
លោក ស៊ិន ចន្ធី ប្រធានសមាគមភ្នាក់ងារបញ្ជូនទំនិញកម្ពុជាបានបញ្ជាក់អះអាងថា វិស័យដឹកជញ្ជូននៅកម្ពុជានៅបន្តរងឥទ្ធិពលជាខ្លាំងពីការរីករាលដាលនៃជំងឺកូវីដ-១៩ ដោយទំនិញប្រមាណ ១០ភាគរយ ដែលដឹកតាមផ្លូវអាកាសពេលនេះស្ទើរតែមិនមានទៀតនោះឡើយ ហើយចំពោះការដឹកជញ្ជូនតាមផ្លូវគោក និងផ្លូវទឹកវិញក៏នៅមានសកម្មភាពដឹកជញ្ជូនតិចតួចប៉ុណ្ណោះ ដោយនៅតាមក្រុមហ៊ុន នីមួយៗបានប្រឈមនឹងការបាត់បង់ការដឹកជញ្ជូនទំនិញរហូតដល់ ៣០ ទៅ៤០ភាគរយ និងខ្លះទៀត គឺឈានរហូតពី៦០ ទៅ៧០ភាគរយ។
លោក ចន្ធី បន្តថា លំហូរចូលទំនិញតាមច្រកព្រំដែន គឺមានសកម្មភាពដឹកជញ្ជូនតិចតូចពោលគឺ មិនច្រើនដូចពេលមុននោះឡើយ ដោយសារតែមិនមានការបញ្ជាទិញពីខាងក្រៅ និង ខាងក្នុងប្រទេសខ្លួនឯងវិញ ក៏មិនមានការបញ្ជាទិញច្រើនដូចគ្នាដែរ។
លោកប្រធានសមាគមភ្នាក់ងារបញ្ជូនទំនិញកម្ពុជាអះអាងទៀតថា «ជាទូទៅលំហូរទំនិញក្នុងអំឡុងពេលនេះ បានបាត់បង់មិនតិចជាង ៦០ ទៅ៧០ភាគរយនោះទេ។ ជាក់ស្តែងក្រុមហ៊ុនដឹកជញ្ជូនមួយៗ រកចំណូលបានត្រឹម ២០ទៅ៣០ភាគរយប៉ុណ្ណោះ ដូច្នេះគឺ មិនអាចទប់ទល់ឈ្នះទៅនឹងការចំណាយប្រចាំថ្ងៃបាននោះឡើយ។»
ប៉ុន្តែយ៉ាងណាក៏ដោយ បើតាមប្រធានសមាគមភ្នាក់ងារបញ្ជូនទំនិញកម្ពុជា មកដល់ខែមេសានេះ នៅមិនទាន់មានក្រុមហ៊ុនដឹកជញ្ជូនណាមួយប្រកាសព្យូការងារ ឬក៏បិទក្រុមហ៊ុននោះឡើយ ។ ប៉ុន្តែបើជំងឺកូវីដ-១៩ នេះ នៅតែបន្តអូសបន្លាយកាន់តែខ្លាំងដល់ខែមិថុនាខាងមុខនោះ ពិតណាស់នឹងអាចមានករណីបិទក្រុមហ៊ុនដឹកជញ្ជូនកើតមានមិនខានឡើយ ខណៈចំណូលរបស់ពួកគេដែលរកបានមិនអាចទប់នឹងការចំណាយរួច។

លោកចន្ធីបន្ថែមទៀតថា បើទោះបីជាទីផ្សារអាស៊ានក្នុងពេលឆាប់ៗខាងមុខសង្ឃឹមថា នឹងមានការបើកឲ្យដំណើរការដឹកជញ្ជូនឡើងវិញខ្លះក៏ដោយ ក៏ការបញ្ជាទិញនៅតែមិនមានសកម្មភាពដឹកជញ្ជូនមមាញឹកដូចមុននោះទេសម្រាប់ពេលភ្លាមៗនេះ៕