ករណីវិវាទ​ស្រះទឹក ក្នុងទីក្រុងរណប​ហ្គ្រេនភ្នំពេញ

រឿង​លុប​​ស្រះទឹកក្នុងទីក្រុងរណប​ហ្គ្រេនភ្នំពេញ៖ អភិបាលក្រុង​ថា មិនអាចទប់ស្កាត់ទេ ព្រោះ​ជាកម្មសិទ្ធិ​របស់ក្រុមហ៊ុនជីបម៉ុង


អភិបាលរាជធានីភ្នំពេញ លោក ឃួង ស្រេង នៅថ្ងៃនេះ (ទី២៨ កញ្ញា ឆ្នាំ​២០២០) បាន​ឆ្លើយតប​ដោយ​លទ្ធផល​អវិជ្ជមាន ទៅ​កាន់​សហគមន៍ពលរដ្ឋ​ ១៤០នាក់ រស់នៅក្នុង​ទីក្រុងរណប​ហ្គ្រេនភ្នំពេញ ដែលតវ៉ា​ប្រឆាំងនឹង​គម្រោង​លុបស្រះទឹក​ទំហំ​ប្រហែល ១០ហិកតា នៅក្នុង​ទីក្រុង​រណប​នោះ ដោយ​ថា រដ្ឋបាល​រាជធានីភ្នំពេញ​ពុំអាច​ទប់ស្កាត់បានទេ ពីព្រោះស្រះទឹកនោះ​មិនមែនជាទ្រព្យ​សម្បត្តិសាធារណៈ​របស់​ខ្លួនទេ។
ពលរដ្ឋរស់នៅក្នុងទីក្រុងរណបហ្គ្រេនភ្នំពេញ ចេញតវ៉ា នឹងក្រុមហ៊ុនជីប ម៉ុង ជុំវិញគម្រោងលុបបឹងក្នុងទីក្រុងរណប (រូបភាព៖ ខេមបូណូមីស)
ដោយ

លោក ឃួង ស្រេង បាននិយាយ​នៅក្នុងលិខិត​ឆ្លើយ​តប​ថា បន្ទាប់ពី​បានស្រាវជ្រាវ បានពិនិត្យ​ឃើញថា ស្រះទឹក​ដែលជាកម្មវត្ថុនៃការតវ៉ានេះ ពុំមែន​ជាទ្រព្យ​សម្បត្តិ​សាធារណៈ​របស់​រដ្ឋបាល​រាជធានី​ភ្នំពេញ​ឡើយ។ លោក​បន្ត​នៅក្នុងលិខិត​ដដែលថា ស្រះទឹក​នេះ​មាន​បណ្ណ​សម្គាល់​សិទ្ធិ​កាន់កាប់​អចលទ្រព្យ ចុះ​ថ្ងៃទី២៥ ខែសីហា ឆ្នាំ​២០០៩ របស់​មន្ទីររៀបចំដែនដី​រាជធានីភ្នំពេញ ដែលជាកម្មសិទ្ធិ​របស់​លោក​ឧកញ៉ា លាង ឃុន និង​លោក​ឧកញ៉ា លាង ម៉េង ដែលបានទិញ​ពី​ក្រុមហ៊ុន​ វ៉ាយ អិល ភី គ្រុប។ 

កាលពីថ្ងៃទី២៧ កញ្ញា តំណាងសហគមន៍ពលរដ្ឋរស់នៅក្នុងទីក្រុងរណបហ្គ្រេនភ្នំពេញ ដែលជាអ្នកតវ៉ាជំទាស់ចំពោះគម្រោងលុបបឹង(ស្រះទឹក)ក្នុងសហគមន៍ ដោយក្រុមហ៊ុន ជីប ម៉ុង លែន នោះ បានជួបជុំគ្នា​ដោយមាន​ការកាន់បដាធំៗផង ដើម្បីបញ្ជាក់ពីគោលជំហរដដែលរបស់ពួកគេ​ថា ប្រឆាំងដាច់ខាតចំពោះគម្រោងលុបបឹងនេះ ។

លោក អ៊ិន ចាន់នី ជាអ្នកតំណាង​ឲ្យពលរដ្ឋ​ចំនួន ១៤០នាក់ ដែលរស់នៅ​ក្នុងបុរី​ទីក្រុងរណប​ហ្គ្រេន​ភ្នំពេញ បាន​បញ្ជាក់ថា កាលពីលោក ក៏ដូចជា​​ពលរដ្ឋ​ដែលកំពុង​រស់នៅក្នុង​សហគមន៍​នៃទីក្រុងរណប​ហ្គ្រេនភ្នំពេញ បាន​ទិញផ្ទះ​នៅក្នុងគម្រោងនេះ ដោយមានផ្អែក​ទៅតាម​ប្លង់មេ​ឆ្នាំ២០០៦ ដល់ឆ្នាំ២០១៩ ដែលក្រុមហ៊ុន​YLP CIPUTRA (ម្ចាស់ចាស់​ទីក្រុងរណប​ហ្គ្រេនភ្នំពេញ) បាន​ប្រកាសលក់​ ដោយក្នុង​ប្លង់មេ មាន​ស្រះទឹក កន្លែង​វាយកូនហ្គោល និងសួនច្បារធំទូលាយ។ លោកបន្ថែមថា ផ្ទះដែលបាន​ដាក់លក់​នៅតាមក្បែរ​មាត់ស្រះទឹកនោះទៀតសោត ក៏មាន​តម្លៃខ្ពស់​ណាស់ដែរ។


ទស្សនាវីដេអូ នៃសកម្មភាពតវ៉ារបស់សហគមន៍ពលរដ្ឋក្នុង​ទីក្រុងរណប​ហ្គ្រេនភ្នំពេញ កាលពីថ្ងៃទី២៧ កញ្ញា ២០២០


នៅខែ​តុលា ឆ្នាំ២០១៩ ក្រុមហ៊ុន YLP CIPUTRA បានលក់​ប្រតិបត្តិការ និងទ្រព្យសម្បត្តិ​ទាំងអស់​​នៅក្នុង​ទីក្រុងរណប​ហ្គ្រេន​ភ្នំពេញ​នេះ ទៅឲ្យ​ក្រុមហ៊ុន​ជីប ម៉ុង លែន ដើម្បីអភិវឌ្ឍបន្ដ។

ប៉ុន្តែ បើយោងតាមលិខិតរបស់​លោក​ ឃួង ស្រេង ចុះថ្ងៃទី២៨ កញ្ញា ឆ្នាំ​២០២០ បង្ហាញថា ស្រះទឹក​ដែលមាន​ទំហំ​បណ្ដោយ ៤២៣ម៉ែត្រ និងទទឹង ២៤៥ម៉ែត្រ បាន​ក្លាយជា​កម្មសិទ្ធិ​របស់​លោក​ឧកញ៉ា​ លាង ឃុន និងលោក​ឧកញ៉ា លាង ម៉េង ទិញ​ពី​ក្រុមហ៊ុន វ៉ាយអិលភី គ្រុប តាមរយៈ​បណ្ណ​កម្មសិទ្ធិ​ចុះថ្ងៃទី២៥ ខែសីហា ឆ្នាំ​២០០៩ មក​ម្ល៉េះ ។ 

ខេមបូណូមីស ពុំ​ទាន់អាច​សុំ​ការអត្ថាធិប្បាយ​ពីតំណាង​ប្រជាពលរដ្ឋ​នៅ​ក្នុងសហគមន៍ទីក្រុងរណប​ហ្គ្រេនភ្នំពេញ ដែលតវ៉ាប្រឆាំងគម្រោងលុបស្រះទឹក(បឹង)នេះ នៅឡើយទេ នៅវេលា​ចេញផ្សាយ​អត្ថបទនេះ ៕




អត្ថបទបន្ទាប់


ការអភិវឌ្ឍសេដ្ឋកិច្ចឌីជីថល ជាទិសដៅត្រូវគិតគូរ ដើម្បីធ្វើជា​សសរ​ស្ដម្ភ​ថ្មី ទ្រទ្រង់​សេដ្ឋកិច្ច​រឹងមាំ និងជៀស​ផុត​ពី​វិបត្តិ​ហិរញ្ញវត្ថុ

មន្ត្រីជាន់ខ្ពស់នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានអះអាងថា ដើម្បីធានាបាននូវនិរន្ដរភាពនៃកំណើនសេដ្ឋកិច្ច និងសម្រេចបាននូវចក្ខុវិស័យឆ្នាំ២០៣០…

កិច្ចសន្យាកសិកម្មចំនួន ៥២ ត្រូវបានដោយហត្ថលេខាដោយវិស័យឯកជន ជំរុញការផលិតស្រូវ និងដំឡូងមីសរីរាង្គ

កិច្ចសន្យារហូតដល់ទៅចំនួន ៥២ កិច្ចសន្យាត្រូវបានរោងម៉ាស៊ីនកិនស្រូវចំនួន៤ រួមជាមួយសហគមន៍កសិកម្មចំនួន ៥០ នៅព្រឹកមិញនេះ បានធ្វើការចុះហត្ថលេ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ