ប្រទេសចិន

យុវជនចិនប្រឈមនឹងការលំបាកកាន់តែខ្លាំងក្នុងការស្វែងរកការងារធ្វើ តើមកពីហេតុអ្វី?


សេដ្ឋកិច្ចចិនកំពុងជួបការលំបាកផ្ទួនៗ បូកផ្សំទាំងកត្តាក្នុងស្រុក និងឥទ្ធិលពលពីក្រៅប្រទេស ពិសេសនៅមួយរយៈចុងក្រោយ ដែលមានរលកកំដៅដ៏ហួតហែងមិនធ្លាប់មានក្នុងប្រវត្តិសាស្ត្រកំពុងបង្កភាពអសកម្មក្នុងសកម្មភាពសេដ្ឋកិច្ចចិនមួយកំរិតទៀត។ ភាពតានតឹងនៃសេដ្ឋកិច្ចបាននិងកំពុងបន្សល់ទុកយុវជនចិនរាប់លាននាក់ឱ្យនៅទាត់ខ្យល់គ្មានការងារ ហើយបាននាំគ្នាសម្រុកទៅដាក់ពាក្យស្វែងរកការងារ ធ្វើឱ្យទីផ្សារកាន់តែតូចចង្អៀត។ នេះបើតាមការចុះផ្សាយដោយទីភ្នាក់ងារសារព័ត៌មានបារាំង AFP។
កំណើនភាពគ្មានការងារធ្វើក្នុងប្រទេសចិន

តួលេខថ្មីផ្លូវការចុងក្រោយមួយ ដែលត្រូវបានផ្សាយដោយសារព័ត៌មានបារាំង AFP នៅក្នុងខែសីហានេះបង្ហាញថា គិតត្រឹមខែកក្កដា យុវជន១នាក់ក្នុងចំណោម៥នាក់នៅតាមទីក្រុងនៅប្រទេសចិន ពុំមានការងារធ្វើនោះទេ។ តួលេខនេះ គឺខ្ពស់ជាងតួលេខមធ្យមជាតិទាំងមូលដល់ទៅ៣ដងគិតចាប់ពីឆ្នាំ២០១៨ បើនិយាយក្នុងចំណោមប្រជាជនវ័យក្មេង ពេញកម្លាំងធ្វើការ។ ដោយឡែក អត្រាអត់ការងារធ្វើក្នុងចំណោមយុវជនចិននៅតាមជនបទវិញ អាចមានច្រើនជាងនៅតាមទីក្រុង ដល់ទៅ២ដងឯណោះ។

សេដ្ឋកិច្ចនៃមហាយក្សចិនកំពុងតែឆ្លងកាត់ស្ថានភាពដ៏លំបាកប្រចាំឆ្នាំ ជាមួយនឹងកំណើនត្រីមាសទី២ឆ្នាំ២០២២ មានត្រឹម ០,៤%។ គិតក្នុងខែកក្កដាដដែល យុវជនចិនយ៉ាងហោចណាស់មាន ១១លាននាក់បន្ថែមទៀត ទើបតែបញ្ចប់ការសិក្សាហើយត្រូវត្រៀមស្វែងរកការងារធ្វើ ដែលប្រការនេះនឹងធ្វើឱ្យទីផ្សារការងារកាន់តែតូចចង្អៀតបន្ថែមទៀត។

ដោយហេតុថា ទីផ្សារការងារក្នុងវិស័យឯកជនកាន់តែតូចចង្អៀត យុវជនចិនជាច្រើនបានងាកទៅដាក់ពាក្យប្រលងបម្រើការងារនៅតាមស្ថាប័នរដ្ឋ។ ជាក់ស្តែង កាលពីចុងឆ្នាំ២០២១កន្លងទៅ យ៉ាងហោចណាស់បេក្ខជន២លាននាក់បានដាក់ពាក្យចូលធ្វើមន្ត្រី ដែលនេះជាតួលេខខ្ពស់បំផុតមិនធ្លាប់មាន។

នៅចំពោះមុខបញ្ហានេះ មន្ត្រីជាន់ខ្ពស់ប៉េកាំងលោកនាយករដ្ឋមន្ត្រី លី ឃឺឈាំង បាននិយាយទទួលស្គាល់ថា បញ្ហាអត់ការងារធ្វើដ៏ធ្ងន់ធ្ងរនិងស្មុគស្មាញ កំពុងកើតឡើងលើប្រទេសចិន ពិសេសនៅអំឡុងរដូវកាលនិស្សិតបញ្ចប់ការសិក្សានាខែកក្កដា និងសីហានេះតែម្ដង។ នាយករដ្ឋមន្ត្រីរូបនេះបានអំពាវនាវ ឲ្យសហគ្រាស និងក្រុមហ៊ុនដែលគ្រប់គ្រងដោយរដ្ឋ រៀបចំសម្រួលជ្រើសរើសបុគ្គលិកចូលធ្វើការបន្ថែមឲ្យបានច្រើន ដើម្បីសម្រាលបន្ទុកទីផ្សារការងារដែលកំពុងតែតានតឹងខ្លាំង។

អ្នកវិភាគបានស្តីបន្ទោសលើវិធានការកូវីដស្មើសូន្យ ដែលរដ្ឋាភិបាលចិនបានអនុវត្តយ៉ាងតឹងតែងបំផុត នៅប៉ុន្មានឆ្នាំកន្លងមកនេះ ដែលជាលទ្ធផលធ្វើឱ្យស្ថានការណ៍ការងារនិយាយដោយឡែក និងភាពតានតឹងនៃសេដ្ឋកិច្ចចិននិយាយជារួម កំពុងជួបការលំបាក។ ការបិទខ្ទប់នៅតាមទីក្រុងធំៗដើម្បីទប់ស្កាត់ការឆ្លងរាលដាលកូវីដ១៩ ជាកត្តាចម្បងដែលបង្អាក់ដំណើរសេដ្ឋកិច្ចចិន។ អ្នកជំនាញព្រមានថា បើបញ្ហាគ្មានការងារធ្វើកាន់តែធ្ងន់ធ្ងរហើយអូសបន្លាយយូរ នោះចិនអាចនឹងមានវិបត្តិអស្ថិរភាពសង្គម៕




អត្ថបទបន្ទាប់


ហេតុអ្វីឥណ្ឌាអាចរក្សាតំណែងប្រទេសមានកំណើនសេដ្ឋកិច្ចលឿន និងខ្ពស់ជាងគេបានក្នុងរយៈពេលខ្លី?

ប្រទេសឥណ្ឌាបានកត់ត្រាពីកំណើនសេដ្ឋកិច្ចក្នុងតួលេខពីរខ្ទង់ដ៏រឹងមាំកាលពីត្រីមាសទី២ឆ្នាំនេះ ប៉ុន្តែក្រោមការស្ទង់មតិដោយ Reuters ជាមួយសេដ្ឋវិទូ…

អតិថិជនរបស់ក្រុមហ៊ុន Smart Axiata អាចទទួលបានភីហ្សាញ៉ាំដោយឥតគិតថ្លៃពី Pizza Hut

ឥឡូវនេះ ក្រុមហ៊ុន Smart Axiata និង Pizza Hut កំពុងផ្តល់ជូនប្រម៉ូសិនពិសេសដល់អតិថិជនរបស់ Smart ដែលមាន SmartVIP ដោយពួកគេអាចញ៉ាំភីហ្…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ