អាជ្ញាធរស្រីលង្កា បានបង្កើតអង្គភាពប្រឆាំងឧក្រិដ្ឋកម្មតាមប្រព័ន្ធអនឡាញថ្មីមួយ និងបានចាប់ខ្លួនមនុស្សជាង ១,០០០នាក់ នៅឆ្នាំ២០២៦ នេះ ដែលភាគច្រើននៅតំបន់ទេសចរណ៍មាត់ឆ្នេរ និង រដ្ឋធានីកូឡុំបូ។ នៅក្នុងការឆ្មក់បង្ក្រាបមួយ ប៉ូលិសបានរកឃើញជនបរទេសជាង ១៥០នាក់ដែលត្រូវបានចោទប្រកាន់ថា កំពុងដំណើរការមជ្ឈមណ្ឌលឆបោក ខណៈដែលប្រតិបត្តិការឆ្មក់បង្ក្រាបមួយទៀតបាននាំឱ្យមានការចាប់ខ្លួនជនសង្ស័យចំនួន១២០នាក់ផ្សេងទៀត។
ក្រុមអ្នកជំនាញព្រមានថា បណ្តាញឧក្រិដ្ឋជនឆបោកកំពុងសម្របខ្លួនយ៉ាងឆាប់រហ័ស។ ជំនួសឱ្យការប្រើប្រាស់សំណង់អគារ ឬប្លុកអគារធំៗធ្វើជាមជ្ឈមណ្ឌលឆបោក ក្រុមឧក្រិដ្ឋជនកំពុងផ្លាស់ទៅជ្រកលាក់ខ្លួននៅតាមសណ្ឋាគារ អាផាតម៉ិន និងអគារការិយាល័យដែលងាយស្រួលជួល និងងាយស្រួលបោះបង់ចោល ពោលគឺងាយស្រួលគេចខ្លួនពីកន្លែងមួយទៅកន្លែងមួយ ដែលធ្វើឱ្យសមត្ថកិច្ចពិបាកនឹងរកពួកគេឃើញ។
របាយការណ៍ឆ្នាំ២០២៥ របស់សភាអាម៉េរិកបានព្រមានថា ក្រុមឧក្រិដ្ឋជនឆបោកកំពុងផ្លាស់ប្តូរទៅកាន់ប្រទេសដែលមានការអនុវត្តច្បាប់ធូររលុង ប៉ុន្តែមានហេដ្ឋារចនាសម្ព័ន្ធឌីជីថលរឹងមាំ។ មេខ្លោងឆបោកមួយចំនួននៅក្នុងប្រទេសស្រីលង្កា អាចជាអតីតអ្នកធ្លាប់ធ្វើការនៅតាមមជ្ឈមណ្ឌលឆបោកតាមប្រព័ន្ធអនឡាញដែលរត់ទៅពីអាស៊ីអាគ្នេយ៍។ និន្នាការនេះបានឆ្លុះបញ្ចាំងពីការពង្រីកបណ្តាញឆបោកទូទាំងពិភពលោកកាន់តែទូលំទូលាយ ដែលឥឡូវនេះកំពុងលេចឡើងនៅប្រទេសអេមីរ៉ាតអារ៉ាប់រួម ទីម័រខាងកើត ហ្វីជី និង ផ្នែកខ្លះនៃទ្វីបអាហ្វ្រិក។
ក្រុមអ្នកវិភាគបានលើកឡើងថា ស្រីលង្កាបានជួបបញ្ហាប្រឈមដោយសារតែច្បាប់ទិដ្ឋាការធូររលុង ការទទួលបានស៊ីមកាតយ៉ាងងាយស្រួល ច្បាប់ប្រឆាំងឧក្រិដ្ឋកម្មតាមប្រព័ន្ធអនឡាញមានកម្រិត និងប្រព័ន្ធផ្ទេរប្រាក់ក្រៅផ្លូវការ ដែលអាចជួយឧក្រិដ្ឋជនឆបោកផ្ទេរប្រាក់លើសពីការត្រួតពិនិត្យដោយនិយ័តករ។
ស្របពេលអាជ្ញាធរស្រីលង្ការកំពុងពង្រឹងការអនុវត្តច្បាប់ ក្រុមអ្នកជំនាញព្រមានថា ស្រីលង្កាមានពេលវេលាតិចតួចណាស់ ដើម្បីការពារខ្លួនពីការក្លាយជាមជ្ឈមណ្ឌលក្នុងតំបន់ដ៏សំខាន់សម្រាប់បណ្ដាញឧក្រិដ្ឋជនឆបោកតាមប្រព័ន្ធអនឡាញ។ កិច្ចសហប្រតិបត្តិការអន្តរជាតិកាន់តែប្រសើរ និងការចែករំលែកព័ត៌មាន នឹងមានសារៈសំខាន់ណាស់ក្នុងការបញ្ឈប់ការរីករាលដាលយ៉ាងឆាប់រហ័សនៃបណ្តាញឧក្រិដ្ឋជនទាំងនេះ៕
ដោយ: តែម សុខុម