អតិផរណា

IMF ព្រមាន​ថា វិបត្តិថ្លៃចំណាយជីវភាព​ខ្ពស់អាចធ្វើឱ្យអតិផរណានៅតែខ្ពស់ និងទាញមនុស្សជាង២០ លាននាក់ឱ្យធ្លាក់ក្នុងភាពក្រីក្រ


តើមានអ្វីកើតឡើងនៅពេលតម្លៃស្បៀងអាហារ ប្រេងឥន្ធនៈ និងទំនិញចាំបាច់ផ្សេងៗឡើងថ្លៃខ្លាំង? ផលប៉ះពាល់អាចនឹងមិនបញ្ចប់ត្រឹមពេលតម្លៃធ្លាក់ចុះវិញនោះឡើយ​។ មូល​និធិរូបិយវត្ថុអន្តរជាតិ IMF ព្រមានថា វិបត្តិថ្លៃចំណាយជីវភាព​ខ្ពស់អាចធ្វើឱ្យអតិផរណានៅតែខ្ពស់ និងទាញមនុស្សរហូតដល់ទៅ២៣លាននាក់ឱ្យធ្លាក់ក្នុងភាពក្រីក្រ ហើយ​នឹង​ធ្វើឱ្យវិសមភាពសង្គម ពោលគឺគម្លាតរវាង​អ្នកមាន និងអ្នកក្ររីកកាន់តែធំ អ្នកមានកាន់​តែ​មាន ហើយ​អ្នកក្រកាន់​តែក្រ។ នេះបើតាម​ការចុះផ្សាយរបស់ទីភ្នាក់​ងារព័ត៌មាន Reuters។
អតិផរណា
ដោយ

ការស្រាវជ្រាវថ្មីរបស់មូលនិធិរូបិយវត្ថុអន្តរជាតិ ដែលចេញផ្សាយកាលពីថ្ងៃទី៦ ខែតុលា បានពិនិត្យផ្ទៀងផ្ទាត់វិធីដែលរដ្ឋាភិបាល នៃប្រទេសនានាឆ្លើយតបចំពោះការកើនឡើងខ្លាំង នៃតម្លៃទំនិញក្នុងរយៈពេល៣ទសវត្សរ៍កន្លងមក។ ការសិក្សាស្រាវជ្រាវបានរកឃើញថា ការកើនឡើងខ្លាំងនៃតម្លៃស្បៀងអាហារ និងថាមពលអាចបង្កផលប៉ះពាល់យូរអង្វែង ជាពិសេសលើគ្រួសារពលរដ្ឋក្រីក្រដែលត្រូវចំណាយប្រាក់ចំណូលមួយភាគធំទៅលើតម្រូវការចាំបាច់ប្រចាំថ្ងៃ។
មូលនិធិ IMF បានឱ្យដឹងថា អតិផរណាដែលជះផលប៉ះពាល់ដល់គ្រួសារពលរដ្ឋទូទៅមានកម្រិតខ្ពស់ជាងការវាស់វែងតាមស្តង់ដារដល់ទៅ០,៨%។ នេះមានន័យថា មនុស្សប្រមាណ២៣លាននាក់បន្ថែមទៀតប្រហែលជាបានធ្លាក់ចូលក្រោមបន្ទាត់ភាពក្រីក្រខ្លាំងអំឡុងឆ្នាំ២០២១ ដល់ឆ្នាំ២០២៤។ មូលនិធិ IMF ក៏បានរកឃើញដែរថា ការរំពឹងទុកចំពោះការហក់ឡើងអតិផរណានៅតែខ្ពស់អស់រយៈពេលជាច្រើនឆ្នាំក្រោយវិបត្តិ ដែលអាចជំរុញឱ្យធនាគារកណ្តាលនានាដំឡើងអត្រាការប្រាក់។

មូលនិធិ IMF បានផ្ដល់អនុសាសន៍ឱ្យរដ្ឋាភិបាល នៃប្រទេសនានាជួយជាសាច់ប្រាក់ដោយផ្ទាល់ដល់គ្រួសារដែលត្រូវការជំនួយបំផុត។ IMF និយាយទៀតថា វិធានការទូលំទូលាយដូចជា ការគ្រប់គ្រងតម្លៃការកាត់បន្ថយពន្ធ និងការឧបត្ថម្ភធនអាចធ្វើឱ្យរដ្ឋាភិបាលចំណាយកាន់តែច្រើន និងអាចបង្កើតការលើកទឹកចិត្តតិចជាងមុនក្នុងការផលិតទំនិញ។ ការព្រមាននេះកើតឡើង ខណៈហានិភ័យសេដ្ឋកិច្ចពិភពលោកនៅតែខ្ពស់ដោយសារជម្លោះនៅតំបន់មជ្ឈិមបូព៌ា តម្លៃថាមពលខ្ពស់ បំណុលកើនឡើង និងកំណើនសេដ្ឋកិច្ចខ្សោយនៅបណ្ដាប្រទេសដែលមានចំណូលទាប៕

ដោយ: តែម សុខុម




អត្ថបទបន្ទាប់


តើតម្លៃត្រី សាច់ និងគ្រឿងឧបភោគបរិភោគមានការប្រែប្រួលយ៉ាងណាក្នុងឱកាសបុណ្យភ្ជុំបិណ្ឌ?

ថ្វីដ្បិតតែរដូវកាលបុណ្យភ្ជុំបិណ្ឌជាពេលដែលមានតម្រូវការប្រើប្រាស់សាច់ និងគ្រឿងឧបភោគបរិភោគហក់ឡើងខ្ពស់នៅលើទីផ្សារក៏ដោយ ប៉ុន្តែកសិករអ្នកចិញ្ចឹម…

តើមានចំណុចសំខាន់អ្វីខ្លះដែលកម្ពុជា គួរសិក្សាពីវៀតណាម ដើម្បីពង្រឹងភាពធន់ និងជំរុញកំណើនសេដ្ឋកិច្ច?

អ្នកជំនាញសេដ្ឋកិច្ច បានគូសបញ្ជាក់ថា សន្ទុះកំណើនសេដ្ឋកិច្ចដ៏លេចធ្លោរបស់វៀតណាម នៅក្នុងតំបន់អាស៊ាន គឺជាផ្លែផ្កានៃការកែទម្រង់រដ្ឋបាលស៊ីជម្រៅ ក…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ