លោកឧកញ៉ា ចេង ខេង ប្រធានក្រុមប្រឹក្សាភិបាលសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជា និងជាអគ្គនាយកក្រុមហ៊ុនអចលនទ្រព្យស៊ីភីអិលបានបង្ហាញ និងធ្វើការប្រៀបធៀបពីនិន្នាការរស់ខុនដូ នៅកម្ពុជាទៅនឹងប្រទេសជិតខាងដោយនិយាយថា ការរស់នៅក្នុងអគារខុនដូនៃប្រទេសជិតខាងកាលពី ៨ឆ្នាំមុនគឺមានត្រឹមតែ ២០ភាគរយប៉ុណ្ណោះ ប៉ុន្តែលោកមានជំនឿថា នៅ ៨ ទៅ១០ឆ្នាំខាងមុខ ការរស់នៅខុនដូអាចនឹងឡើងរហូតដល់ ៨០ភាគរយនៃចំណែកទីផ្សារទាំងមូល ហើយនៅកម្ពុជាក៏កើនឡើងដូចគ្នាដែរ ខណៈការផ្គត់ផ្គង់បច្ចុប្បន្នបង្ហាញពីនិន្នាការកើនឡើងជាបន្តបន្ទាប់។
លោកឧកញ៉ា ចេង ខេង បញ្ជាក់ប្រាប់អ្នកសាព័ត៌មាននៅកម្មវិធីសិក្ខាសាលាស្តីពីការស្វែងយល់ឱកាសចំនេញពីការទិញដី និងផ្ទះនៅក្នុងក្រុងព្រះសីហនុ និងគម្រោងខុនដូ ស្តាស៊ីធីនៅភ្នំពេញថា កំណើនប្រជាពលរដ្ឋខ្មែរ ដែលរៀបការថ្មីក្នុងមួយឆ្នាំៗនៅទីក្រុងភ្នំពេញមិនតិចជាង ២ម៉ឺនគូរឡើយ តែចំនួននៃការផលិតសាងសង់លំនៅដ្ឋានស្នាក់នៅរួម ប្រភេទខុនដូក្នុងមួយឆ្នាំៗ ផលិតបានតិចជាង ២ម៉ឺនយូនីត ដូច្នេះចំនួននេះគឺមិនទាន់សមាមាត្រគ្នាអាចឆ្លើយតបទៅនឹងតម្រូវការបាននោះឡើយ។
តាមរបាយការណ៍ក្រសួងរៀបចំដែនដី កម្ពុជាផ្តល់លិខិតអនុញ្ញាតសាងសង់សំណង់ខ្ពស់ៗចាប់ពី៥ ជាន់ ឡើងទៅសម្រាប់ការអភិវឌ្ឍក្នុងរយៈពេល ១៤ឆ្នាំមកនេះ មានចំនួនអគារខ្ពស់ៗសរុបបានកើនឡើងរហូតជាង ១ពាន់អគារ ដែលរាប់ចាប់ពីអគារលំនៅដ្ឋានស្នាក់នៅរូម សណ្ឋាគារ និងអគារពាណិជ្ជកម្ម។
ជាមួយគ្នានេះដែរ លោកច្រឹក សុខនីម ប្រធានសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនទ្រព្យកម្ពុជាមានជំនឿថា ៣ទៅ៥ឆ្នាំខាងមុខ ទីផ្សារតម្រូវការនៅតែបន្តកំណើន សម្រាប់ទីផ្សារអ្នកស្នាក់នៅក្នុងស្រុក មានកំណើន៥ ទៅ ៨ភាគរយ ខណៈចំនួនអ្នកកំពុងប្រើប្រាស់បច្ចុប្បន្នជាក់ស្តែងជាមធ្យម ៣០ភាគរយ។
លោកបានឲ្យដឹងទៀតថា ចំពោះតម្លៃលក់នៃអគារខុនដូ គឺមានការប្រែប្រួលតិចតួច ដោយមានកំណើនប្រមាណកន្លះភាគរយប៉ុណ្ណោះ ជាមួយនឹងតម្លៃ ១ម៉ែត្រការ៉េថ្លៃជុំវិញ ១.៧០០ដុល្លារ ទៅ ២.៥០០ដុល្លារក្នុងមួយម៉ែត្រការ៉េ។ ដោយឡែកចំពោះទីផ្សារនៃការជួលខុនដូកម្រិតខ្ពស់ និងមធ្យមនៅបន្តស្ថិរភាពដដែល ជាមួយអត្រាតម្លៃកើនឡើង១ភាគរយ៕