ការប្រកាសនេះបានពង្រីកលើកិច្ចព្រមព្រៀងទិញកាលពីពេលមុនរវាងក្រុមហ៊ុនទាំងពីរក្នុងចំនួនទឹកប្រាក់ប្រមាណ ៣ពាន់២រយលានដុល្លារ ខណៈការបង្កើនការទិញបន្ទះឈីបនេះនឹងយកទៅប្រើប្រាស់ក្នុងការតភ្ជាប់បណ្ដាញទទួល និងបញ្ជូនប្រព័ន្ធ 5G, Wi-Fi, ការផលិតរថយន្ត (automotive) និងឧបករណ៍បច្ចេកវិទ្យាផ្សេងៗទៀត។
ក្រុមហ៊ុនផលិតបន្ទះឈីបរបស់អាមេរិក Qualcomm ដែលមានឯកទេសលើការផលិតបន្ទះឈីបសម្រាប់ទូរសព្ទចល័ត គឺជាអតិថិជនដំបូងរបស់ក្រុមហ៊ុន GlobalFoundries ដែលបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងរយៈពេលវែងក្នុងឆ្នាំ ២០២១ ដែលគ្របដណ្តប់លើលក្ខខណ្ឌភូមិសាស្ត្រ និង បច្ចេកវិទ្យាជាច្រើន នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មានធំៗជាច្រើន។
នាយកប្រតិបត្តិក្រុមហ៊ុន GlobalFoundries លោក ថូម៉ាស់ ខោលហ្វីល (Thomas Caulfield) បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ការមានក្រុមហ៊ុន Qualcomm ជាអតិថិជនយូរអង្វែងនៃរោងចក្រនៅរដ្ឋញូវយ៉ករបស់ខ្លួន នឹង ជួយរួមចំណែកជាមួយនឹងការផ្តល់មូលនិធិពីសហព័ន្ធ និងរដ្ឋ ដើម្បីពង្រីកដំណើរការផលិតកម្មរបស់ក្រុមហ៊ុនសហរដ្ឋអាមេរិក។
មែនទែនទៅ កាលពីខែមុនព្រឹទ្ធសភាសហរដ្ឋអាមេរិកបានអនុម័តច្បាប់ថ្មីមួយដើម្បីឧបត្ថម្ភធនដល់ឧស្សាហកម្មអេឡិចត្រូនិកក្នុងស្រុក ដោយនឹងផ្តល់ប្រាក់ឧបត្ថម្ភធនចំនួនប្រហែល ៥២ ពាន់លានដុល្លារ សម្រាប់ការផលិតគ្រឿងអេឡិចត្រូនិក និង ឥណទានពន្ធវិនិយោលើវិស័យផលិតបន្ទះឈីបដែលប៉ាន់ស្មានថាចំណាយប្រាក់ចំនួន ២៤ ពាន់លានដុល្លារ។
ក្រុមហ៊ុន Intel និង ក្រុមហ៊ុន GlobalFoundries ក៏បានប្រកាសផែនការពង្រីកភាពជាដៃគូររវាងក្រុមហ៊ុនទាំងពីរដើម្បីទទួលបានអត្ថប្រយោជន៍ពីការឧបត្ថម្ភធន ដោយ GlobalFoundries ចាប់ដៃគូជាមួយ STMicroelectronics ដើម្បីសាងសង់រោងចក្រផលិតបន្ទះឈីប ក្នុងទំហំទឹកប្រាក់៥,៧ ពាន់លានដុល្លារនៅប្រទេសបារាំងផងដែរ។
ការប្រកាសនេះបានធ្វើឡើងនៅពេលដែលប្រធានក្រុមហ៊ុន GlobalFoundries, Applied Materials និង ក្រុមហ៊ុនផលិតរថយន្ត Ford Motor និង General Motors Co គ្រោងនឹងជួបនៅក្នុងកិច្ចប្រជុំកំពូលបិទទ្វារជាមួយមន្ត្រីរដ្ឋាភិបាលសហរដ្ឋអាមេរិកនៅថ្ងៃចន្ទដើម្បីពិភាក្សាអំពីផែនការរដ្ឋបាលដើម្បី វិនិយោគលើវិស័យបន្ទះឈីប។
គួរបញ្ចាក់ថា ក្រុមហ៊ុន GlobalFoundries គឺជាក្រុមហ៊ុនផលិតបន្ទះឈីបធំជាងគេទី ៣ របស់ពិភពលោក បន្ទាប់ពី ក្រុមហ៊ុនផលិតបន្ទះឈីបរបស់តៃវ៉ាន TSMC និង ក្រុមហ៊ុន Samsung Electronics Co Ltd៕