លោកឧកញ៉ា លាង ឃុន ប្រធានក្រុមអគ្គនាយកក្រុមហ៊ុន រ៉ូយ៉ាល់ ហ្វៀល ឌីវេឡុបម៉ិន បានឲ្យដឹងថា ការសាងសង់អគារពាណិជ្ជកម្មចម្រុះលំដាប់អន្តរជាតិនេះ នឹងចូលរួមចំណែកលើកស្ទួយដល់ វិស័យពាណិជ្ជកម្ម និងទេសចរណ៍ នឹងនាំមកនូវ មុខមាត់ថ្មី សម្រាប់កម្ពុជា។
នៅក្នុង គម្រោងអគារពាណិជ្ជកម្មចម្រុះមួយនេះ ក៏មានការសាងសង់សណ្ឋាគារ ហ្វ៊ែរហ្វៀល បាយ ម៉ារៀត ភ្នំពេញ លំដាប់ផ្កាយ ៣ ដែលមានកម្ពស់ ១៥ជាន់ ស្ថិតនៅជាន់ខាងលើបង្អស់ នៃអគារនេះ ដែលជាការចាប់ដៃគូជាមួយ សណ្ឋាគារឈានមុខគេលើពិភពលោក ម៉ារៀត អន្តរជាតិ។
លោក ខាល ហាដ់សុន តំណាងសណ្ឋាគារ ម៉ារៀត អន្តរជាតិ បានបង្ហាញពីភាពជឿជាក់ថា សណ្ឋាគារ ហ្វ៊ែរហ្វៀល បាយ ម៉ារៀត ភ្នំពេញ នឹងបំពេញចន្លោះប្រហោងនៃ វិស័យសណ្ឋាគារនៅកម្ពុជា ដោយផ្តោតទៅលើ តម្រូវការរបស់ ភ្ញៀវចំណូលមធ្យម របស់កម្ពុជា ដែលមានជីវភាព កាន់តែប្រសើរ នាពេលបច្ចុប្បន្ន និងរីកលូតលាស់កាន់តែខ្លាំង នាពេលអនាគត។
លោក សៃម៉ុន ដេល អនុប្រធានជាន់ខ្ពស់ផ្នែកសណ្ឋាគារ និងបដិសណ្ឋារកិច្ច នៃក្រុមហ៊ុន រ៉ូយ៉ាល់ ហ្វៀល ឌីវេឡុបម៉ិន បានឲ្យដឹងដែរថា ការជ្រើសរើសយក សណ្ឋាគារ ម៉ារៀត អន្តរជាតិ ជាដៃគូ គឺដោយសារតែ បទពិសោធន៍ដ៏លើសលប់ រួមជាមួយ វិជ្ជាជីវៈ នឹងកិត្តិនាមរបស់សណ្ឋាគារ ម៉ារៀត អន្តរជាតិ ក្នុងវិស័យសណ្ឋាគារ គួបផ្សំនឹងបទពិសោធន៍ និងកិត្តិនាមរបស់ ក្រុមហ៊ុន ជីប ម៉ុង នឹងជំរុញ អគារពាណិជ្ជកម្មចម្រុះនេះ កាន់តែល្បីល្បាញ ក្នុងប្រទេសកម្ពុជា ក៏ដូចជាក្នុងតំបន់។
គួរជម្រាបដែរថា អគារពាណិជ្ជកម្មចម្រុះថ្មីនេះ នឹងសាងសង់ឡើងលើផ្ទៃក្រឡា ១០ម៉ឺនការ៉េ ដែលរួមមានអគារការិយាល័យទំនើប រោងភាពយន្តខ្នាតធំ និងផ្សារទំនើបកម្ពស់ ៥ជាន់ ដែលគ្រោងនឹងបើកដំណើរការក្នុងឆ្នាំ ២០២២ ខាងមុខ៕