ការសាងសង់ផ្លូវក្រវាត់ក្រុងទី៣រដ្ឋចំណាយអស់១២៣លានដុល្លារលើការដោះស្រាយផលប៉ះពាល់

ការសាងសង់ផ្លូវក្រវាត់ក្រុងទី៣ រដ្ឋចំណាយថវិកាអស់ ១២៣លានដុល្លារ ដើម្បីដោះស្រាយផលប៉ះពាល់ជូនប្រជាពលរដ្ឋ


រាជរដ្ឋាភិបាលកម្ពុជាបានចំណាយថវិកាអស់១២៣លានដុល្លារលើការដោះស្រាយផលប៉ះពាល់ជូនប្រជាពលរដ្ឋក្នុងការសាងសង់ផ្លូវក្រវាត់ក្រុងទី៣ ដែលទើបសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការនៅព្រឹកថ្ងៃទី៣ ខែសីហា ក្រោមវត្តមានសម្តេចតេជោ ហ៊ុន សែន។ ផ្លូវក្រវាត់ក្រុងទី៣ ត្រូវបានប្រមុខរដ្ឋាភិបាលចាំផ្ទះសម្តេចតេជោ ហ៊ុន សែន ចាត់ទុកជាផ្លូវមួយដែលមានការចំណាយខ្ពស់ជាងគេ ពោលគឺផ្លូវដែលមានប្រវែងប្រមាណ៥៣គីឡូម៉ែត្រនេះបានចំណាយថវិកាសាងសង់រហូតដល់ជិត ៥រយលានដុល្លារ។
ការសាងសង់ផ្លូវក្រវាត់ក្រុងទី៣ រដ្ឋចំណាយថវិកាអស់ ១២៣លានដុល្លារ ដើម្បីដោះស្រាយផលប៉ះពាល់ជូនប្រជាពលរដ្ឋ
ដោយ

នាពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ផ្លូវក្រវាត់ក្រុងទី៣ នៅព្រឹកថ្ងៃទី៣ ខែសីហា ឆ្នាំ២០២៣ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីចាំផ្ទះបានអះអាងថា រាជរដ្ឋាភិបាលកម្ពុជាបានចំណាយថវិកាអស់​១២៣លានដុល្លារ លើការដោះស្រាយផលប៉ះពាល់ជូនប្រជាពលរដ្ឋក្នុងអំឡុង​ពេលសាងសង់​ផ្លូវក្រវាត់ក្រុងទី៣។ កត្តានេះហើយបានធ្វើឲ្យសម្តេចតេជោចាត់ទុកផ្លូវក្រវាត់ក្រុងទី៣នេះ ជាផ្លូវដែលមានការចំណាយខ្ពស់ បើធៀបនឹងផ្លូវផ្សេងៗ ដែលបានសាងសង់កន្លងមក ហើយវាក៏ជាផ្លូវដែលរដ្ឋបានបញ្ចេញថវិកាដ៏ច្រើនសន្ធឹកសន្ធាប់ផងដែរ។ បើតាមការអះអាងរបស់​សម្តេចតេជោ ផ្លូវដែលមានប្រវែងប្រមាណ៥៣គីឡូម៉ែត្រមួយនេះបានចំណាយ​ថវិកាសាងសង់អស់​ចំនួន៤៦០លានដុល្លារ ក្នុងនោះប្រមាណ២៦០លានដុល្លារជាហិរញ្ញប្បទានរបស់ចិន និងក្រៅពីនេះជាថវិកាបរិភាគរបស់រាជរដ្ឋាភិបាលកម្ពុជា។

សម្តេចតេជោ ហ៊ុន សែន បានចាត់ទុកផ្លូវក្រវាត់ក្រុងទី៣ជាផ្លូវមួយដ៏មានសារៈសំខាន់​ក្នុងបម្រើឲ្យវិស័យសេដ្ឋកិច្ច និងពាណិជ្ជកម្ម ដ្បិតផ្លូវនេះបានតភ្ជាប់ទៅផ្លូវជាតិនានាដូចជាផ្លូវជាតិលេខ២ លេខ៣ លេខ៤ លេខ២១ និងផ្លូវល្បឿនលឿនជាដើម។ តាមរយៈភាពប្រទាក់ក្រឡាគ្នានេះ វានឹងជួយសម្រួលដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋ និងការដឹកជញ្ជូនទំនិញឲ្យកាន់តែភាពងាយស្រួល ជាពិសេសរួមចំណែកជួយកាត់បន្ថយការកកស្ទះចរាចរណ៍នៅក្នុងរាជធានីភ្នំពេញបានមួយកម្រិតផងដែរ។ លើសពីនេះផ្លូវក្រវាត់ក្រុងនេះបានរួមចំណែកជួយជំរុញការអភិវឌ្ឍន៍ និងធ្វើឲ្យតម្លៃអចលនទ្រព្យនៅតំបន់ក្បែរៗនោះឲ្យមានការកើនឡើងផងដែរ។

ក្រៅពីភ្ជាប់ជាមួយផ្លូវជាតិសំខាន់ៗផ្លូវក្រវាត់ក្រុងទី៣នេះក៏ជាបណ្តាញមួយក្នុងការតភ្ជាប់ទៅទីក្រុងថ្មីៗ ដែលទើបបង្កើតឡើងនៅខេត្តកណ្តាលផងដែរ ដែលវាបាននិងកំពុងធ្វើឲ្យមានការចាប់អារម្មណ៍យ៉ាងខ្លាំង​ពីសំណាក់អ្នករកស៊ី និងវិនិយោគិនឲ្យទៅបោះទុនវិនិយោគនៅតំបន់នោះ ជាពិសេសនៅម្តុំក្រុងតាខ្មៅតែម្តង។ ជាក់ស្តែងនៅតាមបណ្ដោយផ្លូវជាតិលេខ២១មានការអភិវឌ្ឍ​យ៉ាងខ្លាំងលើគម្រោងលំនៅឋាននិងអគារពាណិជ្ជកម្មនានា ជាពិសេសគម្រោងទីក្រុងរណបសិរីមង្គល​របស់ក្រុមហ៊ុន WorldBridge Home របស់អ្នកឧកញ៉ា សៀ ឫទ្ធី ដែលជាគម្រោងផ្ទះ​តម្លៃសមរម្យ​ដ៏មាន​សក្តានុពលតែម្តង។ គម្រោងនេះស្ថិតនៅចំណុចកណ្ដាលរវាងរាជធានីភ្នំពេញ និងគម្រោងអាកាស​យានដ្ឋានអន្តរជាតិ​តេជោ​ក្រុងតាខ្មៅ និងគម្រោងក្រុងសំពៅពូននៅខេត្តកណ្ដាល។

គួរបញ្ជាក់ថា ផ្លូវក្រវាត់ក្រុងទី៣ ដែលមានប្រវែងប្រមាណ៥៣គីឡូម៉ែត្រសាងសង់​ដោយក្រុមហ៊ុន​សំណង់សៀងហៃគ្រុប និងត្រួតពិនិត្យបច្ចេកទេសសាងសង់ដោយក្រុមហ៊ុន​ទីប្រឹក្សាបច្ចេកទេស​ក្វាងចូវវ៉ានអាន ដែលមានការវាយតម្លៃតម្លៃវិនិយោគដំបូងប្រមាណ៣រយលាន​ដុល្លារអាមេរិក។ តាមគម្រោងផ្លូវនេះគ្រោងបញ្ចប់ការសាងសង់តាំងពីចុងឆ្នាំ២០២២ មកម្ល៉េះ តែត្រូវបានពន្យារពេលដោយសារការដោះស្រាយសំណងផលប៉ះពាល់ជូនប្រជាពលរដ្ឋមានភាពយឺតយ៉ាវ គួបផ្សំបញ្ហាអាកាសធាតុ និងការឆ្លងរាតត្បាតនៃជំងឺកូវីដ-១៩៕




អត្ថបទបន្ទាប់


ការផ្ដល់ប្រាក់កម្ចីសម្រាប់ទិញផ្ទះកើនជាង១៧% នៅឆមាសទី១ ទោះបីសេដ្ឋកិច្ចស្ថិតក្នុងស្ថានភាពមិនច្បាស់លាស់យ៉ាងណាក៏ដោយ !

ការផ្ដល់ប្រាក់កម្ចីដល់អតិថិជនសម្រាប់ទិញផ្ទះជាកម្មសិទ្ធិផ្ទាល់ខ្លួននៅកម្ពុជា នៅតែបង្ហាញពីតួលេខកើនឡើងឲ្យកត់សម្គាល់នៅពាក់កណ្ដាលឆ្នាំ២០២៣នេះ បើ…

ធនាគារកណ្ដាលថៃបានដំឡើងអត្រាការប្រាក់គោល ០,២៥%បន្ថែមទៀត នាំឲ្យអត្រាប្រាក់កើនដល់កម្រិតខ្ពស់បំផុតក្នុងរយៈពេល៩ឆ្នាំ

ដូចការគ្រោងទុកមែន នៅទីបំផុតធនាគារកណ្តាលរបស់ប្រទេសថៃបានដំឡើងអត្រាការប្រាក់គោលរបស់ខ្លួន០.២៥%បន្ថែមទៀតឱ្យឡើងដល់អត្រា ២.២៥%នៅក្នុងកិច្ចប្រជុ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ