ការហោះហើររវាងកម្ពុជា-ចិន

មន្រ្តីអាកាសចរស៊ីវិល៖ ការហោះហើររវាងកម្ពុជា-ចិន នៅតែស្ថិតក្នុងភាពមិនទាន់ប្រាកដប្រជា


មន្ត្រីជាន់ខ្ពស់រដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិលអះអាងថា បន្ទាប់ពីចិនបានប្រកាសបើកប្រទេសឡើងវិញ ចាប់ពីថ្ងៃទី៨ ខែមករា ឆ្នាំ២០២៣ ក្រុមហ៊ុនទេសចរណ៍ចិនមួយចំនួន បានបង្ហាញពីទិន្នាការតភ្ជាប់ជើងហោះហើរឡើងវិញ ក៏ប៉ុន្តែ សម្រាប់ការហោះហើររវាង កម្ពុជា-ចិន ហាក់មិនទាន់មានការវិវត្តន៍គួរឲ្យកត់សម្គាល់នៅឡើយនោះទេ។ ដ្បិតថា សម្ទុះនៃការហោះហើររវាងកម្ពុជា-ចិន មិនទាន់មានភាពប្រាកដប្រជា ប៉ុន្ដែកម្ពុជា បានប្រកាសស្វាគមន៍ជានិច្ចនូវជើងហោះហើររបស់ចិនចូលមកកម្ពុជា ជាពិសេសរាជរដ្ឋាភិបាលកម្ពុជា ក៏បានបើកទូលាយដល់ធុរជន និងភ្ញៀវទេសចរចិនផងដែរ។
យន្តហោះក្រុមហ៊ុន Cambodia Airway នៅព្រលានយន្តហោះអន្តរជាតិភ្នំពេញ

ឯកឧត្តម ស៊ិន ចាន់សិរីវុត្ថា អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យរដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល បានគូសបញ្ជាក់ថា មុនពេលមានការប្រកាសបើកប្រទេសឡើងវិញពីរដ្ឋាភិបាលចិន កម្ពុជា-ចិន មានជើងហោះហើរចំនួន ៣០ជើងក្នុងមួយសប្ដាហ៍ មានន័យថា ក្រុមហ៊ុនអាកាសចរណ៍ខ្មែរអាចហោះទៅប្រទេសចិនចំនួន ១៥ជើង ក្នុងមួយសប្ដាហ៍ និងក្រុមហ៊ុនអាកាសចរណ៍ចិនអាចហោះមកប្រទេសកម្ពុជាចំនួន១៥ជើងដូចគ្នា។ បច្ចុប្បន្ន ក្រុមហ៊ុនអាកាសចរណ៍ចិនដែលកំពុងប្រតិបត្តិការហោះហើរចេញចូលកម្ពុជា មានចំនួន៦ក្រុមហ៊ុន។

យ៉ាងណាមិញ ចំពោះស្ថានភាពការហោះហើររវាងកម្ពុជា-ចិននាពេលបច្ចុប្បន្ននេះ ត្រូវបានឯកឧត្តម ស៊ិន ចាន់សិរីវុត្ថា បញ្ជាក់ថា ហាក់មិនទាន់មានការវិវត្តន៍អ្វីគួរឲ្យកត់សម្គាល់នោះទេ ទោះចិនបានបើកទ្វារប្រទេសសម្រាប់ការហោះហើរជាអន្តរបានប្រមាណជាង ១សប្ដាហ៍ទៅហើយក្ដី។ ទោះយ៉ាងណា ឯកឧត្តម ស៊ិន ចាន់សិរីវុត្ថា បានបង្ហាញក្ដីរំពឹងថា ការហោះហើរពីចិនមកកម្ពុជានឹងមានការឡើងវិញជាបន្តបន្ទាប់ ក្រោយពិធីបុណ្យចូលឆ្នាំប្រពៃណីចិន នាពេលខាងមុខ។

យោងតាមរបាយការណ៍របស់រដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល គិតត្រឹមបំណាច់ខែធ្នូ ឆ្នាំ២០២២ មានក្រុមហ៊ុនអាកាសចរណ៍អន្តរជាតិ ចំនួន២៧ ក្រុមហ៊ុន បានតភ្ជាប់ជើងហោះហើរឡើងវិញ គឺស្មើនឹងជិត៦០% នៃឆ្នាំ២០១៩ ដែលកំពុងហោះហើរចេញ-ចូល កម្ពុជា ដោយនៅឆ្នាំ២០១៩ មានមានក្រុមហ៊ុនអាកាសចរណ៍ចំនួន៤៤ ក្រុមហ៊ុន ដែលធ្លាប់បានធ្វើការហោះហើរ។ ដោយឡែក ក្នុងឆ្នាំ២០២២ កម្ពុជាទទួលបានអ្នកដំណើរ ចំនួនជាង ២ លាននាក់ មានការកើនឡើងជិត៩០០ % បើធៀបទៅនឹងរយៈពេលដូចគ្នានៅឆ្នាំ២០២១។ ក្នុងនោះ ចំនួនជើងហោះហើរមានចំនួនជិត ៣សែនជើង មានការកើនឡើងជាង២៦០% បើធៀបទៅនឹងរយៈពេលដូចគ្នានៅឆ្នាំ២០២១។

សូមបញ្ជាក់ថា ជាមួយក្ដីរំពឹងនៃការត្រឡប់មកវិញនៃទេសចរចិន កម្ពុជារំពឹងថា នឹងទទួលបានទេសចរអន្តរជាតិប្រមាណ ៧លាននាក់ នៅឆ្នាំ២០២៥ ដូចការគ្រោងទុកក្នុងផែនទីចង្អុលផ្លូវស្តីពីផែនការស្ដារ និងលើកស្ទួយវិស័យទេសចរណ៍កម្ពុជា ក្នុង និងក្រោយវិបត្តិជំងឺកូវីដ១៩៕




អត្ថបទបន្ទាប់


សម្តេចតេជោ ហ៊ុន សែន បំពេញទស្សនកិច្ចផ្លូវការ៣ថ្ងៃ នៅកោះម៉ាល់ឌីវ ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការទ្វេភាគីបន្ថែម

តបតាមការអញ្ជើញរបស់នាយករដ្ឋមន្ត្រីនៃសាធារណរដ្ឋម៉ាល់ឌីវ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅព្រឹកថ្ងៃទី ១៥ ខែមករា ឆ្នាំ២០២៣ បានធ្…

ជំនួបទល់មុខរវាងនាយករដ្ឋមន្ត្រីជប៉ុន និងប្រធានាធិបតីអាមេរិកនៅទីក្រុងវ៉ាស៊ិនតោនសម្រេចបានផ្លែផ្កាអ្វីខ្លះ?

ក្រោយកិច្ចប្រជុំពីរថ្ងៃ លទ្ធផលដែលគួរឱ្យកត់សម្គាល់បំផុតមួយរវាងនាយករដ្ឋមន្ត្រីជប៉ុន លោក Fumio Kishida និងប្រធានាធិបតីអាមេរិក Joe Biden គឺ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ