ផ្អែកលើបទពិសោធជោគជ័យនេះ អ្នកជំនាញសេដ្ឋកិច្ចបានជំរុញឱ្យកម្ពុជា ពន្លឿនការកែទម្រង់រចនាសម្ព័ន្ធគន្លឹះរួមមានការកាត់បន្ថយថ្លៃដើមដឹកជញ្ជូន និងថាមពលអគ្គិសនី, ការសម្រួលនីតិវិធីរដ្ឋបាលឱ្យមានភាពឆ្លើយតប, ការពង្រឹងជំនាញកម្លាំងពលកម្ម, ការបង្កើនសមត្ថភាពកែច្នៃផលិតផលក្នុងស្រុក ព្រមទាំងការធានាបរិយាកាសប្រកួតប្រជែងប្រកបដោយសមធម៌ ដើម្បីទាញយកប្រៀបនៅក្នុងតំបន់។ តើកម្ពុជា អាចរៀនសូត្រអ្វីខ្លះពីយុទ្ធសាស្ត្រទាក់ទាញការវិនិយោគ និងពង្រីកទីផ្សាររបស់វៀតណាម?លោកបណ្ឌិត ញិល រដ្ឋា អ្នកជំនាញភូមិសាស្ត្រនយោបាយ និងសេដ្ឋកិច្ចអន្តរជាតិ បានលើកឡើងថា កំណើនសេដ្ឋកិច្ចវៀតណាម ក្នុងឆ្នាំ២០២៦ មានសម្ទុះខ្ពស់នៅក្នុងតំបន់អាស៊ានដោយសារវៀតណាមមានភាពបត់បែនក្នុងការគ្រប់គ្រងសេដ្ឋកិច្ច និងអាចទាញយកអត្ថប្រយោជន៍ពីខ្សែច្រវាក់ផលិតកម្មក្នុងតំបន់ គួបផ្សំការពង្រីកបណ្ដាញទីផ្សារនាំចេញបានយ៉ាងទូលំទូលាយ និងបានទាក់ទាញបណ្ដាវីនិយោគិនល្បីធំៗ។ លោកបណ្ឌិតយល់ថា កម្ពុជាអាចយកបទពិសោធន៍ពីវៀតណាមមកអនុវត្ត ដើម្បីបង្កើនសមត្ថភាពប្រកួតប្រជែង និងជំរុញកំណើនសេដ្ឋកិច្ច ដោយកម្ពុជាគួរពន្លឿនការកែទម្រង់ ដោយផ្តោតលើការកាត់បន្ថយថ្លៃដឹកជញ្ជូន និងថ្លៃដើមផលិតកម្ម ការបណ្តុះបណ្តាលកម្លាំងពលកម្មឱ្យមានជំនាញខ្ពស់ និងការពង្រីកការប្រើប្រាស់វត្ថុធាតុដើមក្នុងស្រុក ដើម្បីបង្កើនតម្លៃបន្ថែម។ ជាមួយគ្នានេះ កម្ពុជាគួរពង្រីកប្រព័ន្ធដឹកជញ្ជូនចម្រុះ ជាពិសេសការដឹកជញ្ជូនតាមផ្លូវទឹក ដើម្បីកាត់បន្ថយថ្លៃដើម និងបង្កើនប្រសិទ្ធភាពក្នុងការនាំចេញ និងនាំចូល។
ជាមួយគ្នានេះ លោកបណ្ឌិត ជ័យ តិច អ្នកស្រាវជ្រាវសេដ្ឋកិច្ចសង្គមបានគូសបញ្ជាក់ថា ឧត្តមភាពនៃការប្រកួតប្រជែងរបស់វៀតណាមកើតចេញពីការធ្វើកំណែទម្រង់រដ្ឋបាលសាធារណៈ ប្រព័ន្ធហិរញ្ញវត្ថុ និងប្រព័ន្ធខ្សែច្រវាក់ផលិតកម្មយ៉ាងស្រួចស្រាល់។ វៀតណាមបានប្រែក្លាយខ្លួនជាមជ្ឈមណ្ឌលផលិតកម្មដ៏ធំមួយ ដែលមិនត្រឹមតែប្រមូលវត្ថុធាតុដើមក្នុងស្រុកប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបឺតស្រូបវត្ថុធាតុដើមពីប្រទេសជិតខាងដូចជាកម្ពុជា និងឡាវ ដើម្បីកែច្នៃជាផលិតផលសម្រេចនាំចេញទៅទីផ្សារសកលក្រោមកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីជាច្រើន។ អ្នកជំនាញរូបនេះបានសង្កត់ធ្ងន់ថា ដើម្បីឱ្យកម្ពុជាអាចដើរបានលឿនដូចវៀតណាម កម្ពុជាចាំបាច់ត្រូវកែសម្រួលចំណុចខ្វះខាតមួយចំនួនដូចជាកែសម្រួល និងបង្រួមនីតិវិធីស្ថាប័ន, ការលុបបំបាត់អំពើពុករលួយ, ការបញ្ចុះតម្លៃអគ្គិសនី និងការដឹកជញ្ជូន, ការបង្កើនសមត្ថភាពកែច្នៃកសិ-ឧស្សាហកម្ម, ការបង្កើតបណ្តាញទីផ្សារអន្តរជាតិ ព្រមទាំងការបង្កើតទីផ្សារប្រកួតប្រជែងដោយយុត្តិធម៌ និងស្មើភាព។
យោងតាមការចុះផ្សាយរបស់សារព័ត៌មាន Nikkei Asia សេដ្ឋកិច្ចវៀតណាមបាន និងកំពុងស្ទុះងើបឡើងយ៉ាងខ្លាំងក្លាដោយសម្រេចបានកំណើនរហូតដល់ជិត១០%នៅក្នុងត្រីមាសទី៣ឆ្នាំ២០២៦ ដែលជាអត្រាខ្ពស់បំផុតមួយនៅក្នុងតំបន់អាស៊ី។ ក្រុមអ្នកជំនាញបានគូសបញ្ជាក់ថា សម្រាប់កម្ពុជា ថ្លៃដើមផលិតកម្ម និងថ្លៃដឹកជញ្ជូនខ្ពស់ រួមជាមួយកម្រិតជំនាញកម្លាំងពលកម្ម និងការផ្គត់ផ្គង់វត្ថុធាតុដើមក្នុងស្រុកនៅមានកម្រិត នៅតែជាឧបសគ្គចម្បង ដែលធ្វើឱ្យទំនិញកម្ពុជាមានតម្លៃខ្ពស់ និងពិបាកប្រកួតប្រជែងជាមួយប្រទេសជិតខាង ដែលមានប្រព័ន្ធឡូជីស្ទិក និងខ្សែច្រវាក់ផលិតកម្មរឹងមាំជាង៕
អត្ថបទ៖ ជា ម៉ារ៉ា