តាមសារព័ត៌មានក្នុងស្រុកមីយ៉ាន់ម៉ា Eleven Media Group ចេញផ្សាយនៅថ្ងៃនេះ ឲ្យដឹងថា អាជ្ញាធរនៃតំបន់ឧស្សាហកម្មជាច្រើនតំបន់ ក្នុងប្រទេសមីយ៉ាន់ម៉ា សុទ្ធតែបង្ហាញពី សញ្ញាអវិជ្ជមាននៃដំណើរការវិនិយោគក្នុងតំបន់ ដោយអះអាងពីការបិទអាជីវកម្ម និងរោងចក្រជាច្រើនពិសេសនៅក្នុងវិស័យ កែច្នៃ និងវេចខ្ចប់ ដោយសារតែគ្មានការបញ្ជាទិញពីក្រៅប្រទេស។
អាជ្ញាធរនៃតំបន់ឧស្សាហកម្ម ស្វាថានវីន បានបញ្ជាក់ឲ្យដឹងថា រោងចក្រកាត់ដេរកាន់កាប់ដោយចិន ដែលមានបុគ្គលិកជាង ១ពាន់នាក់ បានប្រកាសបិទជាផ្លូវការនៅខែមិថុនា កន្លងទៅនេះ ដោយសារតែកង្វះខាតវត្ថុធាតុដើម និងពុំមានការបញ្ជាទិញ ហើយអាជ្ញាធរបញ្ជាក់ថា កត្តាសំខាន់គឺបណ្តាលមកពី អស្ថិរភាពនយោបាយ។
កាលពីថ្ងៃទី ២១ ខែកញ្ញាកន្លងទៅថ្មីៗនេះ រោងចក្រកាត់ដេរមួយរបស់មីយ៉ាន់ម៉ា នៅក្នុងតំបន់ ឡាងថារី បានផ្អាកដំណើរការបណ្តោះអាសន្ន បន្ទាប់ពីបើកដំណើរការជាង ៥ឆ្នាំទៅហើយនោះ ដោយតំណាងរោងចក្រ បកស្រាយថា ការផ្អាកនាពេលនេះ គឺដោយសារតែវិបត្តិមេរោគកូវីដ១៩ គ្មានការបញ្ជាទិញ និងជាពិសេសគឺ បញ្ហានយោបាយ។
គណៈកម្មការតំបន់ ឡាងថារី បានលើកឡើងថា គិតចាប់តាំងពីខែកុម្ភៈ ដែលមានបញ្ហារដ្ឋប្រហារមក រោងចក្រក្នុងតំបន់បានបិទទ្វារជាបន្តបន្ទាប់ គិតមកទល់ពេលនេះ មាន ២៩រោងចក្រហើយ ដោយពួកគេបានផ្តល់សំណងទៅដល់កម្មករដោយអនុលោមទៅតាមច្បាប់របស់ប្រទេសមីយ៉ាន់ម៉ា។
មន្ត្រីនៃតំបន់ឧស្សាហកម្មស្វាលីនបែន ក៏បានអះអាងដែរថា ក្នុងតំបន់ស្វាលីនបែន មានរោងចក្របិទទ្វារជាបណ្តោះអាសន្នចំនួន ៣០ និងរោងចក្រ ៥ទៀតបិទទ្វារជាអចិន្ត្រៃយ៍តែម្តង។
ជារួម គ្រាន់តែការបិទរោងចក្រក្នុងតំបន់ឧស្សាហកម្មទាំង ៣ខាងលើ បានធ្វើឲ្យបាត់បង់ការងារជាង ២ម៉ឺនកន្លែង ដែលពួកគេ ត្រូវប្រឈមមុខនឹងបញ្ហាលំបាកក្នុងជីវភាព ហើយចំពោះរោងចក្រដែលនៅដំណើរការ ក៏កំពុងជួបប្រទះនូវ បញ្ហាជាច្រើនផងដែរ។
វិស័យកាត់ដេរ
ដែលដើរតួនាទីយ៉ាងសំខាន់ នៅក្នុងកំណើនសេដ្ឋកិច្ចប្រទេសមីយ៉ាន់ម៉ា
និងជាទំនិញនាំចេញច្រើនជាងគេបំផុតក្នុងឆ្នាំ ២០១៩កន្លងទៅ
បានរងផលប៉ះពាល់ខ្លាំងជាងគេ ធ្វើឲ្យបាត់បង់ការងារជាច្រើនម៉ឺនកន្លែង។
បើតាមទិន្នន័យពី សមាគមរោងចក្រកាត់ដេរមីយ៉ាន់ម៉ា បានបញ្ជាក់ឲ្យដឹងថា ក្នុងឆ្នាំ ២០១៩កន្លងទៅ មីយ៉ាន់ម៉ា មានរោងចក្រកាត់ដេរប្រមាណ ៦០០កន្លែង ដែលមានកម្មករជាង ៥០ម៉ឺននាក់ ហើយផលិតផលនាំចេញ មានទំហំជាង ៤ពាន់ ៣រយលានដុល្លារអាមេរិក។
សូមជម្រាបដែរថា ដោយសារតែបញ្ហារដ្ឋប្រហារយោធា និងការផ្ទុះឡើងវិញនូវ មេរោគឆ្លងកូវីដ១៩ ធនាគារពិភពលោក បានព្យាករណ៍ថា សេដ្ឋកិច្ចប្រទេសមីយ៉ាន់ម៉ា អាចនឹងធ្លាក់ចុះដល់ទៅ ១៨% ហើយធនាគារពិភពលោក បានបន្ថែមទៀតថា ការធ្លាក់ចុះនូវសេដ្ឋកិច្ចនាពេលនេះ មានន័យថា សេដ្ឋកិច្ចប្រទេសមីយ៉ាន់ម៉ា គឺតូចជាងមុន ៣០% ធៀបនឹងសេដ្ឋកិច្ច កាលពីមិនទាន់មានកូវីដ១៩ និងរដ្ឋប្រហារដោយយោធា៕
អត្ថបទ៖ វណ្ណ វុឌ្ឍវិវឌ្ឍន៍