លោក បណ្ឌិត អ៊ិន ចាន់នី ប្រធាននាយកប្រតិបត្តិធនាគារអេស៊ីលីដា បានឲ្យដឹងថា ការផ្ដល់ឥណទានប្រើប្រាស់Consumer Loan សម្រាប់វិស័យធនាគារ នៅតែមានដំណើរការ ជាមួយនឹងកំណើនល្អ មិនមានអ្វីត្រូវព្រួយបារម្ភនោះទេ ខណៈដែលទំហំនៃប្រភេទឥណទានប្រើប្រាស់នោះ គឺមិនសូវជាមានច្រើននោះឡើយ ធៀបនឹងឥណទានផ្សេងទៀត។ តួយ៉ាង ធនាគារអេស៊ីលីដា មានប្រមាណក្រោម៥%ប៉ុណ្ណោះ នៃទំហំឥណទានសរុប។
លោក បណ្ឌិត អ៊ិន ចាន់នី បាន គូសបញ្ជាក់ទៀតថា កំណើននៃការផ្ដល់នូវឥណទានប្រើប្រាស់សម្រាប់អតិថិជន គឺបានបង្ហាញឲ្យឃើញពីប្រភពចំណូលប្រជាជនកាន់តែមានការកើនឡើង ដែលមានតម្រូវការសម្ភារប្រើប្រាស់ល្អៗកាន់តែច្រើនដែរ។
តែយ៉ាងណា លោកថា
វាក៏អាចនឹងបញ្ហាដែរ
ប្រសិនបើស្ថាប័នឲ្យខ្ចីមិនបានសិក្សាពីប្រភពចំណូលអ្នកខ្ចីឲ្យបានច្បាស់លាស់
មុនផ្ដល់កម្ចី។ ពិសេស គឺអ្នកខ្ចីលុយធនាគារ ឬគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ
ទៅទិញរបស់របស់ប្រណីតៗ គឺមានហានិភ័យខ្ពស់ ព្រោះថា ផលិតផលនោះ
មិនមានហ៊ុចផលចំណេញត្រឡប់មកវិញនោះឡើយ។
លោក ដុស ឌីន អគ្គនាយកគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុអម្រឹតបានឲ្យដឹងដែរថា ជាទូទៅធនាគារ និងមីក្រូហិរញ្ញវត្ថុ តែងតែផ្ដល់នូវកម្ចីទៅតាមវិស័យសំខាន់ៗផ្សេងៗគ្នា ដោយមិនបានផ្ដោតទៅលើការផ្ដល់កម្ចីសម្រាប់តែវិស័យមួយនោះទេ។ ក្នុងនោះទៀតសោត ក៏មានការកំណត់ទំហំកម្ចីទៅលើអនុវិស័យណាមួយ ដែលងាយនឹងមានហានិភ័យខ្ពស់ផងដែរ។ តែយ៉ាងណា លោកថា ជាទិសដៅជាក់លាក់ គឺខាងធនាគារ និងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ តែងផ្ដោតការយកចិត្តទុកខ្លាំងទៅលើកម្ចីធ្វើអាជីវកម្ម និងកសិកម្ម ព្រោះវាជាកត្តារុញច្រានដល់កំណើនសេដ្ឋកិច្ចកម្ពុជាឲ្យឆ្ពោះលឿនទៅមុខ។
លោក ដុស ឌីន បានបញ្ជាក់ដែរថា សម្រាប់គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អម្រឹត ប្រភេទកម្ចីប្រើប្រាស់នេះ មានតែប្រមាណ ជិត៣០ ភាគរយប៉ុណ្ណោះ នៃប្រភេទទំហំកម្ចីផ្សេងៗទៀត។
ជាមួយគ្នានេះ លោក គា បូរាណ អគ្គនាយកគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អេអឹមខេ បានលើកឡើងស្រដៀងគ្នានេះដែរថា សម្រាប់ការផ្ដល់កម្ចីនាពេលបច្ចុប្បន្នតាមអ្វីដែលលោកមើលឃើញ កម្ចីដែលត្រូវបានផ្ដល់ជូនអតិថិជនច្រើនជាងគេ គឺជាកម្ចីសម្រាប់យកទៅប្រកបអាជីវកម្ម។
ទោះជាយ៉ាងនេះក្ដី អ្នកជំនាញសេដ្ឋកិច្ច
បានលើកឡើងដែរថា ការផ្ដល់កម្ចីសម្រាប់ការទិញរបស់របរប្រើប្រាស់ថ្លៃៗ
វាគឺមិនសូវជាហ៊ុចផលចំណេញខ្លាំងសម្រាប់សេដ្ឋកិច្ចនោះទេ ព្រោះប្រទេសកម្ពុជា
ជាប្រទេសដែលនាំចូលផលិតផលទាំងនោះ មិនមែនជាអ្នកផលិតខ្លួនឯង។ មួយវិញទៀត ចំណេះដឹង
ហិរញ្ញវត្ថុរបស់ប្រជាជនកម្ពុជានៅមានកម្រិតនៅឡើយ
ដែលវាអាចនឹងឆាប់ធ្វើឲ្យពួកគាត់ជួបបញ្ហានៅពេលសងត្រឡប់។
របាយការណ៍ ប្រចាំឆ្នាំ ២០១៨ របស់ធនាគារជាតិ បានបង្ហាញឲ្យឃើញថា ក្នុងចំណោម ឥណទានតាមវិស័យរបស់គ្រឹះស្ថានធនាគារកម្ចីប្រើប្រាស់ ឬការឲ្យខ្ចីជាបុគ្គល (Consumer Loan) មានតែ៧,៦% ប៉ុណ្ណោះ នៃទំហំកម្ចីសរុប ខណៈ ការផ្ដល់កម្ចីសម្រាប់ការធ្វើអាជីវកម្ម ជួញដូររាយ មានទំហំធំជាងគេ ពោលគឺមានរហូតដល់ ១៧% ការជួញដូរដុំ មានជាង១២% និងកម្ចីទិញផ្ទះមាន៩,៨% ។
របាយការណ៍ដដែល ឲ្យដឹងទៀតថា បើសរុបប្រាក់កម្ចីដែលវិស័យ ធនាគារ និងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុបានផ្ដល់ជូនអតិថិជននៅឆ្នាំ២០១៨ មានប្រមាណ ៣០ពាន់លានដុល្លារអាមេរិក ខណៈដែលអ្នកខ្ចីលុយគឺមានរហូតដល់ជាង ៤លាននាក់។ រីឯទំហំប្រាក់បញ្ញើវិញមានលើស ២២ពាន់លានដុល្លារអាមេរិក និងចំនួនអ្នកដាក់ប្រាក់បញ្ជើ មានរហូតដល់ប្រមាណ ៨លានគណនី៕