តំបន់តាមបណ្ដោយផ្លូវជាតិលេខ៦អានេះ មិនត្រឹមតែកំពុងជាមេដែកទាក់ទាញការវិនិយោគគម្រោងបុរីលំនៅដ្ឋានប៉ុណ្ណោះទេ ប៉ុន្ដែ ក៏មានគម្រោងយក្សៗចំនួនពីរទៀតផងដែរ គឺទីក្រុងរណបជ្រោយចង្វាររបស់ក្រុមហ៊ុន OCIC និងគម្រោងទីក្រុងរណបរបស់អ្នកឧកញ៉ាលី យ៉ុងផាត់ ដែលគម្រោងទាំងពីរនេះ កំពុងមានសន្ទុះអភិវឌ្ឍន៍គួរឲ្យកត់សម្គាល់។
ក្រុមហ៊ុន អ័រគីដេវីឡា ដែលជាក្រុមហ៊ុនអភិវឌ្ឍន៍លំនៅដ្ឋានលំដាប់ប្រណីតមួយ ដែលបានអភិវឌ្ឍបុរីលំនៅដ្ឋាន និងមានគម្រោងថ្មីៗជាច្រើនទៀត នៅតំបន់តាមបណ្ដោយផ្លូវជាតិលេខ៦អានេះដែរ បានឲ្យដឹងថា ទីតាំងតំបន់ជ្រោយចង្វារនេះ គឺមានសក្ដានុពលខ្លាំង ពិសេស សម្រាប់ការអភិវឌ្ឍលំនៅដ្ឋាន ព្រោះវាមានទន្លេស្ថិតនៅសងខាង ដែលមានភាពអំណោយផលណាស់សម្រាប់ការរស់នៅ។ ក្នុងនោះដែរ គម្រោងលំនៅដ្ឋានរបស់អ័រគីដេវីឡា គឺស្ថិតនៅចន្លោះកណ្ដាលនៃទីក្រុងរណបជ្រោយចង្វារ និងទីក្រុងរណបរបស់អ្នកឧកញ៉ាលី យ៉ុងផាត់តែម្ដង។
អ្វីដែលពិសេសនោះ ថ្មីៗដែរ ក្រុមហ៊ុន អ័រគីដេវីឡា) បានបន្ថែមនូវការអភិវឌ្ឍគម្រោងលំនៅដ្ឋានប្រណីតមួយទៀតរបស់ខ្លួន នៅតំបន់ជ្រោយចង្វារនេះ គឺគម្រោងលំនៅដ្ឋានអ័រគីដេវីឡា ដឹហ្កាឌិន ដែលគម្រោងនេះ គឺផ្ដោតលើការអភិវឌ្ឍលំនៅដ្ឋានបែបអេកូបៃតង ធម្មជាតិ ជាមួយនឹងគុណភាពសំណង់មានស្ដង់ដារខ្ពស់។
បើតាមសេចក្ដីប្រកាសព័ត៌មានរបស់ក្រុមហ៊ុនអ័រគីដេវីឡា កន្លងមកក្រុមហ៊ុនបានបញ្ចប់គម្រោងចំនួន២រួចមកហើយ ហើយបច្ចុប្បន្នក្រុមហ៊ុននេះ បាននិងកំពុងបន្ដអភិវឌ្ឍយ៉ាងសស្រាក់សស្រាំនូវគម្រោងលំនៅដ្ឋានលំដាប់ខ្ពស់ចំនួន២ទៀត រួមមាន គម្រោងអ័រគីដេដឹរ៉ូយ៉ាល់ខុនដូមីនីម (Orkide The Royal Condominium) និងគម្រោងអ័រគីដេវីឡា ដឹប៊ូតានិចស៊ីធី ខណ្ឌជ្រោយចង្វារ ដែលគ្របដណ្ដប់លើផ្ទះដីរហូតដល់ជាង ២០០ ហិកតា។
គម្រោងលំនៅដ្ឋាន អ័រគីដេវីឡា ដឹហ្កាឌិន ដែលជាគម្រោងថ្មីលើទឹកដីខណ្ឌជ្រោយចង្វារនេះ គឺមានទីតាំងស្ថិតនៅក្នុងគម្រោង អ័រគីដេវីឡា ដឹប៊ូតានិចស៊ីធី របស់ក្រុមហ៊ុនអ័រគីដេវីឡាដែរ ខណៈដែល គម្រោង អ័រគីដេវីឡា ដឹប៊ូតានិចស៊ីធី ត្រូវបានបើកលក់ជាបីផ្នែក ហើយបើតាមក្រុមហ៊ុនផ្នែកនីមួយៗសុទ្ធតែទទួលបានការកក់ប្រាក់ពីអតិថិជនរហូតដល់ ១០០% តែម្ដង។
ដោយឡែក សម្រាប់គម្រោងថ្មី អ័រគីដេវីឡា ដឹហ្កាឌិន ទើបតែសម្ពោធ បើកលក់ប៉ុណ្ណោះ ក៏មានការកក់ពីអតិថិជនបានរហូតដល់ រហូតដល់២០% រួចហើយដែរ នេះបើតាមការបញ្ជាក់ពីក្រុមហ៊ុនអ័រគីដេវីឡា។
សូមជម្រាបដែរថា របាយការណ៍ពី ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានបង្ហាញថា ក្នុងឆ្នាំ២០១៨ មានសំណង់លំនៅដ្ឋានចំនួន ២.៤២០ គម្រោង ទុនវិនិយោគប្រមាណជាង ១.៨០០លានដុល្លារ ស្មើនឹងចំនួនលំនៅដ្ឋានជាង ១,៨ម៉ឺនខ្នង និងគម្រោងអគារខ្ពស់ៗចាប់ពី ៥ជាន់ឡើងទៅនៅក្នុងរាជធានីភ្នំពេញនៅឆ្នាំ២០១៨ នេះដែរ គឺមានចំនួន ១១០អគារ ខណៈបណ្តុំលំនៅដ្ឋានលក្ខណៈបុរី មានចំនួន ២៨ទីតាំង និងក្រុមហ៊ុនសិក្សាគម្រោងប្លង់ និងសាងសង់ដែលបានចុះបញ្ជីមានចំនួនសរុប ៣០១ ក្រុមហ៊ុន។ ក្នុងនោះ ក្រុមហ៊ុនក្នុងស្រុក មាន ១៨៦ក្រុមហ៊ុន និងបរទេស ១១៥ ក្រុមហ៊ុន ពោលបើធៀបនឹងឆ្នាំ ២០១៧ មានការកើនឡើង ២៦ក្រុមហ៊ុន។
របាយការណ៍ ដដែលបានបញ្ជាក់ទៀតថា នៅឆ្នាំ ២០១៨នេះ តម្លៃទុនវិនិយោគលើវិស័យសំណង់មានការថយចុះប្រមាណជាង ១៨ភាគរយ ដែលនៅឆ្នាំនេះមានតម្លៃទុនវិនិយោគត្រឹមជាង ៥ពាន់លានដុល្លារ ខណៈឆ្នាំ ២០១៧ តម្លៃទុនវិនិយោគមានរហូតដល់ជាង ៦ពាន់លានដុល្លារ។
ដ្បិតតែ វិស័យសំណង់បង្ហាញពីការថមថយតម្លៃទុនវិនិយោគក្ដី ប៉ុន្ដែ អ្នកជំនាញក្នុងវិស័យអចលនទ្រព្យជាច្រើន សុទ្ធតែបានអះអាងថា វានឹងមិនចោទជាបញ្ហាដុំកំភួនសម្រាប់វិស័យសំណង់ និងអចលនទ្រព្យនៅកម្ពុជានោះឡើយ។ អ្នកជំនាញ បានលើកឡើងទៀតថា ជាក់ស្ដែង បច្ចុប្បន្ន មិនត្រឹមតែរាជធានីភ្នំពេញនោះទេ ដែលកំពុងមានសន្ទុះអភិវឌ្ឍន៍ សូម្បីតែនៅតាមបណ្ដាខេត្តសក្ដានុពលមួយចំនួនទៀត ក៏មានសន្ទុះអភិវឌ្ឍន៍គួរឲ្យកត់សម្គាល់ដែរ៕