
ក្រោមការគ្រប់គ្រងប្រតិបត្តិការរបស់ហ្គ្រេន រ៉ូយ៉ាល់ ហ្គហ្វ អែន រីហ្សត ទីលានវាយកូនហ្គោលទាំងពីរមានការកែប្រែមុខមាត់ថ្មី ដូចជា មានរថយន្តវាយកូនហ្គោលអគ្គិសនីថ្មីៗ គ្រឿងយន្តថែទាំទីលានទំនើបៗ ការពង្រីកសេវាកម្មម្ហូបអាហារនិងភេសជ្ជៈ ដើម្បីផ្តល់សេវាកម្មដ៏ល្អឥតខ្ចោះជូនដល់អតិថិជន ។
លោក អាឡាំង ម៉ាទីន គណៈគ្រប់គ្រងនៃ ហ្គ្រេន រ៉ូយ៉ាល់ ហ្គហ្វ អែន រីហ្សត មានទស្សនវិស័យចង់ឲ្យទីលានវាយកូនហ្គោលទាំងពីរនេះ ក្លាយជាទីលានវាយកូនហ្គោលឈានមុខគេក្នុងតំបន់អាស៊ីអាគ្នេយ៍ ដោយផ្តោតសំខាន់លើការផ្តល់ជូនសេវាកម្មដ៏ល្អឥតខ្ចោះ ភោជនីយដ្ឋាន សម្ភារ-បរិក្ខារទំនើប សម្បូរបែប និងការយកចិត្តទុកដាក់ខ្ពស់លើអតិថិជន ។

ក្លឹបវាយកូនហ្គោល ហ្គ្រេន ភ្នំពេញ ត្រូវបានរចនាដោយ Niklaus Design ដែលជាក្រុមហ៊ុនជំនាញក្នុងការរចនាទីលានវាយកូនហ្គោលដ៏ល្បីឈ្មោះនៅលើពិភពលោក ។
ក្លឹបវាយកូនហ្គោល ហ្រ្គេន ភ្នំពេញ ត្រូវបាន ជីប ម៉ុង បោះទុនវិនិយោគប្រមាណ ១លានដុល្លារបន្ថែមទៀត ដើម្បីកែលម្អក្លឹបហៅស៍ថ្មី និងនាំយករថយន្តអគ្គិសនីចំនួន១០០គ្រឿង និងសម្ភារៈថែទាំទំនើបៗ និងបន្ថែមសេវាកម្មម្ហូបអាហារ និងភេសជ្ជៈ ដើម្បីផ្តល់ជូនបទពិសោធន៍វាយកូនហ្គោលដ៏ល្អឥតខ្ចោះ ។

ក្លឹបវាយកូនហ្គោល រ៉ូយ៉ាល់ ភ្នំពេញ ជាទីលានវាយកូនហ្គោលស្តង់ដារអន្តរជាតិ ១៨ឡូ ដូចគ្នានឹង ហ្គ្រេន ភ្នំពេញ ដែរ និងមានដើមឈើធំៗជារនាំង លាតសន្ធឹងលើផ្ទៃដី ១៩០ហិកតា នៅតាមបណ្ដោយមហាវិថីឈ្នះឈ្នះ ឬផ្លូវទំនប់កប់ស្រូវ ដែលជាទីលានផ្តល់ជូននូវបទពិសោធន៍លេងដ៏ល្អឥតខ្ចោះ ព្រមទាំងផ្សារភ្ជាប់នឹងធម្មជាតិដ៏ស្រស់ត្រកាល ប្រកបដោយភាពស្ងប់ស្ងាត់ និងទីធ្លាធំទូលាយ ។
ក្លឹបវាយកូនហ្គោល រ៉ូយ៉ាល់ភ្នំពេញ នាំយករថយន្តអគ្គិសនីចំនួន ៦០គ្រឿង សម្ភារៈថែទាំទំនើបៗ និងកំពុងកែលម្អក្លឹបហៅស៍ និងបន្ថែមសេវាកម្មម្ហូបអាហារ និងភេសជ្ជៈ ដើម្បីផ្តល់ជូនបទពិសោធន៍វាយកូនហ្គោលប្រកបដោយភាពសប្បាយរីករាយ ៕



