តាមការវិភាគ និងស្រាវជ្រាវរបស់ អ្នកជំនាញ និងសេដ្ឋកិច្ចវិទូជាច្រើនរូប បានចាត់ទុកប្រទេសថៃ ជា ជនរងគ្រោះធ្ងន់ជាងគេ ក្នុងចំណោមសេដ្ឋកិច្ចក្នុងតំបន់អាស៊ី ដោយផ្អែកទៅលើ ទំនាក់ទំនងពាណិជ្ជកម្ម ទេសចរណ៍ និងខ្សែច្រវ៉ាក់ផលិតកម្ម ដោយសារតែ ចិនមានទំនាក់ទំនងស្អិតល្មួត ជាមួយសេដ្ឋកិច្ចក្នុងតំបន់អាស៊ី ជាយូរណាស់មកហើយ។
សេដ្ឋកិច្ចវិទូជាន់ខ្ពស់មកពី ក្រុមអ្នកស្រាវជ្រាវមីក្រូសេដ្ឋកិច្ចឯករាជ្យ Capital Economics បានគូសបញ្ជាក់ថា ការធ្លាក់ចុះនូវលំហូរភ្ញៀវទេសចរជនជាតិចិន ជាផលប៉ះពាល់ដំបូងបំផុត ដែលគេអាចមើលឃើញភ្លាមៗ ហើយការបិទរោងចក្រ សហគ្រាសនៅក្នុងប្រទេសចិន ក៏បានប៉ះពាល់ដល់ ខ្សែច្រវ៉ាក់ផ្គត់ផ្គង់ក្នុងតំបន់ដែរ។
បើតាមរបាយការណ៍ពី រាជរដ្ឋាភិបាលថៃ បានបញ្ជាក់ថា កាលពីឆ្នាំ ២០១៩ ភ្ញៀវទេសចរចិន បានចំណាយប្រាក់ជាង ១៨ពាន់លានដុល្លារអាមេរិក លើការកម្សាន្តនៅក្នុងប្រទេសថៃ ហើយវិធានការហាមឃាត់ភ្ញៀវទេសចរចិន មិនឲ្យធ្វើដំណើរទៅក្រៅប្រទេស ពិតណាស់ នឹងប៉ះពាល់ដល់សេដ្ឋកិច្ចថៃ បើសិនជា បញ្ហាជំងឺរលាកផ្លូវដង្ហើមនេះអូសបន្លាយកាន់តែយូរ ផលអវិជ្ជមានដែលប៉ះពាល់ដល់ វិស័យទេសចរណ៍ថៃ នឹងរីកកាន់តែធំ។
សាកលវិទ្យាល័យសភាពាណិជ្ជកម្មថៃ បានបង្ហាញពីការព្យាកររបស់ខ្លួនថា ថៃ នឹងខាតបង់ប្រមាណ ៧ពាន់លានដុល្លារអាមេរិក ក្នុងឆ្នាំ ២០២០នេះ ដោយសារតែឥទ្ធិពលនៃមេរោគកូរ៉ូណា ដែលបណ្តាលឲ្យប៉ះពាល់ដល់ វិស័យទេសចរណ៍ ការនាំចេញទំនិញ និងតម្រូវការប្រើប្រាស់ទំនិញថៃ។
បើសិនជា បញ្ហានេះ ត្រូវបានបញ្ចប់ក្នុងត្រីមាសទី ១នេះ ការនាំចេញទំនិញរបស់ថៃ ទៅកាន់ប្រទេសចិន អាចនឹងខាតបង់ប្រមាណ ៣០០លានដុល្លារអាមេរិក តែបើសិនជា បញ្ហាមេរោគកូរ៉ូណា អូសបន្លាយលើសពី ៣ខែនោះ ថៃ នឹងខាតបង់ប្រមាណ ៦០០លានដុល្លារអាមេរិក ក្នុងការនាំចេញទំនិញទៅកាន់ចិន។
សាកលវិទ្យាល័យសភាពាណិជ្ជកម្មថៃ បន្ថែមថា បើសិនជាបញ្ហាមេរោគកូរ៉ូណា ត្រូវបានបញ្ចប់ក្នុងខែមីនា ឆ្នាំ ២០២០ ចំនួនភ្ញៀវទេសចរបរទេស ចូលមកកម្សាន្តនៅប្រទេសថៃ នឹងថយចុះប្រមាណ ២,៤លាននាក់ ក្នុងនោះ ជនជាតិចិន មានជាង ១,៨ លាននាក់ ហើយថៃ នឹងខាតបង់ចំណូលប្រមាណ ៣,៧ ពាន់លានដុល្លារអាមេរិក។
ប្រធានសមាគមសណ្ឋាគារថៃ បានបញ្ជាក់ដែរថា សណ្ឋាគារមួយចំនួន នៅទីក្រុងបាងកក និងប៉ាតាយ៉ា អាចនឹងចាប់ផ្តើមកាត់បន្ថយបុគ្គលិក នៅខែមីនា ខាងមុខនេះ ដោយសារតែ ចំនួនភ្ញៀវទេសចរចិននឹងកាន់តែថមថយចុះ ខណៈបច្ចុប្បន្ននៅសល់ភ្ញៀវទេសចរចិនមួយចំនួន ដែលមិនទាន់ត្រលប់ទៅវិញ។
លើសពីនេះទៅទៀត អាជីវកម្មលក់គ្រឿងបង្គុំ និងគ្រឿងបន្លាស់រថយន្តនៅក្នុងប្រទេសថៃ ក៏រងគ្រោះដោយសារតែ ការបិទរោងចក្រផលិតនៅក្នុងទីក្រុងវូហាន ប្រទេសចិន ដែលបានជះឥទ្ធិពលកាន់តែអាក្រក់ ដល់វិស័យឧស្សាហកម្មផលិតរថយន្តថៃ ដែលកំពុងតែលក់មិនសូវដាច់ផង និងចំណូលធ្លាក់ចុះផង។
រោងចក្រ សហគ្រាសមួយចំនួនធំ នៅក្នុងប្រទេសចិន ចាប់ផ្តើមបើកដំណើរការឡើងវិញហើយ ក៏ប៉ុន្តែអ្នកផ្គត់ផ្គង់ និងផលិតគ្រឿងបង្គុំរថយន្តធំៗដូចជា ក្រុមហ៊ុន HONDA និង TOYOTA នៅតែបន្តផ្អាកដំណើរការរបស់ពួកគេ នឹងរង់ចាំសម្រេចចិត្តនៅពេលក្រោយ ដោយសារតែ ការភ័យខ្លាចនៃមេរោគកូរ៉ូណា។
ទោះបីជាយ៉ាងណាក៏ដោយ ឧបនាយករដ្ឋមន្ត្រីថៃ ក្នុងនាមរាជរដ្ឋាភិបាលថៃ បានស្នើឲ្យសាធារណជនទាំងអស់ កុំមានការភ័យស្លន់ស្លោ នឹងការផ្ទុះឡើងនៃវីរុសកូរ៉ូណា ឬបញ្ហាសេដ្ឋកិច្ចប្រទេសខ្លាំងពេក ដ្បិត រាជរដ្ឋាភិបាលថៃ ធានាថា ប្រទេសថៃ នឹងអាចគ្រប់គ្រងស្ថានភាពដ៏លំបាកនេះបាន។
សូមជម្រាបដែរថា បើសិនជា វីរុសកូរ៉ូណា កាន់តែរីករាលដាលខ្លាំងក្នុងតំបន់អាស៊ី ពិតណាស់ ផលប៉ះពាល់អាក្រក់ នឹងរីកកាន់តែធំឡើងៗ ព្រោះដោយសារតែការភ័យខ្លាច ភ្ញៀវទេសចរលែងហ៊ានដើរកម្សាន្ត ប្រជាជនក្នុងស្រុកលែងហ៊ានទៅ ហាងទំនិញ ឬភោជនីយដ្ឋាន កម្មករនិយោជិត លែងហ៊ានទៅធ្វើការ ដែលធ្វើឲ្យប៉ះពាល់ដល់ ចរន្តសេដ្ឋកិច្ចតំបន់ និងពិភពលោកតែម្តង៕