រោងចក្រផលិតបន្ទះឈីបដំបូងរបស់វៀតណាមនេះ គ្រោងសាងសង់នៅជាយក្រុងហាណូយ ខណៈមកទល់ពេលនេះទីតាំងសាងសង់ពោរពេញទៅដោយរុក្ខជាតិ ហើយមិនទាន់មានអគារណាមួយត្រូវបានសាងសង់នោះទេ។ ប្រភពច្បាស់ការបានទម្លាយឱ្យដឹងថា ការពន្យារពេលសាងសង់នេះបណ្តាលមកពីក្រុមហ៊ុន Viettel ខ្វះបទពិសោធក្នុងការសាងសង់រោងចក្រផលិតបន្ទះឈីប និងជួបការលំបាកក្នុងការទទួលបានថវិកាពីរដ្ឋាភិបាលឱ្យបានទាន់ពេលវេលា។
ក្រុមហ៊ុន Viettel ដែលជាសម្ព័ន្ធក្រុមហ៊ុនទូរគមនាគមន៍ និងការពារជាតិ របស់វៀតណាម និងជាអ្នកដឹកនាំគម្រោងនេះបានអះអាងថា ការងារកំពុងដំណើរការទៅតាមផែនការដែលបានកំណត់។ ទោះជាយ៉ាងណា កាលបរិច្ឆេទចាប់ផ្តើមផលិតសាកល្បងនៅតែមិនទាន់ច្បាស់លាស់។ ប្រភពច្បាស់ការទម្លាយថា ក្រុមហ៊ុន Viettel បានចរចាជាមួយក្រុមហ៊ុនហូឡង់ ASML អស់រយៈពេលជាច្រើនខែមកហើយ ដើម្បីទិញឧបករណ៍បច្ចេកវិទ្យាដែលប្រើសម្រាប់បង្កើតបន្ទះឈីប។ ប៉ុន្តែភាគីទាំងពីរមិនទាន់សម្រេចបានកិច្ចព្រមព្រៀងនៅឡើយទេ។ គម្រោងនេះ ជាផ្នែកមួយ នៃយុទ្ធសាស្ត្ររបស់វៀតណាម ក្នុងការជំរុញឧស្សាហកម្មបច្ចេកវិទ្យាឱ្យឈានទៅរកការផលិតដែលមានតម្លៃបន្ថែមខ្ពស់ និងប្រែក្លាយប្រទេសទៅជាសេដ្ឋកិច្ចដែលមានប្រាក់ចំណូលខ្ពស់នៅឆ្នាំ២០៤៥។
ទោះជាយ៉ាងណា វៀតណាម បានទាក់ទាញក្រុមហ៊ុនធំៗដូចជា Intel និង Amkor ឱ្យមកវិនិយោគក្នុងវិស័យដំឡើង ត្រួតពិនិត្យ និងវេចខ្ចប់បន្ទះឈីបដែលមានតម្រូវការទុនតិចជាងការផលិតបន្ទះឈីបដោយផ្ទាល់។ ការផលិតបន្ទះឈីបនៅតែជាបញ្ហាប្រឈមធំសម្រាប់វៀតណាម ដោយសារត្រូវការទុនវិនិយោគច្រើន បច្ចេកវិទ្យាឯកទេស និងដៃគូដែលមានបទពិសោធ៕
ដោយ: តែម សុខុម