តំណាងក្រុមហ៊ុន Small World Co-working Space បានបញ្ជាក់ប្រាប់ខេមបូណូមីសថា នៅអំឡុងពេលកូវីដ-១៩នេះ មានក្រុមហ៊ុនជាច្រើនមួយចំនួនបានកាត់បុគ្គលិក ហើយបុគ្គលិកខ្លះក៏ត្រូវបានអនុញ្ញាតឲ្យធ្វើការងារពីផ្ទះផងដែរ ដូច្នេះហើយ បញ្ហាទាំងនេះ វាក៏បានជះឥទ្ធិពលមកលើអាជីវកម្មជួលការិយាល័យធ្វើការរួម (Co-working Space) ផងដែរ។
តំណាងក្រុមហ៊ុន Small World Co-working Space លើកឡើងយ៉ាងដូច្នេះ «និយាយទៅមានបញ្ហាច្រើនដែរ ដោយសារតែខាងក្រុមហ៊ុនគាត់កាត់បុគ្គលិកខ្លះទៅ គាត់ធ្វើការពីផ្ទះខ្លះទៅ អញ្ចឹងគេសន្សំសំចៃលុយគេ សម្រាប់ធ្វើការងារអស់ហ្នឹងច្រើន មានន័យថា ពេលខ្លះគាត់បានចុះកិច្ចព្រមព្រៀងជាមួយយើងហើយ គាត់លុបចោលវិញ»។
ដោយឡែក តំណាងពីក្រុមហ៊ុន Metz Camp Co-working Space ក៏បានឲ្យដឹងដែរថា ដោយសារតែបញ្ហាកូវីដ-១៩នេះ បានធ្វើឲ្យការជួលទីតាំងខ្លួនមានការថយចុះប្រហែល៥០% សម្រាប់ភ្ញៀវចាស់ដែលធ្លាប់ជួល ដោយឡែកភ្ញៀវដែលកក់ថ្មីៗ គឺគ្មានតែម្តង ។
ទោះយ៉ាងណា តំណាងក្រុមហ៊ុន The Desk Co-Working Space បានគូសបញ្ជាក់ប្រាប់ខេមបូណូមីសថា ក្រុមហ៊ុនលោកបានជួបបញ្ហាខ្លះដែរ កាលពីពេលដែលមានការរីករាលដាលនៃជំងឺកូវីដ-១៩ដំបូងនៅកម្ពុជា តែចាប់តាំងពីដើមខែមិថុនា មកអ្វីៗចាប់ផ្តើមប្រសើរឡើងបន្តិច។
តំណាងក្រុមហ៊ុន The Desk Co-Working Space បានបញ្ជាក់ថា «និយាយរួមទៅមួយរយៈនេះ យើងរាងថយខ្លះដែរ ជាពិសេសអ្នកជួលនៅ Open space ជាលក្ខណៈ Individual ជាទូទៅគាត់អត់មកធ្វើការនៅ Open space កន្លែងយើងទេ គឺគាត់ធ្វើការនៅផ្ទះ ប៉ុន្តែឥឡូវគាត់ដូចជា ចាប់ផ្តើមមកធ្វើការវិញបណ្តើរៗហើយ ចាប់តាំងពីដើមខែ៦មកហ្នឹង តែគ្រាន់តែថា នៅក្នុងអំឡុងពេលហ្នឹង វាថយចុះមួយចំនួន ដោយសារតែ startup មួយចំនួនថ្មីៗ គាត់អត់អាច Survive បានក្នុងពេលហ្នឹង ហើយអ្នកទៅគាត់ផ្អាក Operation អ៊ីចឹងទៅ។ ហើយរហូតមកដល់ឥឡូវនេះ យើងមានតែភ្ញៀវដែលគាត់ផ្អាកនៅអំឡុងពេលហ្នឹង គាត់មកធ្វើការវិញធម្មតាទេ តែសន្ទុះភ្ញៀវថ្មី ដូចជាអត់ទាន់មានទេ»។
ទោះជាយ៉ាងណាក្ដី បើតាមក្រុមហ៊ុនទាំងនេះ បើសិនជា បញ្ហាជំងឺកូវីដ-១៩ នៅតែបន្តអូសបន្លាយកាន់តែវែងឆ្ងាយទៀត មិនថាតែអាជីវកម្ម Co-working Spaceទេ គឺស្ទើរតែគ្រប់អាជីវកម្មតែម្តងនឹងត្រូវបិទទ្វារជាក់ជាមិនខាន៕