គំនិត​អាជីវកម្ម

អ្នក​ជំនាញ៖ ការ​ចូល​ហ៊ុន​រកស៊ី​​ជាមួយ​គ្នា​មិន​ខុស​ពី​ការ​រើស​ប្តី​ប្រពន្ធ​នោះ​ទេ!


ការ​ជ្រើសរើស​មនុស្ស​មក​ចូល​ហ៊ុន​រក​ស៊ីជាមួយ​គ្នា គឺ​មិន​មែន​ជា​រឿង​ងាយ​ស្រួល​ប៉ុន្មាន​នោះ​ទេ ពីព្រោះ វា​ទាមទារ​នូវ​ចំណេះដឹង​និង​ភាព​ប៉ិន​ប្រសប់​ខ្លាំង​ក្នុង​ការ​មើល​មនុស្ស។ ប្រសិន​បើ​ជ្រើសរើស​ភាគ​ហ៊ុនិក​ (ដៃគូ​ភាគហ៊ុន)​ខុស នោះ​ដំណើរការ​​ក្រុមហ៊ុន​​នឹង​បរាជ័យ ដែល​ធ្វើ​ឲ្យ​ខាត​ប្រាក់​ចំណូល​និង​ពេល​វេលា​យ៉ាង​ច្រើន។
លោក ឌិន សុមេធារិទ្ធិ ប្រធាន​​សមាគម​​សណ្ឋាគារ​​កម្ពុជា និង​​ជា​សហ​ស្ថាបនិក Frengipani Villa Hotels។
ដោយ

ទាក់ទង​នឹង​បញ្ហា​នេះ លោក ឌិន សុមេធារិទ្ធិ ប្រធាន​សមាគម​សណ្ឋាគារ​កម្ពុជា និង​ជា​សហ​ស្ថាបនិក Frengipani Villa Hotels បាន​មាន​ប្រសាសន៍​ថា ការ​ចូល​ហ៊ុន​រក​ស៊ី​មិន​ខុស​គ្នា​ពី​ការ​ជ្រើសរើស​ប្តី​ប្រពន្ធ​ឡើយ។ លោក​មាន​ប្រសាសន៍​ថា៖ «ប្តី​ប្រពន្ធ​មាន​អេតាស៊ីវិល​ហើយ នៅតែ​បែក​គ្នា។ ដោយឡែក ការ​រក​ស៊ី​ដូច​យើង​ ដូច​សម្លឹងរក​ប្តី​ប្រពន្ធ​អ៊ីចឹង។ រកស៊ី​និង​ជីវិត​អាពាហ័​ពិពាហ៍​អត់​ខុស​គ្នា​ទេ។ ដូច្នេះ តោង​ស្គាល់​គាត់​យ៉ាង​ជិត​ស្និទ្ធ​បំផុត»។

ការ​ចូល​ហ៊ុន​ដែល​មាន​ប្រសិទ្ធភាព ទាល់​តែ​អ្នក​ចូល​ហ៊ុន​ត្រូវ​មាន​ចំណេះដឹង និង​ដើម​ទុន​ប្រហាក់​ប្រហែល​គ្នា ព្រមទាំង​មាន​ជំនឿ​ចំពោះ​គ្នា​ទៅ​វិញ​ទៅ​មក។ នេះ​បើ​តាម​ការ​បញ្ជាក់​របស់​លោក ឌិន សុមេធារិទ្ធិ ដោយ​បន្ត​ពន្យល់​យ៉ាង​ដូច្នេះ ថា៖ «យើង​មាន​លុយ​ធំ គាត់​មាន​លុយ​តូច រកស៊ី​ក៏​មិន​ចូល​គ្នា​ដែរ។ ដូច​ប្តី​អ្នក​មាន ប្រពន្ធ​អ្នក​​ក្រ ឬ​ប្តី​អ្នក​ក្រ ប្រពន្ធ​អ្នក​មាន ពិបាក​រក​ស៊ី​ណាស់ ព្រោះ​របៀប​របប​ខុស​គ្នា»។

លោក​បន្ត​ថា ការ​រក​ស៊ី​ដំបូង សូម​កុំទាន់​គិត​ពី​ផល​លាភ គួរតែ​គិត​ឲ្យ​ក្រុមហ៊ុន​មាន​ដំណើរ​ល្អ និង​អាច​រក​ផល​ចំណេញ​បាន​ជាមុន​សិន។ បន្ថែម​ពី​នេះ ភាគ​ហ៊ុនិក គួរតែ​បែងចែក​ផល​ប្រយោជន៍​ដោយ​យុត្តិធម៌ ទើប​អាច​រក្សា​និរន្តរភាព​ក្រុមហ៊ុន​បាន​យូរ​អង្វែង ពីព្រោះ ជាទូទៅ មនុស្ស​ច្រើន​តែ​ឈ្លោះ​គ្នា​រឿង​ពីរ គឺ លុយ និង​អំណាច។

ការថ្លែងរបស់​លោក ឌិន សុមេធារិទ្ធិ គឺ​ធ្វើ​ឡើង​ក្នុង​កិច្ច​ពិភាក្សា​មួយ​ស្តីពី៖ «ស្វែងយល់​ពី​បញ្ហា​ប្រឈម​នៃ​ធុរកិច្ច​បរាជ័យ» ដែល​រៀបចំ​ដោយ JCI Cambodia នៅ​សាកល​វិទ្យាល័យ​ហ្សាម៉ាន់ ក្នុង​រាជ​ធានី​ភ្នំពេញ កាល​ពី​ពេល​ថ្មីៗ​កន្លង​ទៅ​នេះ។

លោក ប៉ិច ប៉ូឡែន ប្រធាន​ក្រុមប្រឹក្សាភិបាល​ក្រុមហ៊ុន Westline Education Group។

ដូច​គ្នា​នេះ​ដែរ លោក ប៉ិច ប៉ូឡែន ប្រធាន​ក្រុមប្រឹក្សាភិបាល​ក្រុមហ៊ុន Westline Education Group ដែល​វិនិយោគ​លើ​សាលា​ចំណេះដឹង​ទូទៅ Westline  បាន​ថ្លែង​ថា កុំ​អាង​ច្បាប់ ឬ​កិច្ច​ព្រៀមព្រៀង ប៉ុន្តែ ត្រូវ​រៀបចំ​ផែនការ​បែក​គ្នា​ឲ្យ​ហើយ។ 

លោក​អត្ថាធិប្បាយ​ថា ទោះ​ចំណាយ​ច្រើន​ប៉ុណ្ណា​ក៏​ដោយ អ្នក​រកស៊ី​ត្រូវ​រក​មេធាវី និង​អ្នក​ប្រឹក្សា​យោបល់ ដើម្បី​ចែង​លើ​កិច្ចព្រមព្រៀង​ឲ្យ​បាន​លម្អិត​ទាំង​ពេល​នៅ​ជាមួយ​គ្នា  និង​ពេល​បែក​គ្នា​ដោយ​សន្តិវិធី។

លោក​មាន​ប្រសាសន៍​ថា៖ «យើង​ត្រូវតែ​ឈ្លោះ​គ្នា​ជាមុន​សិន មុន​នឹង​ចាប់​ផ្តើម​ចូល​ហ៊ុន​រក​ស៊ី​ជាមួយ​គ្នា»។ 

លោក ជា សារិន សហគ្រិន​និង​ជា​សហ​ស្ថាបនិក ចំប៉ី​ស្ប៉ា។

បញ្ហា​នេះ ត្រូវ​បាន​លោក ជា សារិន សហ​ស្ថាបនិក ចំប៉ី​ស្ប៉ា អះអាង​ថា បើ​សិន​ក្រុមហ៊ុន​មាន​ជម្លោះ​ជាមួយ​បុគ្គលិក មិន​ខុស​ពី​កាត់​ដៃ​ជើង​ចោល​នោះ​ទេ។ តែ​ទោះ​ជា​យ៉ាង​ណា មនុស្ស​នៅ​តែ​អាច​រស់​បាន។ ប៉ុន្តែ ករណី​មាន​ជម្លោះ​ជាមួយ​ភាគហ៊ុនិក គឺ​មិន​ខុស​ពី​ការ​ពុះ​បេះដូង​មនុស្ស​ដូច្នេះ​ដែរ។ 

«យើង​ពិបាក​ពុះ​បេះដូង​ខ្លួន​ឯង​ជា​ពីរ​ឬ​បី​ណាស់ ព្រោះ​យើង​នឹង​ស្លាប់»។ នេះ​ជា​ការ​បញ្ជាក់​របស់​លោក ជា សារិន ដោយ​លោក​បន្ត​ពន្យល់​ថា នៅ​ពេល​ក្រុមហ៊ុន​ចាប់​ផ្តើម​រីកធំ ភាគហ៊ុនិក​ខ្លះ​ចង់​ប្តូរ​រចនា​សម្ព័ន្ធ​ការងារ តែ​ខ្លះ​មិន​ចង់​ផ្លាស់​ប្តូរ ដែល​ធ្វើ​ឲ្យ​មាន​ជម្លោះ​កើត​ឡើង​ពី​ចិត្ត​មិន​ដូចគ្នា៕  

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


Franchise ជា​កាំបិតមុខ​ពីរ​សម្រាប់​ទីផ្សារ​កម្ពុជា (ភាគ១)

ព័ត៌មាន
គិត​ត្រឹម​៥​ឆ្នាំ​ចុង​ក្រោយ​នេះ សន្ទុះ​នៃ​ការ​ទិញ​លក់​សិទ្ធិ​អាជីវកម្ម​លើ​ស្លាក​យីហោ​ពី​បរទេស ឬ​គេ​និយម​ហៅ​ថា Franchise នោះ បាន​និង…

កម្ពុជា​បង្ក្រាប​ជនជាតិ​ចិន​ជំរិត​ប្រាក់​តាម​អ៊ិនថឹណិត​ជា​ច្រើន​។ តើ​ពួកគេ​ធ្វើ​អ្វី​ខ្លះ?

ព័ត៌មាន
ជា​រឿយៗ គេ​ឃើញ​មាន​សេចក្ដី​រាយការណ៍​ពី​ជនជាតិ​ចិន​និង​ជនបរទេស​ដទៃ​ទៀត ដែល​ត្រូវ​បាន​សមត្ថកិច្ច​កម្ពុជា​ចាប់​ខ្លួន និង​និរទេស​ទៅស្រុ…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ