សរុបមកទល់ថ្ងៃទី ០៧ ខែមេសានេះ ចំនួនអ្នកដែលត្រូវបានជាសះស្បើយពី Covid-19 នៅកម្ពុជា បានកើនឡើងសរុបដល់ ៥៨ នាក់នាក់ ស្មើនឹង ៥០,៤៣% ធៀបនឹងចំនួនអ្នកឆ្លងសរុប ខណៈដែលចំនួនអ្នកឆ្លងសរុបវិញ បានកើនឡើងដល់ ១១៥ ករណី។
ចំពោះ១ករណីថ្មី ដែលរកឃើញនៅថ្ងៃទី០៧ មេសានេះ គឺកើតឡើងលើស្ត្រីទេសចរជនជាតិវៀតណាម អាយុ ២៧ឆ្នាំ មកពីប្រទេសវៀតណាម ត្រូវបានរកឃើញថា មានវិជ្ជមាន Covid-19 ហើយនាងត្រូវបានបញ្ជូនទៅឲ្យសម្រាកនៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត។ ស្ត្រីរូបនេះ បានចេញពីបាវិត ទៅវៀតណាម នៅថ្ងៃទី០២ ខែមីនា ឆ្នាំ២០២០ ហើយត្រឡប់មកកម្ពុជាវិញនៅថ្ងៃទី ១០ ខែមីនា ឆ្នាំ២០២០។
យ៉ាងណាក៏ដោយចុះ ក្រសួងសុខាភិបាល មិនបានបញ្ជាក់ពីចំនួន អ្នកដែលបានមកធ្វើតេស្ដថ្មីៗ នាប៉ុន្មានថ្ងៃចុងក្រោយនេះនោះទេ។ ខេមបូណូមីស បានទាក់ទង ទៅកាន់លោកជំទាវ ឱ វណ្ណឌីន ដើម្បីស្នើសុំតួលេខនេះដែរ ប៉ុន្ដែ លោកជំទាវ ឆ្លើយតបថា ខាងក្រសួងមិនទាន់មានតួលេខនេះនៅឡើយទេ។
ម្យ៉ាងទៀត មកទល់ពេលនេះ នៅមិនទាន់ឃើញការប្រកាសថា មានពលករដែលបានធ្វើដំណើរពីប្រទេសថៃ មកកាន់កម្ពុជាកាលពីពេលថ្មីៗនេះ មានឆ្លង Covid-19 នោះដែរ ខណៈដែលពលរដ្ឋខ្មែរ វិលត្រឡប់មកពីប្រទេសថៃនោះ ត្រូវបានរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ សម្ដេច ស ខេង អះអាងថា មានប្រមាណ ៥នាក់៕