អចលនទ្រព្យ

ក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យធំបំផុតរបស់ចិន Country Garden ដែលកំពុងជួបវិបត្តិបំណុលធ្ងន់ធ្ងរ បានផ្អាកការជួញដូរភាគហ៊ុនរបស់ខ្លួននៅហុងកុង


ក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យធំបំផុតរបស់ប្រទេសចិន Country Garden ដែលកំពុងជាប់ផុងក្នុងវិបត្តិបំណុលធ្ងន់ធ្ងរបានផ្អាកការជួញដូរភាគហ៊ុនរបស់ខ្លួននៅលើផ្សារហ៊ុនហុងកុង បាត់ទៅហើយ បន្ទាប់ពីពន្យារពេលចេញផ្សាយលទ្ធផលហិរញ្ញវត្ថុប្រចាំឆ្នាំរបស់ខ្លួន។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន BBC។
អចលនទ្រព្យ
ដោយ

ក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យយក្សចិនមួយឈ្មោះថា Country Garden បានប្រកាស​ថា ខ្លួនត្រូវការពេលវេលាបន្ថែមទៀត ដើម្បីប្រមូលព័ត៌មានឱ្យបានគ្រប់ជ្រុងជ្រោយ មុននឹងឈានដល់ការចេញផ្សាយលទ្ធផលហិរញ្ញវត្ថុប្រចាំឆ្នាំរបស់ខ្លួន ខណៈដែលខ្លួនកំពុងរៀបចំបំណុលរបស់ខ្លួនឡើងវិញ។ ក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យចិនខ្នាតយក្សមួយនេះ បានខកខានទូទាត់បំណុលក្រៅប្រទេសរបស់ខ្លួនកាលពីឆ្នាំមុន ហើយបានរងបណ្ដឹងពីក្រុមហ៊ុន Ever Credit ដែលនឹងត្រូវឡើងសវនាការនៅថ្ងៃទី១៧ ខែឧសភា ខាងមុខនេះ។

កាលពីខែមករា ដើមឆ្នាំ២០២៤ ក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យខ្នាតយក្សរបស់ចិនមួយទៀតឈ្មោះ Evergrande ដែលជាគូប្រជែងធំរបស់ក្រុមហ៊ុន Country Garden និងដែលកំពុងជាប់ផុងក្នុងបំណុលវណ្ឌកររហូតដល់ទៅជាង៣០០ពាន់លានដុល្លារអាម៉េរិក ត្រូវបានតុលាការហុងកុង ចេញសាលដីកាបង្គាប់ឱ្យរំលាយចោល។

ទន្ទឹមនឹងការប្រកាសថា ការបញ្ចេញរបាយការណ៍លទ្ធផលហិរញ្ញវត្ថុប្រចាំឆ្នាំរបស់ខ្លួននឹងត្រូវបានពន្យារពេល ក្រុមហ៊ុន Country Garden និយាយថា បរិយាកាសប្រតិបត្តិការដែលខ្លួនកំពុងប្រឈមមុខកាន់តែមានភាពស្មុគស្មាញ ហើយនោះក៏ដោយសារតែការប្រែប្រួលឥតឈប់ឈរនៃឧស្សាហកម្មអចលនទ្រព្យ។

ឧស្សាហកម្មអចលនទ្រព្យរបស់ប្រទេសចិន បាននិងកំពុងប្រឈមមុខនឹងវិបត្តិហិរញ្ញវត្ថុយ៉ាងធ្ងន់ធ្ងរចាប់តាំងពីឆ្នាំ២០២១ មកម៉្លេះ ជាពេលដែលរដ្ឋាភិបាលចិន បានដាក់ចេញនូវវិធានការនានា ដើម្បីទប់ស្កាត់កុំឱ្យបណ្ដាក្រុមហ៊ុនអភិវឌ្ឍន៍ធំៗខ្ចីលុយពីធនាគារច្រើនពេក។

ជាលទ្ធផលនៃវិធានការក្ដៅទាំងនេះ ក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យចិនធំៗជាច្រើនរួមទាំងក្រុមហ៊ុន Evergrande និងក្រុមហ៊ុន Country Garden ផង បានចាប់ផ្ដើមជួបវិបត្តិហិរញ្ញវត្ថុរហូតឈានដល់ការខកខានទូទាត់បំណុលរបស់ខ្លួនជាបន្តបន្ទាប់ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ។

បញ្ហាស្មុគស្មាញចាក់ស្រេះនានានៅក្នុងទីផ្សារអចលនទ្រព្យរបស់ប្រទេសចិន កំពុងជះផលប៉ះពាល់យ៉ាងខ្លាំង ខណៈដែលវិស័យនេះគ្របដណ្ដប់រហូតដល់ទៅប្រមាណ ១ភាគ៣នៃសេដ្ឋកិច្ចចិនទាំងមូលតែម្តង។ដើម្បីបន្ធូរបន្ថយស្ថានការណ៍ដ៏លំបាកនេះ ទីក្រុងប៉េកាំង បានប្រកាសវិធានការជាច្រើន ដើម្បីជំរុញតម្រូវការលំនៅឋាន ប៉ុន្តែហាក់បីដូចជាមិនសូវបានផលផ្លែផ្កាជាដុំកំភួនអ្វីឡើយគិតមកទល់ពេលនេះ៕

ដោយ: តែម សុខុម

None



អត្ថបទបន្ទាប់


ផ្សារហ៊ុនចិនដីគោក និង ផ្សារហ៊ុនហុងកុង ខាតបង់ធ្ងន់ធ្ងររហូតដល់ទៅជិត៥ ទ្រីលានដុល្លារអាម៉េរិកនៅ៣ឆ្នាំកន្លងមកនេះ

យោងតាមរបាយការណ៍របស់ HSBC ជាស្ថាប័នធនាគារ និងហិរញ្ញវត្ថុធំបំផុតមួយនៅក្នុងពិភពលោកដែលមានការិយាល័យកណ្ដាលនៅទីក្រុងឡុងដ៍ ប្រទេសអង់គ្លេស បា…

វៀតណាមស្រូបទាញភ្ញៀវទេសចរបរទេសបានជាង ៤លាននាក់នៅ៣ខែឆ្នាំនេះ ខណៈកម្ពុជាទៅកម្សាន្តនៅវៀតណាម មានកំណើនខ្ពស់ជាងគេ

វៀតណាម ដែលជាប្រទេសភូមិផងរបងជាមួយកម្ពុជា ស្រូបទាញភ្ញៀវទេសចរបរទេសបានជាង៤លាន៦សែននាក់នៅត្រីមាសទី១ឆ្នាំនេះ កើនឡើងជាង៣% បើធៀបនឹងរយៈពេលដូ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ