លោក យូ វ៉ាន់កាប់ អគ្គនាយកធនាគារ ជីប ម៉ុង មានប្រសាសន៍ថា៖ «ប្រជាពលរដ្ឋកម្ពុជាជាច្រើនបានជ្រើសរើសប្រើប្រាស់សេវាកម្មធនាគាររបស់យើង សម្រាប់ប្រតិបត្តិការចរន្តសាច់ប្រាក់ ក្នុងការដោះដូរពាណិជ្ជកម្មរបស់ពួកគេ។ ដោយសារទំនុកចិត្ត និងការគាំទ្រដ៏ខ្លាំងនេះ ថ្នាក់ដឹកនាំធនាគារ ជីប ម៉ុង បានសម្រេចចិត្តធ្វើការវិនិយោគបន្ថែមទៀត ដោយពង្រីក៣សាខាបន្ថែមក្នុងការប្រតិបត្តិការសេវាកម្មធនាគាររបស់ខ្លួន ដើម្បីផ្តល់ភាពងាយស្រួលជូនដល់អតិថិជនបច្ចុប្បន្ន និងអតិថិជនដទៃទៀត ដែលមានបំណងចង់ប្រើប្រាស់សេវាកម្មធនាគារ ជីប ម៉ុង ដែរ»។
លោក វ៉ាន់កាប់ បញ្ជាក់ផងដែរថា មកដល់បច្ចុប្បន្ន ធនាគារ ជីប ម៉ុង មានប្រតិបត្តិការចំនួន២ទីតាំង ដោយទីតាំងទី១ នៅទីស្នាក់ការកណ្ដាល ស្ថិតនៅលើមហាវិថី ម៉ៅសេទុង និងទីតាំងទី២ នៅសាខាព្រះនរោត្តម ស្ថិតនៅលើមហាវិថី ព្រះនរោត្តម។ ដោយឡែក សាខាថ្មីទាំង៣ទីតាំង ដែលគ្រោងបើកប្រតិបត្តិការនោះ នឹងសម្ពោធនៅក្នុងថ្ងៃតែមួយតែម្តង គឺនៅថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០១៩នេះ ដោយកំណត់ទីតាំងទី៣ នៅសាខាបឹងសាឡាង ស្ថិតនៅអគារលេខ១៩H ផ្លូវ២៧១ សង្កាត់ បឹងសាឡាង ខណ្ឌទួលគោក រាជធានីភ្នំពេញ ទីតាំងទី៤ នៅសាខាផ្សារដើមថ្កូវ ស្ថិតនៅអគារលេខ៣៧ ផ្លូវ២៧១ សង្កាត់ បឹងទំពុនទី១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ និងទីតាំងទី៥ នៅសាខាទួលគោក ស្ថិតនៅអគារលេខ១៦ និង ១៨ ផ្លូវ១៩២៨ សង្កាត់ ទួលសង្កែ២ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ៕