង ក្រោយពេលដែលទំនាក់ទំនងរវាងគ្នាកំពុងតែឡើងកំដៅ ពីមួយថ្ងៃទៅមួយថ្ងៃ ជាពិសេសនៅក្នុងសំណុំរឿងកោះតៃវ៉ាន់ ដែលអាមេរិកទើបបានអះអាងថា ខ្លួននឹងការពារកោះតៃវ៉ាន់ពីការវាយដណ្តើមកាន់កាប់ ហើយក្រោយមកមិនយូរប៉ុន្មាន បានប្រកាសរកការគាំទ្រឲ្យតៃវ៉ាន់ ឲ្យបានចូលជាសមាជិករបស់អង្គការសហប្រជាជាតិថែមទៀត។
ប្រការនេះបានធ្វើឲ្យចិនក្តៅស្លឹកត្រចៀកមែនទែន រហូតបានចេញមកទាត់ចោល និងថ្កោលទោសទង្វើរបស់អាមេរិក ដោយបានព្រមានខ្លាំងៗថាវាអាចធ្វើឲ្យប៉ះពាល់ធ្ងន់ធ្ងរ ដល់ទំនាក់ទំនងទ្វេភាគីទៀតផង៕