តើហេតុអ្វីបានជាអាជីវកម្មនេះ អាចផ្ដល់សេវាកម្មដោយគ្មានព្រំដែន?
មានប្រសាសន៍នៅក្នុងកិច្ចសម្ភាសន៍ជាមួយ ខេមបូណូមីស លោកឧកញ៉ា ហ៊ុន ឡាក់ ជាអគ្គនាយកក្រុមហ៊ុនរហូតដល់ទៅ ៦ក្រុមហ៊ុន ដែលក្នុងនោះក៏មានក្រុមហ៊ុនសម្អាតមួយផងដែរ បានឲ្យដឹងថា ក្រុមហ៊ុនសម្អាត EnviroCam ឬហៅជាភាសាខ្មែរថា បៃតងកម្ពុជា បានចាប់កំណើតឡើងតាំងពីឆ្នាំ១៩៩៧មកម្ល៉េះ ដែលគិតមកទល់ពេលនេះ មានរយៈពេលប្រមាណ២០ឆ្នាំហើយ។
លោកឧកញ៉ា ហ៊ុន ឡាក់ បានលើកឡើងថា ពីដើមឡើយ លោកបានចាប់ផ្ដើមអាជីវកម្មនេះឡើងក្នុងរូបរាងគ្រាន់តែជាសេវាកម្មធម្មតាមានបុគ្គលិកជាង១០នាក់ប៉ុណ្ណោះ តែក្រោយមកក៏បានអភិវឌ្ឍខ្លួនទៅជាក្រុមហ៊ុនមានវិជ្ជាជីវៈច្បាស់លាស់ ដោយសារតែលោកមើលឃើញពីឱកាសនៃតម្រូវការទីផ្សារខ្លាំង ខណៈដែលប្រទេសកម្ពុជាបាននិងកំពុងមានការអភិវឌ្ឍឥតឈប់ឈរ។
លោកបន្តថា អតិថិជនរបស់លោក ដំបូងឡើយ មានត្រឹមតែសណ្ឋាគារ លំនៅដ្ឋាន និងអគារពាណិជ្ជកម្មមួយចំនួនប៉ុណ្ណោះ។ ប៉ុន្ដែ ក្រោយមក លោកក៏ដេញថ្លៃបានព្រលានយន្ដហោះអន្តរជាតិភ្នំពេញសម្រាប់ផ្ដល់សេវាសម្អាត និងមើលថែទាំ និងបន្តដេញថ្លៃបានព្រលានយន្ដហោះខេត្តសៀមរាបទៀត។
គិតមកទល់ពេលនេះ ក្រុមហ៊ុនលោកមានចំណែកទីផ្សារធំជាងគេនៅកម្ពុជាលើសេវាកម្មសម្អាតនេះ ដោយទទួលបានអតិថិជនដែលសុទ្ធតែជាទីតាំងសំខាន់ៗ ដូចជា ព្រលានយន្ដហោះ អគារពាណិជ្ជកម្ម ផ្សារទំនើប ស្ថានទូត សណ្ឋាគារ ទីតាំងរបស់រដ្ឋសំខាន់ៗមួយចំនួន និងមានសម្អាតនៅតាមលំនៅដ្ឋានផងដែរ ជាមួយនឹងចំនួនបុគ្គលិកសរុបមានជិត១ពាន់នាក់។
ឆ្លងតាមបទពិសោធន៍កន្លងមកនេះ លោកយល់ឃើញថា អាជីវកម្មសម្អាតដែលធ្លាប់មនុស្សជាច្រើនមើលឃើញថា ជារបរតូចទាប ឬមិនសូវអស្ចារ្យ ឡូយឆាយនោះ គឺជារបរមួយដែលផ្ដល់សេវាកម្មគ្មានព្រំដែនឡើយ។ គ្មានព្រំដែន ព្រោះថា សេវាកម្មនេះមិនមែនធ្វើឡើងតែម្ដងហើយចប់នោះទេ តែទាមទារឲ្យមានការមើលថែទាំ និងសម្អាតជាប្រចាំ ខណៈដែលប្រជាជនដែលមានប្រាក់ចំណូលកាន់តែខ្ពស់ក៏មានតម្រូវការសេវាកម្មនេះកាន់តែខ្លាំងផងដែរ។ ហើយបើនិយាយពីសម្អាតនេះទៀតសោត ក៏មិនមែនសម្ដៅតែលើការបោសជូត តែមួយមុខនោះដែរ ក្នុងនោះក៏ទាមទារឲ្យមានជំនាញវិជ្ជាជីវៈច្បាស់លាស់ក្នុងកម្ចាត់មេរោគ និងសម្លាប់សត្វល្អិតចង្រៃ ជាដើម ដោយការងារទាំងអស់នេះ ទាមទារបុគ្គលិក កម្មករជំនាញដែលមានវិជ្ជាជីវៈខ្ពស់ក្នុងការបំពេញការងារ។
មិនតែប៉ុណ្ណោះ ក្រៅពីសេវាកម្មសម្អាតតាមទីតាំងនិងអគារសំខាន់ៗនានា ការសម្អាតទៅលើកសិផលនិងមុខទំនិញនានា ក្នុងការនាំចេញទៅក្រៅប្រទេសក៏ជាតម្រូវការមួយខ្ពស់ផងដែរ ដូច្នេះ អាជីវកម្មសម្អាតនេះ គឺមានភាពប្រទាក់ក្រឡាជាមួយនឹងការអភិវឌ្ឍធំៗរបស់ប្រទេសនីមួយៗ ហើយវាក៏ជាសេវាកម្មមួយដែលមិនអាចខ្វះបានសម្រាប់ការរស់នៅក្នុងសង្គមបច្ចុប្បន្ន និងអនាគត។
ដោយឡែក អត្ថប្រយោជន៍នៃសេវាកម្មសម្អាតនេះសម្រាប់ប្រទេសកម្ពុជាវិញ លោកឧកញ៉ា ហ៊ុន ឡាក់ បានគូសបញ្ជាក់ថា វាបានចូលរួមចំណែកយ៉ាងសំខាន់ក្នុងការបង្ហាញពីមុខមាត់និងសេចក្ដីថ្លៃថ្នូររបស់កម្ពុជាទៅកាន់ពិភពលោក និងជាផ្នែកមួយក្នុងការទាក់ទាញភ្ញៀវទេសចរ និងវិនិយោគិនកាន់តែច្រើន ហើយក៏បានបង្កើតការងារនិងជំនាញសម្រាប់ប្រជាជនផងដែរ បើទោះបីជាអាជីវកម្មនេះគឺជាអាជីវកម្មមួយដែលចំណាយកម្លាំងពលកម្មច្រើន តែចំណេញតិចក៏ដោយ។
លោកឧកញ៉ា ហ៊ុន ឡាក់ បានលើកឡើងពីទស្សនៈចំពោះរបរមួយនេះយ៉ាងដូច្នេះថា «បើយើងនិយាយពីអាជីវកម្ម ជាការពិតណាស់ គេធ្វើ គឺរំពឹងចង់បានប្រាក់ចំណេញ តែសម្រាប់ការងារសម្អាតនេះ ចំណេញច្រើន ឬតិច គឺខ្ញុំនៅតែពេញចិត្តនឹងធ្វើវា ព្រោះវាជាការងារមួយដែលអាចជួយលើកស្ទួយមុខមាត់របស់ប្រទេសជាតិរបស់ខ្ញុំ»។
យ៉ាងណាក៏ដោយ លោកឧកញ៉ា បានលើកឡើងពីកត្តាប្រឈមនៃរបរមួយនេះថា ប្រជាជនកម្ពុជាភាគច្រើននៅខ្វះការយល់ដឹង និងស្មារតីក្នុងការចូលរួមថែរក្សាសណ្ដាប់ធ្នាប់ទាក់ទងនឹងបញ្ហានេះ ដូចជា ការចោលសំរាមពាសវាលពាសកាលជាដើម។ ហេតុនេះ ទាមទារឲ្យមានការបំផុសអប់រំណែនាំពួកគាត់បន្ថែមទៀត។
ទន្ទឹមនឹងនេះ បច្ចុប្បន្ន ក៏មានក្រុមហ៊ុនផ្ដល់សេវាកម្មនេះ មានខ្លះៗហើយដែរ ហើយក៏មានក្រុមហ៊ុនមកពីក្រៅប្រទេសទៀតផង តែយ៉ាងណា ដើម្បីអាចប្រកួតប្រជែងបាន លោកឧកញ៉ា ហ៊ុន ឡាក់ លើកឡើងថាក្រុមហ៊ុនលោកមិនត្រឹមតែផ្ដោតលើការពង្រីកខ្លួននោះទេ តែក៏ត្រូវពង្រឹងសមត្ថភាពនិងគុណភាពជំនាញវិជ្ជាជីវៈច្បាស់លាស់សម្រាប់ក្រុមហ៊ុននិងបុគ្គលិក កម្មករផងដែរ។ លោកថា វត្តមាននៃក្រុមហ៊ុនផ្ដល់សេវាកម្មសម្អាត មានកាន់តែច្រើនកាន់តែល្អ ព្រោះវាផ្ដល់ជម្រើសកាន់តែប្រសើរសម្រាប់អ្នកប្រើប្រាស់ ប៉ុន្ដែ ទាមទារឲ្យក្រុមហ៊ុនទាំងនោះ មានវិជ្ជាជីវៈបំផុតទើបអាចប្រកួតប្រជែងបាន និងឈរជើងរឹងមាំលើទីផ្សារ។
ដើម្បីរក្សាបាននូវភាពប្រកួតប្រជែងរបស់ខ្លួន លោកឧកញ៉ា ហ៊ុន ឡាក់ បានលើកឡើងថា ទាមទារឲ្យមានការផ្ដល់សេវាកម្មមានវិជ្ជាជីវៈត្រឹមត្រូវ មានការពង្រីកសមត្ថភាពបន្ថែមតាមឲ្យទាន់តម្រូវការទីផ្សារ និងមានការចូលរួមពីបុគ្គលិកកម្មករជំនាញ ផ្សារភ្ជាប់ទៅនឹងសីលធម៌ និងត្រូវគិតគូរសន្ដិសុខ សុវត្ថិភាពសម្រាប់ទីតាំងរបស់អតិថិជន។
សូមជម្រាបដែរថា សេវាកម្មសម្អាតនេះបាននិងកំពុងមានភាពពេញនិយមខ្លាំងបំផុតនៅបណ្ដាប្រទេសអភិវឌ្ឍន៍ ដោយប្រភេទអាជីវកម្មនេះក៏មានអភិវឌ្ឍខ្លួនជាអាជីវកម្ម Franchise បន្តលក់សិទ្ធិអាជីវកម្មនៅទូទាំងពិភពលោក ផងដែរ។ បើតាមលោកឧកញ៉ា ហ៊ុន ឡាក់ ទីផ្សារនៃរបរនេះនៅតែមានឱកាសសម្រាប់សហគ្រិនក្នុងការចាប់ផ្ដើម តែទាមទារឲ្យមានការគិតគូរខ្ពស់បំផុតពីជំនាញវិជ្ជាជីវៈនិងគុណភាពសេវាកម្ម៕