នៅក្នុងការស្ទង់មតិថ្មីមួយដោយ InterNations ដែលជាបណ្ដាញដ៏ធំបំផុតនៅលើពិភពលោកសម្រាប់ប្រជាជនដែលរស់នៅនិងធ្វើការនៅក្រៅប្រទេស ក្រុមហ៊ុននេះបានសួរសំណួរទៅកាន់ជនបរទេស ១៤.៣០០នាក់ ដែលតំណាងឲ្យ ១៧៤ជាតិសាសន៍ និងរស់នៅក្នុងប្រទេស ១៩១ប្រទេស ដោយស្នើឲ្យដាក់ពិន្ទុពី ១ ដល់ ៧ ចំពោះទិដ្ឋភាពខុសៗគ្នាចំនួន ៤៣មុខនៃការរស់នៅនៅក្រៅប្រទេស។
ខាងក្រោមនេះ គឺជាប្រទេសចំនួន ១៥ ដែលគេរកឃើញថា មានគុណភាពនៃការរស់នៅល្អបំផុតនៅលើពិភពលោកសម្រាប់ជនបរទេស៖
១) កោះតៃវ៉ាន់
កោះតៃវ៉ាន់បានឡើងដល់កំពូលតារាងនៃចំណាត់ថ្នាក់ ដោយសារការថែទាំវេជ្ជសាស្រ្តល្អ និងធូរថ្លៃ។
២) អូទ្រីស
ប្រទេសនេះជាប់ចំណាត់ថ្នាក់លេខ២ ដោយសារទឹកនិងខ្យល់អាកាសល្អ ដែលធ្វើឲ្យប្រទេសនេះជាប់លេខ១លើសន្ទស្សន៍សុខភាព និងសុខុមាលភាព។ ៧២% នៃអ្នកឆ្លើយសំណួរ ក៏បានឲ្យពិន្ទុល្អទៅលើហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូនរបស់ប្រទេសនេះដែរ។
៣) ជប៉ុន
ប្រទេសនេះឡើងពីចំណាត់ថ្នាក់លេខ៧ មកនៅលេខ៣ នៅឆ្នាំនេះ ដោយសារបានពិន្ទុខ្ពស់លើហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូន។ ជនបរទេសក៏ឲ្យពិន្ទុខ្ពស់ទៅលើភាពស្ងប់ស្ងាត់របស់ប្រទេសដែនកោះមួយនេះ និងគុណភាពនៃការថែទាំព្យាបាលវេជ្ជសាស្ត្ររបស់ប្រទេសនេះដែរ។
៤) អេស្ប៉ាញ
ប្រទេសនេះល្បីល្បាញចំពោះអាកាសធាតុល្អ និងកើនចំណាត់ថ្នាក់ដោយសារជនបរទេសឲ្យពិន្ទុខ្ពស់លើភាពងាយស្រួលតាំងលំនៅ។ ម្យ៉ាងទៀត ភាពរួសរាយរាក់ទាកើ និងអាកប្បកិរិយាល្អរបស់ប្រជាជនអេស្ប៉ាញចំពោះបរទេស ក៏ធ្វើឲ្យប្រទេសនេះក្លាយជាកន្លែងដែលគួរឲ្យចង់រស់នៅផងដែរ។
៥) កូស្តា រីកា
អាកាសធាតុកក់ក្ដៅ និងការប្រសើរឡើងផ្នែកភាសាបានជួយឲ្យប្រទេសនេះឡើងចំណាត់ថ្នាក់។ ជនបរទេសភាគច្រើននិយាយថា ពួកគេកក់ក្ដៅជាមួយនឹងវប្បធម៌ប្រជាជនក្នុងស្រុក។
៦) ម៉ាល់តា
ប្រទេសនេះជាទីពេញនិយមយ៉ាងខ្លាំងចំពោះជនជាតិអង់គ្លេស ដោយសារតែអាកាសធាតុល្អ និងវប្បធម៌ប្រជាជនក្នុងស្រុក ប៉ុន្តែ ប្រទេសនេះធ្លាក់ចំណាត់ថ្នាក់ពីលេខ៣ កាលពីឆ្នាំ២០១៥ នៅលើអនុប្រភេទស្ដីពីតុល្យភាពការងារ-ជីវិត ធ្លាក់មកដល់ទី២០ នៅឆ្នាំ២០១៦។
៧) សាធារណរដ្ឋឆេក
ប្រទេសនេះពេញនិយមខ្លាំងសម្រាប់ជនបរទេសដែលមានកូន ដោយសារតែសេវាអប់រំនិងថែទាំសុខភាពកុមារធូរថ្លៃ ដែលទទួលបានពិន្ទុល្អពីជនបរទេស។
៧៤% ឆ្លើយថា សេវាអប់រំនៅប្រទេសនេះល្អនិងមានតម្លៃទាប។
៨) សិង្ហបុរី
ប្រទេសនេះបានធ្លាក់ចំណាត់ថ្នាក់ពីលេខ១ មកដល់លេខ៨ នៅឆ្នាំនេះ។
ការធ្លាក់ចំណាត់ថ្នាក់នេះ គឺដោយសារតែថ្លៃចាយវាយរស់នៅឡើងខ្ពស់ និងតម្លៃសេវាថែទាំសុខភាពកើនឡើង។
៩) អាល្លឺម៉ង់
ប្រទេសនេះពេញនិយមចំពោះជនបរទេសដោយសារជាកន្លែងមួយដែលងាយស្រួលរកការងារធ្វើ និងកម្រិតជីវភាពរស់នៅទូទៅល្អ។
១០) ស្វ៊ីស
ប្រទេសនេះមានពិន្ទុល្អចំពោះសេវាថែទាំសុខភាព សេវាអប់រំ និងភាពងាយស្រួលរកការងារធ្វើ ប៉ុន្តែ ការកើនឡើងនូវថ្លៃចំណាយរស់នៅ នាំឲ្យប្រទេសនេះមិនអាចឡើងចំណាត់ថ្នាក់ផុតពីលេខ១០។
១១) កូរ៉េខាងត្បូង
ប្រទេសនេះមានពិន្ទុខ្ពស់ចំពោះឱកាសការងារ និងបរិយាកាសល្អសម្រាប់អ្នកដែលមានក្រុមគ្រួសារ។
១២) កាណាដា
ឆ្នាំនេះ កាណាដាឡើងចំណាត់ថ្នាក់ គឺដោយសារបរិស្ថាន ការទទួលស្វាគមន៍រាក់ទាក់ និងសប្ដាហ៍ធ្វើការងារខ្លី។
១៣) ញូវ ហ្ស៊ីលែន
មនុស្សភាគច្រើនចូលចិត្តគិតថា អូស្ត្រាលី និងញូវ ហ្ស៊ីលែន គឺតែមួយ ប៉ុន្តែ តាមពិតទៅ ញូវ ហ្ស៊ីលែន មានពិន្ទុខ្ពស់ជាងអូស្ត្រាលី បើនិយាយពីសេវាថែទាំសុខភាព ដោយសារតែតម្លៃធូរថ្លៃជាង។
១៤) ព័រទុយហ្គាល់
ប្រទេសនេះត្រូវគេចាត់ទុកថាជាគោលដៅសុបិនសម្រាប់ជនបរទេស។ ៩១% និយាយថា ជាទូទៅ ពួកគេពេញចិត្តនឹងជីវិតរស់នៅក្នុងប្រទេសនេះ។
១៥) បារាំង
ប្រទេសនេះធ្វើការងារជាមធ្យម ៤១ម៉ោងក្នុងមួយសប្ដាហ៍ និងមានពិន្ទុខ្ពស់លើផ្នែកសេវាអប់រំមានគុណភាព និងធូរថ្លៃ។
គួរបញ្ជាក់ថា សន្ទស្សន៍គុណភាពនៃជីវិត គឺគេគិតទៅលើកត្តាដូចតទៅ៖ ជម្រើសនៃការកម្សាន្ត, ភាពសប្បាយរីករាយផ្ទាល់ខ្លួន, ការធ្វើដំណើរនិងមធ្យោបាយដឹកជញ្ជូន, សុខភាព និងសុខុមាលភាព ព្រមទាំងសុវត្ថិភាព និងសន្តិសុខ៕